ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រដ្ឋបាលរាជធានីភ្នំពេញ និងខេត្តស្វយ័តជេជូនៃសាធារ...

រដ្ឋបាលរាជធានីភ្នំពេញ និងខេត្តស្វយ័តជេជូនៃសាធារណៈរដ្ឋកូរ៉េ បានឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីការបង្កើតទីក្រុងសម័្ពន្ធមេត្រីភាព

ថ្ងៃចេញផ្សាយ: Thursday, June 13, 2024, 9:16 AM

img1206247

img1206245

 

 

 

 

 

          រដ្ឋបាលរាជធានីភ្នំពេញ និងខេត្តស្វយ័តជេជូនៃសាធារណៈរដ្ឋកូរ៉េ បានឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីការបង្កើតទីក្រុងសម័្ពន្ធមេត្រីភាព ក្រោយពីប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំង២បានជួបប្រជុំនិងមានការឯកភាពគ្នាកាលពីពាក់កណ្តាលខែឧសភាឆ្នាំ២០២៤កន្លងមកនេះ។

          ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីការបង្កើតទីក្រុងសម័្ពន្ធមេត្រីភាពនេះបានធ្វើឡើង នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ រវាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនិង ឯកឧត្ដម អូ យ៉ុងហ៊ុន អភិបាលទីក្រុងជេជូ(JeJu)នៅសាលារាជធានីភ្នំពេញ។

          ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជានិងប្រទេសកូរ៉េខាងត្បូង កើតឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន ។​ ទំនាក់ទំនងការទូតនៃប្រទេសទាំងពីរបានផ្តល់សមិទ្ធផលជាច្រើនមកកម្ពុជា ដូចជាគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេដែលគ្រោងនឹងបើកការដ្ឋាននាពេលខាងមុខនេះ ជាមួយនឹងកិច្ចសហប្រតិបត្តិការជាច្រើនទៀត។ ដោយឡែកសម្រាប់រាជធានីភ្នំពេញ ប្រទេសកូរ៉េបានបន្តនៅកិច្ចសហប្រតិបត្តិការជាមួយរាជធានីភ្នំពេញជាច្រើនផងដែរ។ ជាក់ស្តែងពេលនេះ រាជធានីភ្នំពេញបានចងសម្ព័ន្ធមេត្រីភាពជាមួយនឹងទីក្រុងជេជូ ដើម្បីឱ្យទំនាក់ទំនងនៃទីក្រុងទាំងពីរកាន់តែមានភាពល្អប្រសើរបន្ថែមទៀត ពិសេសគឺការបន្តទំនាក់ទំនងកាន់តែល្អ ទៅអ្នកជំនាន់ក្រោយៗទៀត។

          ឯកឧត្តមបានបន្តទៀតថា កន្លងមកនេះ រាជធានីភ្នំពេញបានចុះហត្ថលេខាជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA)របស់ប្រទេសកូរ៉េ ដោយបានផ្តល់ជាជំនួយលើវិស័យសុខាភិបាល មករាជធានីភ្នំពេញ ក្នុងការជួយកសាងមន្ទីរពេទ្យបង្អែកដង្កោ ដែលមានទំហំទឹកប្រាក់ប្រមាណ១០លានដុល្លារអាមេរិក។

          ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានលើកឡើងពីភូមិសាស្ត្ររាជធានីភ្នំពេញដែលមានទីតាំងស្ថិតនៅចំទន្លេបួនមុខ មានប្រជាពលរដ្ឋរស់នៅចេញចូលទាំងការស្នាក់នៅប្រមាណជា៣លាននាក់ ដែលធ្វើឲ្យរាជធានីភ្នំពេញ ប្រឈមទៅនឹងការកកស្ទះចរាចរណ៍ ជាមួយនឹងការជនលិចដោយជំនន់ទឹកភ្លៀងផងដែរ។  ជាមួយនេះសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្កើតនូវគម្រោងឥណទានមួយ ដោយប្រើប្រាស់ថវិកាប្រមាណជាង១០០លានដុល្លារ ដើម្បីដោះស្រាយបញ្ជៀសនូវការលិចលង់នេះ។

          ឯកឧត្តមបានបន្តថា៖ រាជធានីភ្នំពេញមាន សុខសន្តិភាពពេញលេញ ទទួលបាននូវការជឿជាក់ពីអ្នកវិនិយោគទុន បានមកវិនិយោគរកស៊ីនៅរាជធានីភ្នំពេញយ៉ាងច្រើន។ រាជធានីភ្នំពេញក៏នៅតែបន្តទាក់ទាញអ្នកវិនិយោគឲ្យមកវិនិយោគរកស៊ីនៅរាជធានីភ្នំពេញបន្ថែមទៀត។

          ឯកឧត្តម អូ យ៉ុងហ៊ុន បានមានប្រសាសន៍លើកឡើងដែរថា៖ អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេច ហ៊ុន ម៉ាណែត ជាអ្នកកសាងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងប្រទេសកូរ៉េ និងប្រទេសកម្ពុជា។ សម្ដេចបវរធិបតីបានបង្កើតជាដៃគូយុទ្ធសាស្ត្រជាមួយនឹងប្រទេសកូរ៉េ ដោយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ប្រមុខថ្នាក់ដឹកនាំរបស់ប្រទេសកូរ៉េ បានជួបប្រជុំជាមួយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត។ ដោយឡែកខេត្តជេជូ បានជួបជាមួយសម្ដេចនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤​ នៅទីក្រុងទីក្រុងសេអ៊ូល ជាលទ្ធផល យើងបានចុះ MOU ជាមួយរាជធានីភ្នំពេញ។

          ឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ផងដែរថា៖ ទីក្រុងជេជូមានប្រជាពលរដ្ឋត្រឹមតែ៧០ម៉ឺននាក់ប៉ុណ្ណោះ។ តែទីក្រុងមួយនេះបានទាក់ទាញភ្ញៀវទេសចរណ៍ប្រមាណជា១៥លាននាក់ក្នុងមួយឆ្នាំ ជាមួយនឹងការវិនិយោគបច្ចេកវិទ្យាថ្មីៗជាច្រើនផងដែរ។ តាមរយៈទំនាក់ទំនងនៃប្រទេសទាំងពីរយើងនឹងជំរុញលើវិស័យទេសចរណ៍ កសិកម្ម ឧស្សាហកម្ម ថាមពលជាមួយកម្ពុជា។ យើងនឹងអនុវត្តទៅតាមផែនការជាមួយនឹងការផ្លាស់ប្ដូរទំនាក់ទំនងកាន់តែល្អ រវាងប្រទេសទាំងពីរ។ ជាមួយគ្នានោះ ឯកឧត្តម អូ យ៉ុងហ៊ុន ក៏បានអញ្ជើញ ឯកឧត្តម ឃួង ស្រេង និងប្រតិភូរាជធានីភ្នំពេញទៅទស្សនៈកិច្ចនៅកោះជេជូផងដែរ៕

img1206242 img1206241 img1206244 img1206243 img12062417 img12062418 img12062420 img12062421 img12062422 img12062416 img12062415 img12062426 img12062427 img12062428 img12062429 img12062424 img12062423 img12062430 img12062425 img12062413 img12062412 img12062411 img12062410 img1206249 img1206248 img12062432