ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកអគ្គរដ្ឋទូតសិង្ហបុរី សម្តែងការកោតសរសើរពីការរី...

ឯកអគ្គរដ្ឋទូតសិង្ហបុរី សម្តែងការកោតសរសើរពីការរីកចំរើន របស់រាជធានីភ្នំពេញ ជាមួយនិងអភិបាលកិច្ចល្អ ធ្វើឱ្យអ្នកវិនិយោគទុនមានជំនឿទុកចិត្ត ចង់មកវិនិយោគទុន

ថ្ងៃចេញផ្សាយ: Friday, May 13, 2022, 4:28 PM

img1352210 img1352215

 

 

 

 

 

            ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍន៍រីកចំរើនរបស់រាជធានីភ្នំពេញ នារយៈពេល២០ឆ្នាំចុងក្រោយនេះ ដោយមានទាំងអគារខ្ពស់ៗជាមួយនឹងអគារវ័យចំណាស់ ដែលជាការទាក់ទាញភ្ញៀវអន្តរជាតិយ៉ាងច្រើនមកដើរលេងកំសាន្ត នៅរាជធានីភ្នំពេញ ហើយអ្វីដែលពិសេសថែមទៀតនោះគឺរាជធានីភ្នំពេញ មានអភិបាលកិច្ចល្អដែលធ្វើឱ្យអ្នកវិនិយោគទុននានា មានជំនឿទុកចិត្ត ចង់មកវិនិយោគទុន នៅប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ។

            ការសំដែងនូវការកោតសរសើរពីសំណាក់លោកជំទាវឯកអគ្គរដ្ឋទូតខាងលើនេះ បានធ្វើឡើងខណៈដែលលោកជំទាវបានចូលជួបសំដែងការគួរសមជាមួយ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ។

            លោកជំទាវ បានមានប្រសាសន៍លើកឡើងថា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះភ្នំពេញ ពិតជាបង្ហាញពីភាពរីកចម្រើនយ៉ាងខ្លាំងក្លាដោយមានអគារខ្ពស់ជាច្រើន ហើយអគារវ័យចំណាស់ ក៏មានច្រើនគួរឱ្យកត់សំគាល់ផងដែរ ។ នេះជាការទាក់ទាញភ្ញៀវឱ្យមកដើរលេងកំសាន្តនៅរាជធានីភ្នំពេញ។ ជាក់ស្តែងអគាររដ្ឋបាលរាជធានីភ្នំពេញ ដែលលោកជំទាវបានជួបសម្តែងការគួរសមជាមួយ ឯកឧត្ដមអភិបាលរាជធានីនេះ គឺជាអគារដែលមានវ័យចំណាស់ជាង១០០ឆ្នាំហើយ។ បន្ថែមពីនេះ រាជធានីភ្នំពេញ ក៏មានគម្រោងសាងសង់ផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញទៅកាន់ក្រុងព្រះសីហនុថែមទៀត ដែលពីមុនយើងប្រើពេលវេលាប្រមាណ៦ម៉ោង តែក្រោយពីដាក់ឱ្យដំណើរការផ្លូវល្បឿន យើងនឹងប្រើប្រាស់ត្រឹមតែ ២ម៉ោងប៉ុណ្ណោះ។ ការបង្កើតឱ្យមានអាកាសយានដ្ឋានថ្មី ,ការបង្កើតឱ្យមានបណ្ដាញផ្លូវធំថ្មីៗ ជាច្រើនកន្លែងទៀត ធ្វើឱ្យរាជធានីភ្នំពេញកាន់តែមានការអភិវឌ្ឍរីកចម្រើនខ្លាំង  ឡើង។ ប៉ុន្តែអ្វីដែលសំខាន់មួយទៀតនោះ គឺរដ្ឋបាលរាជធានីភ្នំពេញ មានអភិបាលរកិច្ចល្អ ដែលធ្វើឱ្យអតិថិជនក្រុមហ៊ុនឯកជននានា មានការជឿទុកចិត្ត ចង់មកបណ្ដាក់ទុនរកស៊ីនៅក្នុងរាជធានីភ្នំពេញ ។

            លោកជំទាវ ក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុននៅសិង្ហបុរី បានបណ្ដាក់ទុនរកស៊ីនៅព្រះរាជាណាចក្រ   កម្ពុជាច្រើន ទាំងការវិនិយោគលើវិស័យពាណិជ្ជកម្ម , វិស័យដឹកជញ្ជូន និងការបំពាក់សូឡានៅតាមអគារផ្សេងៗជាដើម។  ក្រៅពីនេះ ក៏មានក្រុមហ៊ុនប្រមូលសំរាម គ្រប់គ្រងសំណល់រឹង មួយរបស់សាំងហ្គាពួរ ក៏បានមកបណ្ដាក់ទុននៅរាជធានីភ្នំពេញផងដែរ។ ជាងនេះទៅទៀតលោកជំទាវក៏បានអបអរសាទរ និងកោតសរសើរចំពោះរាជរដ្ឋាភិ   បាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងរដ្ឋបាលរាជធានីភ្នំពេញ ដែលបានទប់ស្កាត់ជំងឺកូវីដ-១៩ ទទួលជោគជ័យ និងបានបើកប្រទេសឱ្យដំណើរការ ជាប្រក្រតីឡើងវិញ។

            ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះក៏បានមានប្រសាសន៍លើកឡើងពីស្ថានភាពរបស់រាជធានីភ្នំពេញ ដែលមានការអភិវឌ្ឍពីដំណាក់កាលមួយទៅដំណាក់កាលមួយ  ពិសេសក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ រាជធានីភ្នំពេញ មានការអភិវឌ្ឍន៍រីកចំរើនគួរឱ្យកត់សម្គាល់ ធ្វើឱ្យកំណើនប្រជាពលរដ្ឋចេះតែកើនឡើង ដោយមកដល់ពេលនេះ ទាំងអ្នកស្នាក់នៅអចិន្ត្រៃយ៍ និងអ្នកមកប្រកបមុខរបរកទទួលទាន នៅរាជធានីភ្នំពេញ មានចំនួនប្រមាណជា ៣លាននាក់ ដែលធ្វើឱ្យមានការ កកស្ទះចរាចរណ៍យ៉ាងខ្លាំង។ ប៉ុន្តែបញ្ហានេះរដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងធ្វើការដោះស្រាយឱ្យប្រសើរឡើងវិញ។

            ឯកឧត្ដម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ការទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ទៅតាមអនុសាសន៍ណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញបានគ្រប់គ្រងជំងឺកូវីដ-១៩ បានយ៉ាងល្អ រហូតមកដល់ពេលនេះ យើងបានបើកឱ្យដំណើរការប្រទេសឡើងវិញ ជាមួយនឹងការមិនពាក់ម៉ាសសម្រាប់នៅតាមទីសាធារណៈផងដែរ។ ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការសាងសង់មន្ទីរពេទ្យថ្មីមួយថែមទៀតផងដែរ ដើម្បីព្យាបាលជំងឺឆ្លងផ្សេងៗទៀត។ ក្នុងដំណាក់កាលការរីករាលដាលជំងឺកូវីដ-១៩ កម្ពុជាទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងព្យាបាលជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋខ្មែរនិងជនបរទេសដែលស្នាក់នៅកម្ពុជាដោយមិនគិតថ្លៃថែមទៀតផង៕

img135228 img135229 img1352214 img1352213 img1352210 img1352212 img135226 img135225 img135224 img135223 img135222 img135221