២ថ្ងៃជាប់គ្នា គឺថ្ងៃសៅរ៌ និងថ្ងៃអាទិត្យ រដ្ឋបាលរាជធានីភ្នំពេញ ដឹកជញ្ជូនស្បៀងអាហារ ទៅចែកជូនប្រជាពលរដ្ឋនៅ តំបន់បិទខ្ទប់ចំនួន៤ម៉ឺនគ្រួសារ
ថ្ងៃចេញផ្សាយ: Sunday, May 02, 2021, 5:04 PM
អនុវត្តតាមការណែនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានដាក់បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ សហការឱ្យបានល្អជាមួយកងទ័ពជើងគោក ក្នុងការដឹកជញ្ជូនស្បៀងអាហារ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត នៅក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ឃើញថា នៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ២ថ្ងៃជាប់គ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ សម្រុកដឹកជញ្ជូនស្បៀងអាហារ ទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ចំនួន៤ម៉ឺនគ្រួសារបន្ថែមទៀត នៅតាមខណ្ឌចំនួន១៣ នៅក្នុងរាជធានីភ្នំពេញ ។
នៅថ្ងៃទី០១ និងថ្ងៃទី០២ឧសភា ឆ្នាំ២០២១ ២ថ្ងៃជាប់គ្នានេះ អាជ្ញាធរខណ្ឌនីមួយៗបានបន្តសហការជាមួយកងទ័ពជើងគោក ដឹកជញ្ជូនស្បៀងអាហារ ជូនទៅបងប្អូនប្រជាពលរដ្ឋចំនួន៤ម៉ឺនគ្រួសារបន្ថែមទៀត ក្នុងនោះបានដឹកជញ្ជូនទៅចែកជូនប្រជាពលរដ្ឋ នៅខណ្ឌមានជ័យចំនូន ១២.០០០គ្រួសារ នៅពោធិសែនជ័យចំនួន១៤.៧៥០គ្រួសារ ខណ្ឌសែនសុខចំនួន ១.៥០០គ្រួសារ ខណ្ឌព្រែកព្នៅចំនួន ១.០០០គ្រួសារ ខណ្ឌឬស្សីកែវចំនួន៣.០០០គ្រួសារ ខណ្ឌជ្រោយចង្វាចំនួន ១.០០០គ្រួសារ ខណ្ឌដូនពេញចំនួន ៩០០គ្រួសារ ខណ្ឌ៧មករាចំនួន ១.៣០០គ្រួសារ ខណ្ឌទួលគោកចំនួន ៨០០គ្រួសារ ខណ្ឌចំការមនចំនួន ៦០០គ្រួសារ ខណ្ឌបឹងកេងកងចំនួន ៦៥០គ្រួសារ ខណ្ឌច្បារអំពៅចំនួន ១.០០០គ្រួសារ និងខណ្ឌកំបូលចំនួន ១.៥០០គ្រួសារ។
គួរបញ្ជាក់ថា ៖កងកម្លាំងទ័ពជើងគោក អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានប្រើប្រាស់កងកម្លាំងទ័ពជើងគោក ជាង២០០នាក់ និងរថយន្តជាង៦០គ្រឿង ដើម្បីដឹកជញ្ជូនស្បៀងអាហារពីសាលារាជធានីភ្នំពេញទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ មានដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម ដើម្បីរំលែកទុក្ខលំបាកដល់ប្រជាពលរដ្ឋ ខណៈការបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕