ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានី អរគុណដល់លោកគ្រូ អ្នកគ្រូដែលបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់សង្រ្គាមកូវីដ-១៩ រហូតបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ
ថ្ងៃចេញផ្សាយ: Monday, January 10, 2022, 2:54 PM
ឯកឧត្ដម នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកគ្រូ អ្នកគ្រូ ដែលបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ និងសង្រ្គាមកូវីដ-១៩ រហូតឈានដល់ការបញ្ចប់នូវព្រឹត្តិការណ៌សហគមន៍២០កុម្ភៈបានយ៉ាងជោគជ័យ។
ឯកឧត្ដម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានសម្ដែងនូវការអរគុណបែបនេះ ក្នុងឱកាសដែល ឯកឧត្ដមធ្វើជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ នៅវិទ្យាល័យជាស៊ីមសន្ឋរម៉ុក ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២១នេះ។
ឯកឧត្ដម នួន ផារ័ត្ន បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ ខ្ញុំពិតជាអរគុណចំពោះ លោកគ្រូ អ្នកគ្រូ ដែលមិនរត់ចោលគ្នាក្នុងគ្រាដ៏លំបាកនៃជំងឺកូវីដ-១៩ ហើយក៏អរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះរាជរដ្ឋាភិបាលដែលបានប្រយុទ្ធប្រឆាំងនឹងជំងឺកូវី-១៩ យ៉ាងល្អ ពិសេសគឺរាជរដ្ឋាភិបាលបានខិតខំស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពរដ្ឋបានគ្រប់គ្នា ពោលគឺក្នុងចំនួនប្រជាពលរដ្ឋ ១៦លាននាក់ ការចាក់វ៉ាសាំងបានប្រមាណ៨៩,២៦% ហើយគ្រោងនឹងចាក់វ៉ាក់សាំងដូសទី៤ នៅពេលខាងមុខនេះបន្ថែមទៀត។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្ដម ក៏នៅតែធ្វើការណែនាំឱ្យ លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សទាំងអស់ សូមកុំភ្លេចការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយសារតែពេលនេះ កូវីដ-១៩ ប្រភេទអូមីក្រុង បានចូលក្នុងសហគមន៍ហើយ ដែលយើងត្រូវតែបន្តការប្រុងប្រយ័ត្នថែមទៀត។
ឯកឧត្ដមបន្តថា សម្រាប់ឆ្នាំ២០២២នេះ កម្ពុជាមានព្រឹត្តិការណ៍សំខាន់ៗមួយចំនួន ដោយយើងនឹងត្រូវធ្វើជាប្រធានអាស៊ានទាំង១០ប្រទេស ហើយរាជធានីភ្នំពេញក៏ត្រូវធ្វើជាប្រធានទីក្រុងអាស៊ានផងដែរ។ បន្ថែមពីនេះ ឆ្នាំ២០២២ យើងក៏មានការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលលោកគ្រូ អ្នកគ្រូ ត្រូវតែចូលរួមក្នុងការបោះឆ្នោតនេះ។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ នៅរាជធានីភ្នំពេញ មានគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈសរុប ចំនួន ២៤៩ រួមមាន៖វិទ្យាល័យចំនួន ៤១សាលា អនុវិទ្យាល័យចំនួន ២៧សាលា សាលាបឋមសិក្សាចំនួន ១៦៣សាលា សាលាមត្តេយ្យសិក្សា ចំនួន ១៨សាលា មានសិស្សានុសិស្សសរុប ចំនួន ៤០០.៧៤៣នាក់ បុគ្គលិគអប់រំគ្រប់ក្របខណ្ឌសរុប ចំនួន ១០.៦៨៦ នាក់។
លោកបន្តថា រដ្ឋបាលរាជធានីភ្នំពេញ ដោយការយកចិត្តទុកដាក់ពី ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដោះស្រាយការខ្វះខាត និងការលំបាកនៅតាមគ្រឹះស្ថានសិក្សា មានទាំងការឧបត្ថមជា ថវិកា សម្ភារៈ ជួសជុលហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់អាគារសិក្សា ទីចាត់ការ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ តាមគ្រឹះស្ថានសិក្សាមួយចំនួន ដែលមានតម្រូវការជាចាំបាច់ ការឧបត្ថម្ភថ្នាំបាញ់សម្លាប់មេរោគកូវីដ-១៩ សាប៊ូ ទឹកថ្នាំសម្លាប់មេរោគ និងសម្ភាៈសម្រាប់កំចាត់មេរោគកូវីដ-១៩ជាច្រើនទៀត។
លោកបន្តថា សម្រាប់ការដាក់ឱ្យដំណើរការគ្រឹះស្ថានសិក្សា នាឆ្នាំសិក្សាថ្មីដែលត្រូវចាប់ដំណើរការពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ និងដើម្បីចូលរួមអនុវត្តវិធានការ ការពារជំងឺកូវីដ-១៩ ឱ្យបានល្អប្រសើរ គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ បានត្រៀមចូលរួមអនុវត្តនូវវិធានការពាររបស់ក្រសួងសុខាភិបាល ដោយតម្រូវឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធ ក្នុងសាលាបន្តអនុវត្តកាតព្វកិច្ចពាក់ម៉ាស់គ្រប់ៗគ្នា។ គ្រប់សាលាត្រូវបង្កើនកន្លែងលាងដៃ ឱ្យបានច្រើន មានសាប៊ូ ជែល អាល់កុល និងម៉ាស៊ីនវាស់កម្ដៅ និងវិធានការផ្សេងទៀត ដែលបាននឹងកំពុងដាក់ឱ្យអនុវត្តក្នុងគ្រឹះស្ថានសិក្សា។
ក្នុងឱកាសនោះដែរ ឯកឧត្ដម នួន ផារ័ត្ន តំណាងឱ្យឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ ក៏បាននាំយកនូវអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនទៅដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូផងដែរ ដែលមានទាំងប៊ិច សៀវភៅនិងថវិកាមួយចំនួន៕