ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តម ឃួង ស្រេង អញ្ជើញក្នុងកិច្ចប្រជុំការិយាល...

ឯកឧត្តម ឃួង ស្រេង អញ្ជើញក្នុងកិច្ចប្រជុំការិយាល័យវិសាមញ្ញតាមប្រព័ន្ធ Zoom ជាមួយសមាជិកសហគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF)

ថ្ងៃចេញផ្សាយ: Friday, April 05, 2024, 3:22 PM

img0405242 img0405244

 

 

 

 

 

           ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញក្នុងកិច្ចប្រជុំការិយាល័យវិសាមញ្ញតាមប្រព័ន្ធ Zoom ជាមួយសមាជិកសហគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) ដឹកនាំដោយ លោកស្រី អាន អ៊ុដាល់ហ្គោ (Anne HIDALGO) ជាប្រធានសមាគម ដើម្បីពិភាក្សាលើសមាសភាពលេខាធិការអចិន្ត្រៃយ៍បន្ទាប់នៃសមាគម AIMF ដែលគ្រោងនឹងធ្វើនៅទីក្រុងឡូហ្សាន ប្រទេសស្វីស នាថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។

          កិច្ចប្រជុំនេះ បានពិភាក្សាសំខាន់លើសមាសភាពនៃការជ្រើសរើសលេខាធិការអចិន្ត្រៃយ៍ (AIMF) ដែលមានបេក្ខជនចំនួន៥រូប ហើយឥស្សរជនទាំង៥រូបនេះ សុទ្ធតែជាធនធានមនុស្សដែលមានសមត្ថភាព ខ្លាំងក្លាក្នុងការជួយដឹកនាំទ្រទ្រង់ (AIMF) អោយកាន់តែមានភាពរឹងមាំ ។ ក្នុងចំនោមឥស្សរជនទាំង៥រូបនេះត្រូវជ្រើសរើសតែមួយរូបប៉ុណ្ណោះជំនួសលោក ព្យែរ ប៊ៃយ៉េ  (Pierre BAILLET) ដែលត្រូវចូលនិវត្ត។

          ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ យើងខ្ញុំពិតជាមានភាពជឿជាក់ចំពោះ លោកជំទាវ  អាន អ៊ុដាល់ហ្គោ (Anne HIDALGO) អភិបាលទីក្រុងប៉ារីស និងជាប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ក្នុងការជ្រើសរើស លេខាធិការអចិន្ត្រៃយ៍ជំនួសលោក ព្យែរ ប៊ៃយ៉េ (Pierre BAILLET) ដែលចូលនិវត្ត។

          សូមបញ្ជាក់ថា ៖ សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៧៩ ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្ដម  ហ្សាក់ ហ្សីរ៉ាក (Jacques CHIRAC) អតីតប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ដែលកាលនោះ ឯកឧត្ដម ជាអភិបាលក្រុងប៉ារីស (Paris) ប្រទេសបារាំង និង លោក ហ្សង់ ប៉េលឺធៀ (Jean – PELLETIER) អតីតអភិបាលក្រុងកេបិក (Québec) ប្រទេសកាណាដា។  សមាគមនេះមានសមាជិកចំនួន ៣០៧ មកពី ៥២ ប្រទេស (ស្មើនឹងប្រជាជនសរុបប្រមាណ ១៣០លាននាក់) ប្រធានសមាគមបច្ចុប្បន្ននេះ គឺលោកស្រី អាន អ៊ុដាល់ហ្គោ (Anne HIDALGO) និងជាអភិបាលទីក្រុងប៉ារីស និងលោក ព្យែរ ប៊ែយ៉េ (Pierre BAILLET) ជាលេខាធិការ​អចិន្ត្រៃយ៍។

          សមាគម AIMF ដែលជាសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង គឺជាប្រតិបត្តិករប្រើប្រាស់ភាសាបារាំងរវាងទីក្រុងផ្សេងៗ ដូចជាសមាជិកដែលមានបណ្តាញរបស់ខ្លួន គឺមានចំណុចមួយដែលទាក់ទងទៅនឹងសាមគ្គីភាព ដើម្បីផ្តល់សហហិរញ្ញប្បទាន និងស្វែងរកដៃគូគាំទ្រទៅដល់សកម្មភាពជាក់ស្ដែងនៅតាមទីក្រុង ដែលនេះគឺជាលក្ខណៈពិសេសរបស់សមាគម AIMF ហើយក៏មានផ្នែកមួយទៀតទាក់ទងទៅនឹងការពង្រឹងកសាងសមត្ថភាពក្នុងការពិភាក្សាគ្នា ជាពិសេសបញ្ជូនសារទៅជាលក្ខណៈអន្តរជាតិ និងរបៀបវារៈពិភពលោកទាំងមូលតែម្ដង។

          គួររំលឹកថា នៅក្នុងខែឧសភា ឆ្នាំ២០២៣ថ្មីៗ កន្លងមកនេះ គណៈប្រតិភូ AIMF ខណៈមកបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញ បានសម្ពោធសមិទ្ធផលនៃគម្រោងនានា ដែលសម្រេចបានក្រោមកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ដែលក្នុងនោះមានស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ទី១ នៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ នៃគម្រោងដែលជាហិរញ្ញប្បទានរួមរវាងរដ្ឋបាលរាជធានីភ្នំពេញ, សមាគម AIMF, រដ្ឋបាលរដ្ឋធានីប៉ារីស និងសហភាពអឺរ៉ុប ដែលមានទីតាំងនៅតាមប្រឡាយស្ទឹងមានជ័យខណ្ឌមានជ័យ។ រៀបចំកិច្ចប្រជុំប្រចាំឆ្នាំ នៃបណ្តាញទីក្រុងប្រើប្រាស់ភាសាបារាំង នៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានទីស្នាក់ការនៅ សាលារាជធានីភ្នំពេញ៕

img04052411 img04052410 img04052412 img0405249 img04052413 img0405243 img0405245 img0405246 img0405247 img0405248