ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ជំនួបជាមួយទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តមអភិបាលរា...

ជំនួបជាមួយទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តមអភិបាលរាជធានីភ្នំពេញ រំលេចពីភាពរឹងមាំ នៃទំនាក់ទំនងការទូត កម្ពុជា ជប៉ុន

ថ្ងៃចេញផ្សាយ: Tuesday, February 14, 2023, 2:33 PM

img1422318 img1422317

 

 

 

 

 

            ប្រទេសជប៉ុនមានទំនាក់ទំនងការទូតជាមួយនឹងប្រទេសកម្ពុជាបានយ៉ាងរឹងមាំ ខណៈដែលជប៉ុនជាប្រទេសមួយដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការនាំសន្តិភាពមកឱ្យកម្ពុជា ជាមួយនឹងការផ្ដល់ជំនួយឥតសំណង និងការផ្ដល់ជំនួយបច្ចេកទេសយ៉ាងច្រើនសន្ធឹកសន្ធាប់ថែមទៀត។

            នេះបើតាមការបញ្ជាក់របស់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងជំនួបសម្ដែងការគួរសមជាមួយនឹង ឯកឧត្ដម អូអុិណូ អាត់ស៊ូហ្សុី ឯកអគ្គរាជទូតវិសាមញ្ញា និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។

            ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ក្នុងនាមប្រជាពលរដ្ឋកម្ពុជា ឯកឧត្តមពិតជា​អរគុណចំពោះប្រទេសជប៉ុន ដែលបានផ្ដល់ជំនួយឥតសំណងជូនកម្ពុជា ជាមួយនឹងការផ្ដល់ជំនួយបច្ចេកទេសថែមទៀត។ ឯកឧត្ដម ឃួង ស្រេង បន្តថា តាមរយៈការមិនឱ្យកម្ពុជាសងបំណុលដែលជំពាក់ដោយសង្គ្រាម ជាមួយនឹងការរួមចំណែកស្វែងរកសន្តិភាពឱ្យប្រទេសកម្ពុជា របស់ប្រទេសជប៉ុន វាពិតបានធ្វើឱ្យទំនាក់ទំនងការទូតនៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន កាន់តែមានភាពរឹងមាំ និងស្អិតរមួតទ្វេឡើង។

            ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា ក្រោមជំនួយរបស់ប្រទេសជប៉ុន តាមរយៈចៃកា ធ្វើឱ្យរាជធានីភ្នំពេញ អាចកាត់បន្ថយបាននូវការលិចលង់មួយចំណែក។ ប្រជាពលរដ្ឋកម្ពុជាពិតជាពេញចិត្តពេញថ្លើមចំពោះការអភិវឌ្ឍន៍រាជធានីភ្នំពេញរបស់យើង។  

     បន្ថែមពីនេះទៀត ឯកឧត្ដម ឃួង ស្រេង ក៏បានលើកឡើងពីប្រវត្តិសាស្រ្តរបស់កម្ពុជាពិសេសក្នុងដំណាក់កាលដែលកម្ពុជាបានធ្លាក់ក្នុងរបបប៉ុលពត ដែលធ្វើឱ្យសេដ្ឋកិច្ចប្រទេសកម្ពុជាធ្លាក់ចុះដល់ចំណុចសូន្យ។ ប៉ុន្តែក្រោយពី រំដោះប្រទេសជាតិចេញពីរបបនេះ ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសដ៏កំសត់មួយនេះ មានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ និងបន្តរីកចំរើនមកដល់សព្វថ្ងៃនេះ និងបានធ្វើឱ្យប្រទេសកម្ពុជាមានមុខមានមាត់នៅលើឆាកអន្តរជាតិថែមទៀតផង។

            ឯកឧត្ដម អូអុិណូ អាត់ស៊ូហ្សុី ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងផងដែរថា ប្រទេសជប៉ុននិងកម្ពុជា បានមានទំនាក់ទំនងការទូតជាមួយគ្នាប្រមាណ ៧០ឆ្នាំហើយ។ ក្រៅពីទំនាក់ទំនងការទូតល្អជាមួយគ្នា ប្រទេសជប៉ុនក៏ជាប្រទេសមួយដែលបានរួមចំណែកនាំមកនូវសន្តិភាពជូនកម្ពុជាផងដែរ ។

ឯកឧត្តមពិតជារីករាយចំពោះការអភិវឌ្ឍរីកចំរើនយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ បើទោះបីប្រទេសកម្ពុជាធ្លាប់បានធ្លាក់ក្នុងរបបខ្មែរក្រហមដល់ចំណុចសូន្យយ៉ាងណាក្តី ។

            ឯកឧត្ដម អូអុិណូ អាត់ស៊ូហ្សុី បានបន្តទៀតថា ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ មិនថានៅកម្ពុជា ឬនៅប្រទេសជប៉ុននោះទេ សេដ្ឋកិច្ចប្រទេសសុទ្ធតែបានធ្លាក់ចុះ។ តែពេលនេះនៅប្រទេសកម្ពុជា ក្រោយពីបើកសេដ្ឋកិច្ចឱ្យដំណើរការជាប្រក្រតីឡើងវិញ សេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញ ក្នុងនោះការវិនិយោគរបស់ជប៉ុននៅកម្ពុជាក៏មានការងើបឡើងវិញជាមួយគ្នានេះផងដែរ។

ឯកឧត្ដមបន្តទៀតថា ប្រទេសជប៉ុនបានជួយរាជធានីភ្នំពេញលើការដោះស្រាយបញ្ហាទឹកជំនន់ ដែលគម្រោងនេះទទួលបានជោគជ័យ។ ដោយឡែកសម្រាប់បញ្ហាចរាចរណ៍ ជប៉ុនសន្យាថានឹងរួមចំណែកដោះស្រាយជាមួយនឹងរាជធានីភ្នំពេញ ធ្វើយ៉ាងណាឱ្យបញ្ហាចរាចរណ៍អាចដោះស្រាយបាន។ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ចង់បន្តកិច្ចសហការជាមួយរាជធានីភ្នំពេញឱ្យកាន់តែល្អប្រសើរថែមទៀត៕

img1422316 img142232 img142236 img142233 img142235 img142234 img142239 img1422310 img1422315 img1422314 img142237 img142238 img1422313 img1422312 img1422311 img142231