ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជំរុញឱ្...

ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ អនុវត្តឱ្យបានម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់ជំងឺកូវី-១៩

ថ្ងៃចេញផ្សាយ: Tuesday, October 12, 2021, 9:43 AM

img1110214 img1110217

 

 

 

 

 

           ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ យកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់បន្ថែមទៀត ក្នុងការទប់ស្កាត់នូវការរីករាលដាលជំងឺកូវី-១៩ ដើម្បីឈានទៅរកការបើកដំណើរការឡើងវិញលើគ្រប់វិស័យ នាពេលឆាប់ៗខាងមុខនេះ។

            ការជំរុញបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និង   សម្លេង ( Video Conference ) នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ ជាមួយនឹងអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធ និងកម្លាំងមានសមត្ថកិច្ចចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។

             ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖ ដើម្បីបង្ការ និងទប់ស្កាត់ឱ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវគោលការណ៍ថ្មីៗមួយចំនួនទៀត ដូចជារាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញ ត្រូវបង្ហាញបណ្ណចាក់វាក់សាំង   កូវីដ-១៩ ឬ បណ្ណចាក់ចាំក់សាំងបង្ការជំងឺកូវីដ-១៩ ឬ លិខិតបញ្ជាក់ការចាក់ចាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីយើងទប់ស្កាត់កូវីដ-១៩ ឱ្យបានល្អប្រសើរ ចៀសវាងការរីករាលដាលបន្តទៀត ហើយកិច្ចការងារនេះរដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញនូវសេចក្តីជូនដំណឹងរួចហើយដែរ កាលពីសប្តាហ៍មុននេះ។ ដូច្នេះ អាជ្ញាធរខណ្ឌទាំង១៤  ត្រូវអនុវត្តការងារនេះឱ្យមានប្រសិទ្ធភាពខ្ពស់។ បើយើងអនុវត្តការងារនេះបានល្អប្រសើរ និងមានភាពម៉ឺងម៉ាត់ នោះ វានឹងកាត់បន្ថយបាននូវការរីករាលដាលជំងឺកូវីដ-១៩ បន្តទៀត។

             ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានថ្លែងនូវការកោតសរសើរ ចំពោះអាជ្ញាធរខណ្ឌទាំង១៤ ក្រុមការងារពាក់ព័ន្ធ ក្រុមគ្រូពេទ្យគ្រប់ក្រុមទាំងអស់ដែលកន្លងមកត្រូវបានប្រជាពលរដ្ឋដាក់រហ័សនាមថាជាកងទ័ពអាវស បានយកចិត្តទុកដាក់ក្នុងការថែទាំនិងព្យាបាលប្រជាពលរដ្ឋបានល្អ ក៏ដូចជាកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានលះបង់អស់កម្លាំងកាយចិត្ត បំពេញការងារ ទាំងយប់ ទាំងថ្ងៃ ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវី-១៩នេះ ពោលគឺអាជ្ញាធរនិងកងម្លាំងយើងអនុវត្តបានយ៉ាងល្អ ទៅតាមអនុសាសន៍របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺការរក្សាអាយុជីវិតបងប្អូនប្រជាពលរដ្ឋឱ្យបានគង់វង់។ ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី ឯកឧត្តម ឃួង ស្រេង ក៏នៅតែជំរុញឱ្យអាជ្ញាធរខណ្ឌទាំងអស់ អនុវត្តការងារក្នុងការទប់ស្កាត់ការរីករាលដាលជំងឺនេះឱ្យបានម៉ឺងម៉ាត់បន្ថែមទៀត ដែលអាចឈានទៅរកការបើកដំណើរការឡើងវិញ លើគ្រប់វិស័យ នាពេលឆាប់ៗខាងមុខនេះ។

            គួរបញ្ជាក់ផងដែរថា បើយោងទៅលើសេចក្ដីណែនាំលេខ០២៧/២១សណន ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ គឺរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំបន្ថែមដល់បងប្អូនប្រជាពលរដ្ឋ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា គណៈកម្មការផ្សារ ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់ទីតាំង អាជីវករ វិស័យឯកជន និងសាធារណជនទាំងអស់ ត្រូវមានកាតព្វកិច្ចបង្ហាញបណ្ណចាក់វាក់សាំងកូវីដ-១៩ ឬ បណ្ណចាក់វាក់សាំងបង្ការជំងឺ​កូវីដ-១៩ ឬ លិខិតបញ្ជាក់ការចាក់វាំកំសាំងបង្ការជំងឺកូវីដ-១៩ រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈសម្រាប់ការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងថ្មី និងឈានទៅរកការបើកដំណើរការឡើងវិញលើគ្រប់វិស័យ នាពេលឆាប់ៗខាងមុខនេះ៕

img1110212 img1110211 img1110218 img1110216 img11102111 img11102112 img11102113 img11102110 img11102114 img1110219 img1110213 img1110215