ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាលរាជធានី ជំរុញឱ្យអាជ្ញាធរខណ្ឌទាំងអស...

ឯកឧត្តមអភិបាលរាជធានី ជំរុញឱ្យអាជ្ញាធរខណ្ឌទាំងអស់បង្កើតកម្មវិធីផ្ដល់អាវរងា ភួយ ក្រមានិងថវិកា ជូនដល់មនុស្សចាស់កុំឱ្យហួសថ្ងៃអាទិត្យសប្តាហ៍នេះ

ថ្ងៃចេញផ្សាយ: Wednesday, December 01, 2021, 2:33 PM

img01122112 img01122111

 

 

 

 

 

             ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំងអស់បង្កើតកម្មវិធី ដើម្បីផ្ដល់អំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិតប៊ុនរ៉ានីហ៊ុន សែន ដែលមានដូចជា អាវរងា ភួយ ក្រមា និងថវិកា ជូនដល់មនុស្សចាស់នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានលឿន និងទាន់ពេលវេលា ពោលគឺកម្មវិធីនេះត្រូវរៀបចំឡើង កុំឱ្យហួសពីថ្ងៃអាទិត្យសប្តាហ៍នេះ ខណៈដែលអាកាសធាតុបាននឹងកំពុងចុះត្រជាក់បណ្តើរៗហើយនោះ។

            ការជំរុញបែបនេះរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងក្នុងពិធីប្រគល់អំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ជូនសមាជិក សមាជិកា សមាគមមនុស្សចាស់ ដែលមានជីវភាពក្រីក្រនៅក្នុងខណ្ឌដង្កោនាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ នៅសាលាខណ្ឌដង្កោ។

            សមាជិក សមាជិកាសមាគមមនុស្សចាស់ មានជីវភាពក្រីក្រនៅក្នុងខណ្ឌដង្កោ ដែលទទួលអំណោយនេះ មានចំនួន១២០នាក់ ដែលក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន៥ម៉ឺនរៀល អាវរងា១ ភួយ១ និងក្រមា១។

            ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានឆ្លងទន្លេមេគង្គ នៅស្ទឹងត្រង់កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងមកនេះ សម្ដេចបានណែនាំឱ្យអាជ្ញាធររាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ផ្ដល់នូវអាវរងា ភួយ ជូនមនុស្សចាស់ ដោយសារតែអាកាសធាតុនឹងចុះត្រជាក់នៅប៉ុន្មានថ្ងៃខាងមុខនេះ។ អនុវត្តទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ថ្ងៃនេះរដ្ឋបាលរាជធានីភ្នំពេញ បាននាំនូវអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនបងប្អូនសមាជិកសមាជិកាសមាគមមនុស្សចាស់នៅក្នុងខណ្ឌដង្កោចំនួន ១២០នាក់។

            ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ផងដែរថា សម្រាប់ថ្ងៃនេះ សមាជិកសមាជិកា នៅក្នុងសមាគមមនុស្សចាស់នៅក្នុងខណ្ឌដង្កោ ទទួលបាននូវអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតហើយ។ ដូច្នេះ ស្នើឱ្យអាជ្ញាធរខណ្ឌ១៣ផ្សេងទៀត ត្រូវបង្កើតកម្មវិធីផ្ដល់អំណោយជូនមនុស្សចាស់ដែលមានទាំងថវិកា អាវរងា ភួយក្រមា កុំឱ្យហួសថ្ងៃអាទិត្យសប្តាហ៍នេះ ដោយសារតែអាកាសធាតុបានចាប់ផ្ដើមចុះត្រជាក់ហើយ។

            ឯកឧត្ដម ឃួង ស្រេង ក៏មានប្រសាសន៍បញ្ជាក់ផងដែរថា នៅរាជធានីភ្នំពេញ យើងបានកសាងសមាគមមនុស្សចាស់ បានទាំង១០៥សង្កាត់ហើយ។ ដូច្នេះអាជ្ញាធរខណ្ឌ សង្កាត់ត្រូវចុះពិនិត្យតាមដាន និងសួរសុខទុក្ខមនុស្សចាស់នៅក្នុងមូលដ្ឋានរបស់ខ្លួនដោយសារតែមនុស្សចាស់ ជាអ្នកមានគុណរបស់យើង ហើយប្រពៃណីដូនតារបស់យើងក៏បានបន្សល់ទុក ឱ្យយើងត្រូវតែមានកត្តញ្ញូចំពោះមនុស្សចាស់ផងដែរ៕

img01122119 img01122118 img01122126 img01122125 img0112213 img0112212 img0112211 img01122124 img01122123 img01122120 img01122122 img01122117 img01122116 img01122115 img01122114 img01122110 img0112214 img0112215 img0112217 img0112218