រដ្ឋបាលរាជធានីភ្នំពេញ ពិភាក្សាដើម្បីអនុវត្ត ការទុកដាក់បញ្ចុះ ឬ បូជាសពមានកូវីដ-១៩
ថ្ងៃចេញផ្សាយ: Tuesday, July 13, 2021, 9:14 AM
ដើម្បីអោយមានសុវត្ថិភាព ក្នុងការគ្រប់គ្រង និងការចាត់ចែងសាកសព ដែលមានផ្ទុកវីរុសកូវីដ-១៩ យោងទៅតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំមួយតាមរយៈ Video conference មួយ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរសុខាភិបាល ដើម្បីធ្វើយ៉ាងណាអនុវត្តទៅតាមការណែនាំនេះអោយទទួលបានជោគជ័យ និងមិនមានហានិភ័យពីការឆ្លងដោយជំងឺកូវីដ-១៩។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការបង្កើតឡើងអោយមានកិច្ចប្រជុំនេះ គឺក្នុងគោលបំណងអនុវត្តអោយចំទិសដៅទៅតាមការណែនាំ ដោយសារតែយើងជាអ្នកអនុវត្តផ្ទាល់ទៅលើការងារទាំងនេះ។
ឯកឧត្តមបន្តថា ក្នុងនាមអាជ្ញាធរយើងត្រូវមើលពីសារៈសំខាន់ទាំងអស់គ្នា លើកទឹកចិត្តគ្នា មានបញ្ហាយើងរួមគ្នាដើម្បីដោះស្រាយ។ កន្លងមកនេះអាជ្ញាធររបស់យើងអនុវត្តបានល្អណាស់។ សពជាង៧០០នាក់ហើយ យើងធ្វើបានល្អ មិនមានបញ្ហាឆ្លងដោយជំងឺកូវីដ-១៩។ នេះជាមោទនភាពរបស់ក្រុមការងារគ្រូពេទ្យរបស់យើង ដែលអនុវត្តបានល្អលើវិធានក្រសួងសុខាភិបាល ទាំងការវេចខ្ចប់សព និងការកាេពារខ្លួន ដោយគិតមកដល់ពេលនេះមានសពដែលស្លាប់ដោយកូវីដ-១៩ ចំនួន ៧១១នាក់ហើយ ដែលក្រុមការងារយើងបានចាត់ចែងវេចខ្ចប់បានល្អ និងទទួលបានជោគជ័យមិនមានហានិភ័យ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អោយមន្ត្រីរបស់យើង ធ្វើការអោយបានលំអិតបន្ថែមទៀតទៅលើសេចក្តីណែនាំនេះ ទាំងការបញ្ចុះឬដុតសាកសព។ ការលើកសពដាក់ក្នុងមឈូសដែលមានតម្លៃថ្លៃ អាចប្រើមនុស្សមិនតិចជាង៦នាក់នោះទេ យើងគួរអោយពួកគាត់ស្លៀកសំលៀកបំពាក់ PPE ឬយ៉ាងណា ព្រោះការបំពាក់សំលៀកបំពាក់ PPE ពិតជាទទួលបានជោគជ័យមិនមានហានិភ័យពីការឆ្លងជំងឺកូវីដ-១៩នោះទេ តាមរយៈបទពិសោធកន្លងមកនេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យទី១១ ខែកក្កដា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺអូវីដ-១៩ បានចេញសេចក្តីណែនាំបន្ថែមអំពីសុវត្ថិភាព ក្នុងការគ្រប់គ្រង និងការចាត់ចែងសាកសព ដែលមានផ្ទុកវីរុសកូវីដ-១៩។ ការចាត់ចែងសាកសព ដែលមានផ្ទុកវីរុសកូវីដ-១៩នេះ គឺក្នុងគោលបំណងរក្សាសុវត្ថិភាព សេចក្ដីថ្លៃថ្នូរ បង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ និងកាត់បន្ថយហានិភ័យសុខភាពសាធារណៈ។
១-វីរុសកូវីដ-១៩ ឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈតំណក់ទឹកតូចៗដែលចេញពីអ្នកជំងឺកូវីដ-១៩ តាមរយៈ ការនិយាយទល់មុខជិតគ្នា ក្អក កណ្តាស និងការប៉ះពាល់ផ្ទៃ ឬវត្ថុផ្សេងៗដែលមានមេរោគ។ គ្រប់សាកសពអ្នកជំងឺកូវីដ-១៩ ពុំត្រូវបានអនុញ្ញាតឱ្យធ្វើកោសល្យវិច័យ ឬវះកាត់ពិនិត្យសាកសពឡើយ។ សាកសពត្រូវបានរៀបចំដោយក្រណាត់រួចដាក់ក្នុងថង់ប្លាស្ទិក បិទជិតយ៉ាងត្រឹមត្រូវដោយបុគ្គលិកក្នុងមន្ទីរពេទ្យ ហើយសាកសពខ្លះត្រូវបានដាក់បង្កករក្សាទុកមុនពេលដាក់ទៅក្នុងមឈូសមុនយកទៅបូជា ឬបញ្ចុះ។ ដូច្នេះឱកាសនៃការចម្លងវីរុសកូវីដ-១៩ ពុំអាចកើតមានឡើយ ប្រសិនបើពុំមានការរុះរើ ឬបើកថង់រុំសាកសពនោះ។
២-ការបូជា ឬបញ្ចុះសាកសព ដែលអនុវត្តតាមគោលការណ៍ណែនាំត្រឹមត្រូវ អាចចៀសវាងបានពីការចម្លងវីរុសកូវីដ-១៩។ ដើម្បីសុវត្ថិភាព អ្នករៀបចំ និងអ្នកដឹកជញ្ជូនសាកសព អ្នកលើកសាកសពដាក់ចូលក្នុងមឈូស និងលើកមឈូសដាក់លើទីតាំងបូជា ត្រូវពាក់ឧបករណ៍ការពារខ្លួន (PPE) ឱ្យបានត្រឹមត្រូវ ដូចជាពាក់ម៉ាស់ពេទ្យ អាវអៀមការពារខ្លួន និងស្រោមដៃ។ នៅពេលរៀបចំរួចរាល់ ត្រូវដោះឧបករណ៍ការពារខ្លួនដែលប្រើរួចឱ្យបានត្រឹមត្រូវ ហើយលាងសម្អាតដៃជាមួយអាល់កុល ឬជែល ឬសាប៊ូនឹងទឹកស្អាតភ្លាមៗ។
៣-ចំពោះការបញ្ចុះសាកសព អ្នកសែងមឈូសយកទៅបញ្ចុះ ត្រូវមានចំនួនពី៤ ទៅ ៦នាក់ និងត្រូវពាក់ សម្ភារៈការពារ (PPE) ត្រឹមត្រូវ។ ចំពោះសមាជិកគ្រួសារ ឬអ្នកចូលរួម ត្រូវពាក់ម៉ាស់ការពារឱ្យបានត្រឹមត្រូវ និងត្រូវកំណត់ចំនួនមិនឱ្យលើសពី ១០នាក់ ព្រមទាំងត្រូវរក្សាគម្លាតរវាងអ្នកចូលរួម ចំងាយ ១,៥ម៉ែត្រ ពីគ្នា និង ចំងាយ ៣ម៉ែត្រ ពីសាកសព។ លើសពីនេះ មិនអនុញ្ញាតឱ្យមានការហែក្បួនឡើយ៕