ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ក្រោយបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ តំបន់ប្រឈម...

ក្រោយបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ តំបន់ប្រឈម និងតំបន់ក្រហម គឺនៅរក្សាការបិទខ្ទប់ដដែរ

ថ្ងៃចេញផ្សាយ: Monday, May 03, 2021, 2:44 PM

img03052113 img03052111

 

 

 

 

 

            ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ គឺជាថ្ងៃដែលរាជរដ្ឋាភិបាល បញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ ដូចជាបញ្ចប់ ការបិទខ្ទប់ច្រកចេញចូលតាមបណ្តាខេត្តនានា នៅទូទាំងប្រទេសឡើងវិញផងដែរ។

            ក្រោយបញ្ចប់ការបិទខ្ទប់នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញក៏នៅតែរក្សាតំបន់៣ដដែរ នោះគឺតំបន់លឿង តំបន់លឿងទុំ និងតំបន់ក្រហម ដើម្បីបង្ការទប់ស្កាត់នូវជំងឺកូវីដ-១៩ គ្រាន់តែបង្រួម តំបន់រឿងទុំ និងតំបន់ក្រហមមកនៅតូចជាងមុនប៉ុណ្ណោះ។

            នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ Video conference នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ។

            ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ៖ រាជរដ្ឋាភិបាលនឹងបើកឱ្យធ្វើចរាចរណ៍ឡើងវិញនៅទូទាំងប្រទេស ពីតំបន់មួយទៅតំបន់មួយ ពីខេត្តមួយទៅខេត្តមួយ។ ដោយឡែកសម្រាប់រាជធានីភ្នំពេញ នៅរក្សាតំបន់៣ដដែល តំបន់លឿង តំបន់រឿងទុំ និងតំបន់ក្រហម ដោយឯកឧត្តមជំរុញឲ្យអាជ្ញាធរខណ្ឌ កងកម្លាំងមានសមត្ថកិច្ច ត្រូវពង្រឹងឲ្យបានម៉ត់ចត់ទៅលើទីតាំងដែលបានកំណត់ ជៀសវាងការបន្តរីកររាលដាលជម្ងឺកូវីដ-១៩ ទៅតំបន់ផ្សេងទៀត។

            ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ផងដែរថា ៖ កិច្ចប្រជុំគណៈបញ្ជាការឯកភាពនាព្រឹកនេះ មានគោលបំណងដើម្បីរៀបចំនូវយន្តការថ្មីមួយទៀត ក្រោយពីរាជរដ្ឋាភិបាលបានបើកការធ្វើចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ដូចជានៅតាមបណ្ដាខេត្តនានាឡើងវិញ ដោយយើងនឹងចេញសេចក្តីសម្រេចនានា ជាបន្តបន្ទាប់ទៀត ជុំវិញការបិទខ្ទប់តំបន់នានា ក្នុងរាជធានីភ្នំពេញនេះ។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ទៀតថា៖ ចំពោះតំបន់លឿង យើងនៅរក្សាការអនុវត្តវិធានការដដែលដោយមិនឲ្យបើកហាងហូបចុក ដែលមានតុអង្គុយ និងការជួបជុំផ្សេងទៀត។ ដោយឡែកសម្រាប់តំបន់លឿងទុំត្រូវរក្សានូវបម្រាមដដែល ហើយសម្រាប់តំបន់ក្រហម គឺជាតំបន់ដែលត្រូវបិទខ្ទប់ឲ្យបានម៉ឺងម៉ាត់បំផុត។ អ្វីដែលយើងត្រូវអនុវត្ត គឺយើងត្រូវបង្រួមការបិទខ្ទប់ តំបន់ប្រឈមអោយមកនៅទ្រង់ទ្រាយតូចជាងមុន។

            ក្នុងនោះ ឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅក្នុងកិច្ចប្រជុំនោះផងដែរថា វិធានការណ៍បិទខ្ទប់របស់រាជរដ្ឋាភិបាល ដែលនឹងបញ្ចប់នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ មានន័យថានៅសល់តែពីរថ្ងៃទៀតប៉ុណ្ណោះ។ ក្រោយថ្ងៃ០៥ ខែឧសភា ឆ្នាំ២០២១ យើងមិនមែនបើករាជធានីភ្នំពេញទាំងស្រុងនោះទេ ដោយយើងខ្លាចមានការរាលដាលជំងឺកូវីដ-១៩នេះ ទៅតំបន់ផ្សេងទៀត។ ដោយសារថា មកដល់ពេលនេះ ការរីករាលដាលឆ្លងជំងឺកូវីដ-១៩ នៅមានចំនួនរាប់រយនាក់នូវឡើយទេ។ ដូច្នេះ ក្រោយថ្ងៃ០៥ ខែឧសភា ឆ្នាំ២០២១ ការបិទខ្ទប់តំបន់មួយចំនួនគឺនៅរក្សាដដែល ជាមួយនឹងការហាមប្រាម ការធ្វើចរាចរណ៍នៅតំបន់មួយចំនួន ហាមប្រាមការបើកហាងផឹកស៊ី។ អាជ្ញាធរខណ្ឌនីមួយៗត្រូវតែពិនិត្យភូមិសាស្ត្ររបស់ខ្លួនឲ្យបានច្បាស់លាស់ ជុំវិញទីតាំងដែលត្រូវបិទបន្ត ហើយចំពោះសេចក្តីសម្រេចនានា រដ្ឋបាលរាជធានីភ្នំពេញនឹងចេញដើម្បី អនុវត្តជាបន្តបន្ទាប់ទៀត៕

img0305211 img03052111 img0305218 img0305219 img0305217 img0305216 img0305212 img0305213 img03052110 img0305214