ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ណែនាំអាជ្ញាធរខណ្ឌ និងកម្លាំងមានសមត្ថកិច្ច ដែលកំពុងឈរជើងនៅតំបន់ក្រហម ពង្រឹងការងារឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីផ្តាច់កូវីដ-១៩
ថ្ងៃចេញផ្សាយ: Thursday, May 06, 2021, 4:15 PM
អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានធ្វើការណែនាំអោយអាជ្ញាធរខណ្ឌ ក៏ដូចជាកម្លាំងមានសមត្ថកិច្ច ដែលបាននឹងកំពុងឈរជើងនៅតាមគោលដៅបិទខ្ទប់ក្នុងតំបន់ក្រហម ត្រូវពង្រឹង ការងារឲ្យបានម៉ឺងម៉ាត់បំផុត ពិសេសមិនអនុញ្ញាតឱ្យចេញ-ចូលទៅក្នុងតំបន់ក្រហមជាដាច់ខាត។ ក្រោយពីមាន ការប្រកាសនៃការបិទខ្ទប់តំបន់ក្រហមនេះជាថ្មីទៀត នៅតាមបណ្ដាលខណ្ឌមួយចំនួន ដូចជានៅក្នុងខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌឬស្សីកែវ ខណ្ឌទួលគោក ខណ្ឌច្បារអំពៅ និងខណ្ឌ៧មករាជាដើម។
ការជំរុញ និងណែនាំបែបនេះ របស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងខណៈ ដែលឯកឧត្តមអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្ដែង នៅតាមតំបន់ក្រហមមួយចំនួននៅក្នុងខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌឬស្សីកែវ នៅវេលាថ្ងៃត្រង់ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ។
ក្រៅពីការណែនាំឲ្យពង្រឹង នៅតាមគោលដៅទាំងប៉ុន្មានខាងលើនេះ ឯកឧត្តម ឃួង ស្រេង ក៏បាន ឧបត្ថម្ភនូវថវិកាមួយចំនួនជូនដល់អាជ្ញាធរ និងកងកម្លាំង ដែលបាននឹងកំពុងឈរជើងនៅគោលដៅបិទខ្ទប់ទាំងនោះផងដែរ។
ការផ្តល់ជាថវិកានេះ គឺដើម្បីជាការលើកទឹកចិត្តឱ្យអាជ្ញាធរនិងកងកម្លាំង មានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបិទខ្ទប់តំបន់ក្រហមទាំងនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ចៀសវាងបាននូវការរីករាលដាលជំងឺកូវីដ-១៩ ទៅតំបន់ផ្សេងទៀត។
បន្ថែមពីលើនេះទៀត ឯកឧត្តម ឃួង ស្រេង ក៏បានឧបត្ថម្ភថវិកាមួយចំនួនទៀត ជូនទៅលោក សាន្ត សំអាត មន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដែលរងរបួសក្បាលដោយខ្យល់ព្យុះកាលពីយប់ម៉ិញ នៅពេលកំពុងបំពេញការងារ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ទៀតថា ៖ ក្នុងនាមអាជ្ញាធរក៏ដូចជាកម្លាំងមានសមត្ថកិច្ចត្រូវណែនាំពន្យល់ប្រជាពលរដ្ឋឲ្យបានយល់ពីហេតុផលនៃការបិទខ្ទប់នេះ ដែលសកម្មភាពបែបនេះ របស់អាជ្ញាធរក៏ដូចជាកងកម្លាំងប្រដាប់អាវុធ មានគោលបំណងតែមួយគត់ នោះគឺរក្សាជីវិតបងប្អូនទាំងអស់កុំឲ្យឆ្លងនូវជំងឺកូវីដ-១៩ មិនមានចេតនាណាមួយធ្វើបាបបងប្អូនទេ។
ឯកឧត្តម ឃួង ស្រេង ក្រៅពីការណែនាំ និងជំរុញឲ្យរឹតបន្តឹងនៅតាមគោលដៅសំខាន់ៗ នៃច្រកចេញចូលតំបន់ក្រហមនេះហើយ ឯកឧត្តម នូវបានណែនាំ និងបញ្ជាឱ្យអាជ្ញាធរខណ្ឌទាំងអស់ ធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មេរោគនៅតាមតំបន់ក្រហមទាំងនេះផងដែរ ពិសេសនៅតំបន់ផ្ទះជួលរបស់កម្មករ កម្មការិនីរោងចក្រស្នាក់នៅ និងនៅតាមបណ្តារោងចក្រដែលមានបញ្ហាប្រឈមខ្លាំង នៃការរីករាលដាលជំងឺកូវីដ-១៩ ។
ដោយឡែកចំពោះការផ្ដល់អំណោយជូនប្រជាពលរដ្ឋ អាជ្ញាធរខណ្ឌ សង្កាត់ ត្រូវតែបន្តចែកជូនទៅដល់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅតាមតំបន់ក្រហមនេះឯង៕