ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  សំណង់មន្ទីរពេទ្យពហុជំនាញភ្នំពេញ ត្រូវសាងសង់ឡើងក...

សំណង់មន្ទីរពេទ្យពហុជំនាញភ្នំពេញ ត្រូវសាងសង់ឡើងកំពស់២៦ជាន់ ដោយប្រើប្រាស់ពេលនៃការសាងសង់ប្រមាណ៤ទៅ៥ឆ្នាំ

ថ្ងៃចេញផ្សាយ: Tuesday, December 07, 2021, 9:03 AM

26P061221-10 img0612217

 

 

 

 

 

             សំណង់មន្ទីរពេទ្យពហុជំនាញភ្នំពេញ ដែលមានទីតាំងនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា នឹងត្រូវសាងសង់ឡើងកំពស់២៦ជាន់ ក្រោមដី៣ជាន់ និងអាចដាក់គ្រែសំរាកពិនិត្យព្យាបាលអ្នកជំងឺបានពី១៥០ ទៅ២០០គ្រែ ដែលគ្រោងសាងសង់ឱ្យរួចរាល់ក្នុងរយះពេលពី៤ទៅ៥ឆ្នាំ។

            សំណង់មន្ទីរពេទ្យពហុជំនាញភ្នំពេញ បានធ្វើពិធីក្រុងពាលី នឹងបញ្ចុះបឋមសិលាតាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខ សេចក្តីចំរើន បើកការដ្ឋានសាងសង់ នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមវត្តមាន ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ដោយមានលោកវេជ្ជបណ្ឌិត ឈុន ឡាយ ជាតំណាងមន្ទីរពេទ្យពហុជំនាញភ្នំពេញនេះ។

            បើតាមអ្នកគ្រប់គ្រងមន្ទីរពេទ្យពហុជំនាញភ្នំពេញនេះបានគូសបញ្ជាក់ថា ដោយមានការផ្តល់ការគាំទ្រ និងលើកទឹកចិត្តពីសំណាក់ ឯកឧត្ដម ឃួង ស្រេង និងលោកជំទាវ បានធ្វើឱ្យគំរោងសាងសង់មន្ទីរពេទ្យពហុជំនាញ ភ្នំពេញនាពេលនេះ ចេញជារូបរាងដើម្បីបំរើសេវាសុខាភិបាលជូនប្រជាពលរដ្ឋដោយបំពាក់ឧបករណ៏វេជ្ជសាស្ត្រទំនើបទាន់សម័យ និងគ្រប់ជំនាញ។

            លោកតំណាងមន្ទីរពេទ្យបញ្ជាក់ទៀតថា សំណង់មន្ទីរពេទ្យពហុជំនាញភ្នំពេញនេះ សាងសង់មានកំពស់២៦ជាន់,ក្រោមដី៣ជាន់ និងអាចដាក់គ្រែសំរាកពិនិត្យព្យាបាលអ្នកជំងឺបានពី១៥០ទៅ២០០គ្រែ និងគ្រោងសាងសង់ឱ្យរួចរាល់ក្នុងរយះពេលពី៤ទៅ៥ឆ្នាំ ជាពេទ្យឯកជនដែលបំរើសេវាសុខភាពដូចពេទ្យរដ្ឋដែរ ដោយគិតទៅលើការជួយសង្គ្រោះប្រជាពលរដ្ឋដែលខ្វះខាតជាចំបង។

            សូមបញ្ជាក់ថា សម្រាប់ក្របខណ្ឌ័រាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញ រួមនឹងអង្គភាពជំនាញ បានដំណើរការបង្ខិតសេវាសុខាភិបាល ពង្រឹង និងពង្រីកយន្តការនៃការផ្តល់សេវាផ្នែករដ្ឋ ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់ការចូលរួមរបស់សេវាសុខាភិបាលឯកជន ក្នុងនោះគិតត្រឹមឆ្នាំ២០២១នេះ  នៅរាជធានីភ្នំពេញមានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន៧, មន្ទីរពេទ្យបង្អែកចំនួន១,មន្ទីរពេទ្យថ្នាក់ស្រុកចំនួន៧,មណ្ឌលសុខភាពចំនួន៤៣,ប៉ុស្តិ៍សុខភាពចំនួន៧ ដែលជាសេវាគ្រប់គ្រងដោយរដ្ឋ ព្រមទាំងមានមូលដ្ឋានសុខាភិបាល ឯកជនចំនួន២.៧៥៧ទីតាំងបន្ថែមទៀត កំពុងផ្តល់សេវាពិនិត្យពិគ្រោះ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

            ក្នុងដំណាក់កាលការរីករាលដាលនៃជំងឺកូវីដ-១៩ អាជ្ញាធររាជធានីភ្នំពេញដែលដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ រួមនឹងកងកំលាំងប្រដាប់អាវុធ,មន្ត្រីរាជការ ព្រមទាំងអង្គភាពជំនាញ បានខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ក្នុងរាជធានីភ្នំពេញតាមរយះការអនុវត្តវិធានចំបងៗរបស់ក្រសួងសុខាភិបាល និងតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបំរើសុខមាភាពរបស់ប្រជាពលរដ្ឋ៕

img06122111 img0612214 img06122112 img0612213 img06122117 img06122116 img06122114 img06122110 img0612212 img0612211 img0612219 img0612218 img06122115 img06122113 img0612215 img0612216 26P061221-9 26P061221-8 26P061221-7 26P061221-5 26P061221-6 26P061221-4 26P061221-2 26P061221-3