ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តម ឃួង ស្រេង ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធ...

ឯកឧត្តម ឃួង ស្រេង ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌចុះពិនិត្យស្ថានភាពទឹកលិចនៅក្នុងមូលដ្ឋានខណ្ឌចំនួន៤

ថ្ងៃចេញផ្សាយ: Thursday, October 10, 2024, 2:48 PM

img1010242 img1010243

 

 

 

 

 

ដោយមានការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ក្រោយទទួលបានព័ត៌មានថាជំនន់ទឹកភ្លៀងជន់លិចតំបន់មួយចំនួននៅរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង​ អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ បានវិលត្រឡប់ពីបំពេញបេសកម្មពីប្រទេសបារាំងមុនពេលកំណត់។

          នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តមឃួង ស្រេង​ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរ ខណ្ឌចុះពិនិត្យស្ថានភាពទឹកលិច និងការស្ថាបនាជញ្ជាំងប្រឡាយបេតុងនៅក្នុងមូលដ្ឋានខណ្ឌចំនួន៤មានខណ្ឌពោធិសែនជ័យ ខណ្ឌសែនសុខ ខណ្ឌមានជ័យ និងខណ្ឌដង្កោ ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងជូនប្រជាពលរដ្ឋភ្លាមៗតែម្តង។

ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង​ បានមានប្រសាសន៍លើកឡើងថា ៖ ក្នុងនាមជាអាណាព្យាបាលប្រជាពលរដ្ឋ យើងតែងតែគិតគូរអំពីសុខទុក្ខរបស់ពួកគាត់។ នាប៉ុន្មានថ្ងៃកន្លងមកនេះ ខណៈឯកឧត្ដមដឹកនាំប្រតិភូទៅបំពេញបេសកម្មនៅប្រទេសបារាំង ឯនៅភ្នំពេញមានភ្លៀងធ្លាក់ខ្លាំង ដែលធ្វើឱ្យតំបន់មួយចំនួនទទួលរងការលិចលង់។ ឯកឧត្ដមបន្តថាបើទោះបីឯកឧត្តមនៅប្រទេសបារាំងក៏ពិតមែន ប៉ុន្តែទឹកចិត្តក៏ដូចជាអារម្មណ៍នៅជាមួយនឹងបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញជានិច្ច ពោលគឺក្រោយ ពេលមកដល់រាជធានីភ្នំពេញភ្លាម ឯកឧត្តមអភិបាលរាជធានីបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរចុះពិនិត្យ មើលស្ថានភាពទឹកលិច នៅក្នុងមូលដ្ឋានខណ្ឌទាំង៤តែម្តង ដើម្បីធ្វើយ៉ាងណាដោះស្រាយទឹកលិចលំនៅដ្ឋានប្រជាពលរដ្ឋឱ្យបាន។

ក្នុងនោះមុនគេ ឯកឧត្តម​ ឃួង ស្រេង បានចុះទៅពិនិត្យនៅតំបន់ផ្សារត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅទី១​ ខណ្ឌពោធិសែនជ័យ ហើយក្នុងឱកាសនោះឯកឧត្ដមអភិបាលរាជធានីភ្នំពេញបានណែនាំឱ្យអាជ្ញាធរ ក៏ដូចជាមន្ទីរពាក់ព័ន្ធបន្តការបូមទឹកចេញពីលំនៅដ្ឋានប្រជាពលរដ្ឋ។ បន្តមកទៀតឯកឧត្ដមបានចុះមើលស្ថានីយ៍បូមទឹកលូ៥ ក៏ដូចជាប្រឡាយទឹកនៅក្នុងមូលដ្ឋានខណ្ឌចំនួន៤ដូចជាខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ ខណ្ឌមានជ័យ និងខណ្ឌដង្កោ សំដៅធ្វើយ៉ាងណារកគ្រប់មធ្យោបាយដើម្បីរំដោះទឹកចេញ។

          ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖ ក្នុងនាមជាអាណាព្យាបាលប្រជាពលរដ្ឋ យើងតែងតែគិតគូរអំពីសុខទុក្ខរបស់ពួកគាត់។ នាប៉ុន្មានថ្ងៃកន្លងមកនេះ ខណៈឯកឧត្ដមដឹកនាំប្រតិភូទៅបំពេញបេសកម្មនៅប្រទេសបារាំង នៅភ្នំពេញមានភ្លៀងធ្លាក់ខ្លាំង ដែលធ្វើអោយតំបន់មួយចំនួនទទួលរងការលិច។

          ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ទៀតថា ៖ តំបន់ផ្សារត្រពាំងថ្លឹងដែលតែងតែទទួលរងនូវការលិចរហូតមក ឱ្យតែមានភ្លៀងធ្លាក់ខ្លាំងម្តងៗ នោះគឺដោយសារតែតំបន់នេះធ្វើការអភិវឌ្ឍមុនគេ ហើយនៅពេលតំបន់ផ្សេងគេអភិវឌ្ឍន៍ក្រោយចាក់ដីខ្ពស់ជាងធ្វើឱ្យតំបន់នេះ ទទួលរងនូវការលិចដោយជំនន់ទឹកភ្លៀងតែម្តង។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី សំរាប់អាជ្ញាធររាជធានីភ្នំពេញ ក្នុងនាមជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋមិនបានព្រងើយកន្តើយនោះទេ គឺតែងតែដោះស្រាយបញ្ហាទាំងនេះ ជូនបងប្អូនប្រជាពលរដ្ឋជានិច្ច។  

          ឯកឧត្ដមបានបញ្ជាក់ថា ៖ ជាដំណោះស្រាយ ដើម្បីអោយតំបន់ត្រពាំងថ្លឹងនេះ បានប្រសើរឡើងវិញ អាជ្ញាធររាជធានីភ្នំពេញនឹងកសាងស្ថានីយ៍បូមទឹកចំនួនពីរទៀត ដោយស្ថានីយ៍បូមទឹកទី១ គ្រោង ស្ថាបនាឡើងនៅត្រពាំងថ្លឹង សង្កាត់ចោមចៅទី១​ ខណ្ឌពោធិសែនជ័យ​ និង​មួយកន្លែងទៀតលើប្រឡាយមេ (បឹងតាម៉ាត) ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ជាមួយនិងការស្តារប្រឡាយផងដែរ។

          ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ទៀតថា ៖ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ មិនមែនទើបតែគិតគូរពេលនេះទេ គឺបានគិតគូរយូរហើយជុំវិញការរំដោះទឹកចេញពីតំបន់ទាំងនេះ។ ប៉ុន្តែដោយសារស្ថានីយ៍ បូមទឹកបឹងទំពុនមិនទាន់ពង្រីកដាក់បន្ថែមម៉ូទ័ររួចរាល់។ តែពេលនេះស្ថានីយ៍បូមទឹកបឹងទំពុនអាចទទួលយកទឹករំដោះពីត្រពាំងថ្លឹងនេះបានហើយ ទើបយើងមានគម្រោងកសាងស្ថានីយ៍បូមទឹកពីរខាងលើនេះឡើង ដែលវានឹងអាចបូមទឹកចេញពីតំបន់នេះបានប្រសើរឡើង។

          ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា ៖ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញអោយតែមានភ្លៀងធ្លាក់ធំៗម្ដង គឺគ្រប់បណ្ដាស្ថានីយទាំងអស់នៅរាជធានីភ្នំពេញ តែងធ្វើសកម្មភាពបូមទឹកភ្លាមៗ ជាមួយនឹងការដាក់ម៉ាស៊ីនបូមទឹកបន្ថែមទៀតផងដែរ ដើម្បីរំដោះអោយបាននូវការលិចលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ។ អាជ្ញាធររាជធានីភ្នំពេញ មិនដែលព្រងើយកន្តើយឡើយ ចំពោះការលំបាករបស់ប្រជាពលរដ្ឋ។

          មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់អោយដឹងផងដែរថា ឯកឧត្តម​ ឃួង ស្រេង ក្នុងបេសកម្មនៅប្រទេសបារាំងមិនទាន់បញ្ចប់នូវឡើយទេ។ តែនៅពេលដែលទទួលបានព័ត៌មានថា នៅរាជធានីភ្នំពេញ មានតំបន់មួយចំនួនទទួលរងការលិចដោយជំនន់ទឹកភ្លៀង  ឯកឧត្ដមក៏ប្រញ៉ាប់ចាកចេញពីប្រទេសបារាំង មកកាន់រាជធានីភ្នំពេញវិញភ្លាម ទាំងបេសកម្មរបស់ឯកឧត្ដមមិនទាន់ត្រូវបានបញ្ចប់នូវឡើយទេ ដើម្បីមកដោះស្រាយការលិចដោយជំនន់ទឹកភ្លៀងជូនប្រជាពលរដ្ឋ៕

img1010241 img10102413 img1010244 img1010246 img1010245 img10102410 img10102411 img1010247 img1010248 img1010249 img10102412 img10102414 img10102415 img10102416 img10102417 img10102418 img10102419 img10102420 img10102421 img10102422 img10102423 img10102424 img10102425 img10102426 img10102427 img10102428 img10102429 img10102430