ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដឹកនាំក...

ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដឹកនាំកំលាំងធ្វើការបាញ់ថ្នាំសម្លាប់មេរោគនៅតាមសាលារៀននានា ក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមបើកសាលាឱ្យសិស្សានុសិស្សបានចូលរៀននៅថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០២១នេះ

ថ្ងៃចេញផ្សាយ: Monday, September 13, 2021, 12:13 PM

img1392111 img1392110

 

 

 

 

 

            ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នេះបានដឹកនាំអាជ្ញាធរខណ្ឌទាំង១៤ មន្ត្រីពាក់ព័ន្ធ ធ្វើការបាញ់ថ្នាំសម្លាប់មេរោគនៅតាមទីធ្លាសាលា និងអគារអនុវិទ្យាល័យ និងវិទ្យាល័យនានា ទាំង១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈបើកសាលាឱ្យសិស្សានុសិស្សបានចូលរៀនឡើងវិញ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ។

             ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំការបើកយុទ្ធនានៃការបាញ់ថ្នាំសម្លាប់មេរោគនេះបានធ្វើឡើងនៅវិទ្យាល័យជាស៊ីមសន្ធរម៉ុក ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាល នៃគណៈអភិបាលខណ្ឌទាំង១៤ មន្ត្រីនៃមន្ទីរពាក់ព័ន្ធ និង ឯកឧត្តម ឧត្ដមសេនីយ៌មេបញ្ជាការកងពលតូចលេខ៧០ រួមជាមួយកងកំលាំងជាង៥០នាក់ផងដែរ។

            ក្នុងពិធីនោះ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការបើកសាលារៀនឡើងវិញនេះ ធ្វើឡើងទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយអនុសាសន៍នេះ ត្រូវបានបងប្អូនប្រជាពលរដ្ឋ ឪពុក ម្ដាយ អាណាព្យាបាលសិស្ស ចូលរួមនិងគាំទ្រយ៉ាងពេញទំហឹង ដោយសារកូនគាត់បានសិក្សារៀនសូត្រនៅតាមសាលាឡើងវិញ ក្រោយពីខកខាននៃការរៀនសូត្រប្រមាណ៧ខែមកនេះ ដោយការរាតត្បាតនៃជំងឺកូវីដ-១៩ ។

            ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ គឺជាថ្ងៃកំណត់ដែលសាលាត្រូវបើកឱ្យដំណើរការរៀនសូត្រឡើងវិញ ចាប់ពីអនុវិទ្យាល័យដល់វិទ្យាល័យ ប៉ុន្តែត្រូវតែអនុវត្តឱ្យខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ក្នុងបរិបទនៃជំងឺកូវីដ-១៩ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ របស់ក្រសួងអប់រំ យុវជន និងកីឡា ។

            ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍បញ្ជាក់ទៀតថា មិនថាសាលា តូច ធំ រដ្ឋ ឬ ឯកជនយ៉ាងណានោះទេ សំខាន់ឱ្យតែអនុវត្តឱ្យបានត្រឹមត្រូវទៅតាមប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា គឺរដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាតិឱ្យបើកដំណើរការ ឱ្យសិស្សានុសិស្សបានចូលរៀន។ ប៉ុន្តែបើសាលាដែលមិនទាន់បានបំពេញនូវលក្ខខណ្ឌខាងលើនេះឱ្យបានគ្រប់គ្រាន់ទេ  រដ្ឋបាលរាជធានីភ្នំពេញ នឹងជំរុញឱ្យពួកគាត់អនុវត្តឱ្យបានត្រឹមត្រូវ ទើបឱ្យបើកសាលានេះបាន។

           ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះក៏បានធ្វើការអំពាវនាវទៅដល់ឪពុកម្ដាយ អាណាព្យាបាលសិស្សទាំងអស់ត្រូវចូលរួមជាមួយនឹងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ឱ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ ខណៈបើកសាលារៀនឡើងវិញនេះ។ បើយើងធ្វេសប្រហែសតែបន្តិច គ្រោះថ្នាក់នៃជំងឺកូវីដ-១៩ នឹងធ្លាក់មកលើពួកយើងទាំងអស់គ្នា។ ដូច្នេះយើងត្រូវតែរួមគ្នាទប់ស្កាត់ឱ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩នេះ ដើម្បីឈានទៅអភិវឌ្ឍប្រទេសជាតិយើងឲ្យបានរីកចម្រើនឡើងវិញ។

            គួរបញ្ជាក់ផងដែរថា យុទ្ធនាការនៃការបាញ់ថ្នាំសម្លាប់មេរោគនៅតាមបណ្ដាសាលានានានៅទូទាំងរាជធានី ភ្នំពេញនេះ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបាញ់ថ្នាំសម្លាប់មេរោគនៅសាលារដ្ឋចំនួន៦៨សាលា ក្នុងខណ្ឌទាំង១៤៕

img139214 img139213 img1392113 img1392112 img1392111 img1392118 img1392126 img1392125 img1392124 img1392123 img139219 img139218 img139217 img139216 img139215 img1392115 img1392117 img1392114 img1392122 img1392121 img139211 img1392110 img1392120 img1392119