ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  អភិបាលរាជធានីភ្នំពេញ បានចូលរួមចំណែកដឹកនាំកែលំអរ...

អភិបាលរាជធានីភ្នំពេញ បានចូលរួមចំណែកដឹកនាំកែលំអរ សោភណ្ឌភាពនិងអភិវឌ្ឍន៍ទីក្រុងភ្នំពេញ ឱ្យមានភាពស្រស់បំព្រងល្អស្អាត ស្របតាមគោលនយោបាយយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល

ថ្ងៃចេញផ្សាយ: Wednesday, February 14, 2024, 3:27 PM

img14022421 img14022420

 

 

 

 

 

      ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានយាងជា​ធិបតីភាព​ដ៏ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះ​រាជពិធី​ សួរសុខទុក្ខ​ ប្រោស​ព្រះរាជទាន​ ព្រះរាជ​អំណោយ​ដល់​ក្រុម​កម្មករ​ កម្មការិនី​ ប្រមូល​សំរាម​ និង​សម្អាត​ទីក្រុង​ ចំនួនជាង២០០០នាក់ អបអរ​សារទរ​ទិវាជាតិទីក្រុង​ស្អាត​ ។

ព្រះ​រាជពិធី​ បានប្រារព្វធ្វើឡើងនៅលើ កោះនរា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានកម្មករ​ កម្មការិនី​ ប្រមូល​សំរាម​ និង​សម្អាត​ទីក្រុង​ មកពីក្រុមហ៊ុន​៣​ចូលរួមរួមមាន ក្រុមហ៊ុន Cintri (Cambodia) / (Everbright China) ក្រុមហ៊ុន 800 SUPER/GAEA និង​ក្រុមហ៊ុន Mizuda Group Co.,Ltd ។​

ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុងឱកាសនោះ បានមានព្រះរាជបន្ទូលកោតសរសើរចំពោះអភិបាលរាជធានីភ្នំពេញ ដែលបានដឹកនាំរាជធានីភ្នំពេញអោយក្លាយជាទីក្រុងស្អាត មានសោភណ្ឌភាពទាក់ទាញ និងលើកកំពស់ជីវីភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ក្រោមការដឹកនាំកិត្តិបណ្ឌិតដ៏ឆ្នើម និងប៉ិនប្រសព្វរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការប្រតិបត្តិតាមមាគ៌ារដ៏ល្អប្រពៃ និងមរតកនយោបាយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលបានដឹកនាំសង្គមជាតិយើងទាំងនៅទីក្រុង ក៏ដូចជានៅជនបទទទួលបាននូវសេចក្តីសុខ សន្តិភាពនិងការអភិវឌ្ឍរីកចំរើន លូតលាស់លើគ្រប់វិស័យ។

ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា អភិបាលរាជធានីភ្នំពេញ បានចូលរួមចំណែកដឹកនាំកែលំអរសោភណ្ឌភាព និងអភិវឌ្ឍន៍ទីក្រុងភ្នំពេញឱ្យមានភាពស្រស់បំព្រងល្អស្អាត ស្របតាមគោលនយោបាយយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល។ សូមកោតសរសើរ និងអរគុណបងប្អូនកម្មករ កម្មការរិនីទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តចូលរួមថែរក្សាបរិស្ថាននិងសំអាតទីក្រុងភ្នំពេញអោយមានអនាម័យល្អស្អាត និងមានសោភណ្ឌភាពល្អ។

ព្រះករុណាព្រះមហាក្សត្រ បានអំពាវនាវគ្រប់ក្រសួងស្ថាប័នរាជធានី ខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន ព្រះសង្ឃគ្រប់ព្រះអង្គ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត យុវជន យុវនារី មន្ត្រីរាជការ ជនរួមជាតិទាំងអស់ សូមចូលរួមអោយបានផុលផុសប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការថែរក្សាបរិស្ថានអោយបានល្អស្អាតនិងបៃតង ទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ដើម្បីអោយព្រះរាជាណាចក្រកម្ពុជាក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព និងភាពទាក់ទាញខ្ពស់ សម្រាប់ទេសចរណ៍ជាតិ និងអន្តរជាតិ ពិសេសការបំពេញទស្សនៈកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ជាផ្លូវរដ្ឋ ផ្លូវការ ជាមិត្តភាពជាមួយប្រទេសកម្ពុជាយើង។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញ បច្ចុប្បន្ននេះ មានភាពល្អប្រសើរលើការងារគ្រប់គ្រង និងការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធរូបវន្ត ព្រមទាំងការថែរក្សាអនាម័យ-បរិស្ថានទីក្រុងស្អាត ពោលគឺ ក្រោយពេលដែលរាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់លើការងារគ្រប់គ្រងសំរាម-សំណល់រឹង នៅរាជធានីភ្នំពេញជ្រើសរើសបានក្រុមហ៊ុនចំនួន ៣ ដើម្បីផ្តល់សេវាប្រមូល និងដឹកជញ្ចូនសំរាមក្នុងរាជធានីភ្នំពេញ។ ប្រតិបត្តិករថ្មីទាំង ៣ បានចាប់ដំណើរការផ្តល់សេវា ចាប់តាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១មក ដោយទទួលបានការសាទរ និងវាយតម្លៃខ្ពស់ពីគ្រប់មជ្ឈដ្ឋាន ថាការផ្តល់សេវាមានគុណភាពល្អប្រសើរជាងមុន។ តាមបទពិសោធន៍នាពេលកន្លងមក នៅពេលដែលរាជធានីភ្នំពេញ មានប្រតិបត្តិករប្រមូល និងដឹកជញ្ជូនសំរាម-សំណល់រឹង តែមួយ បរិមាណសំរាមដែលត្រូវបានប្រមូល និងដឹកជញ្ជូនទៅទីលានចាក់សំរាមដង្កោ គិតជាមធ្យមត្រឹមតែចំនួន ២.៧០០ តោន/ថ្ងៃ ប៉ុន្តែ ក្រោយពេលកំណែទម្រង់ ប្រតិបត្តិករទាំង ៣ មានលទ្ធភាពប្រមូល និងដឹកជញ្ជូនសំរាម-សំណល់រឹង គិតជាមធ្យមប្រមាណ ៣.៧០០ តោន/ថ្ងៃ ជាហេតុធ្វើឱ្យរាជធានីភ្នំពេញមានបរិស្ថានស្អាត និងគ្មានសំរាមកកស្ទះដូចមុនទេ។ លើសពីនេះ ក្នុងឆ្នាំ២០២២-២០២៣ កន្លងទៅ ប្រតិបត្តិករទាំង ៣ បានរួមចំណែកយ៉ាងសំខាន់នៅក្នុងកម្មវិធីធំៗ សំខាន់របស់រាជរដ្ឋាភិបាល ដូចជាកិច្ចប្រជុំកំពូលអាស៊ាន, កិច្ចប្រជុំអាយប៉ា (AIPA), កិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានី អាស៊ាន, ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងការប្រកួតកីឡាប៉ារ៉ាហ្គេម លើកទី១២ ដោយទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។

តាមរយៈព្រះរាជសកម្មភាព និងព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតរបស់ព្រះករុណាជាអម្ចាស់ជីវិត លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសនេះពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ពីព្រះទ័យទុកដាក់ខ្ពស់បំផុត អស់ពីកម្លាំងព្រះកាយពល និងព្រះបញ្ញាញាណរបស់ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតចំពោះជាតិមាតុភូមិ រួមចំណែកយ៉ាងធំធេងជាមួយប្រមុខរាជរដ្ឋាភិបាល ដើម្បីដោះស្រាយ និងសម្រាលការលំបាករបស់បុគ្គលិក និងបងប្អូនកម្មករ-កម្មការិនី ក៏ដូចជាប្រជារាស្ត្ររបស់ព្រះអង្គ ស័ក្តិសមបំផុតទៅនឹងព្រះបរមនាមជាអង្គក្សត្រប្រកបដោយទសពិធរាជធម៌។

គួរបញ្ជាក់ថា៖ ព្រះរាជទានព្រះរាជ​អំណោយដែល​ត្រូវផ្តល់ជូនដល់កម្មករដែលបំរើការងារនៅក្នុងក្រុមហ៊ុន ប្រមូលដឹកជញ្ជូនសំរាមទាំងបីនេះ ក្នុងនោះរួមមានក្រុមហ៊ុន Cintri (Cambodia) / (Everbright China) ចំនួន៦០៤នាក់ ក្រុមហ៊ុន 800 SUPER/GAEA ចំនួន៧៣៧នាក់ និង​ក្រុមហ៊ុន Mizuda Group Co.,Ltd ចំនួន៧១៤នាក់ សរុប ២០៥៥នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ៥០គីឡូក្រាម ឃីត១កញ្ចប់ដែលមានទាំងភួយ មុង កន្ទេល ត្រីខ មី អាវរងារជាដើម ជាមួយនិងព្រះរាជទ្រព្យមួយចំនួនទៀត៕

img1402246 img14022414 img14022416 img14022413 img1402241 img1402242 img1402249 img1402243 img1402248 img1402247 img14022410 img14022412 img14022411 img14022417 img14022418 img14022419 img14022425 img14022426 img14022427 img14022434 img14022428 img14022429 img14022430 img14022431 img14022432 img14022433 img14022435 img14022436 img14022437 img14022438 img14022439 img14022442 img14022441 img14022440 img14022444 img14022443 img14022446 img14022445 img14022447 img14022448 img14022422 img14022423 img14022449 img14022450