ការត្រួតពិនិត្យ តាមដាន និងការគាំទ្រដល់ការអនុវត្តសកម្មភាពពាក់ព័ន្ធ នឹងការលើកកម្ពស់ភាពធន់របស់សហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញ
ថ្ងៃចេញផ្សាយ: Thursday, November 23, 2017, 12:33 PM
បងប្អូនក្នុងសហគមន៍ទាំងអស់ ត្រូវសហការគ្នាក្នុងកិច្ចការការពារមូលដ្ឋានរបស់ខ្លួនអោយមានសុខសុវត្ថិភាព មូលដ្ឋានល្អគ្មានគ្រឿងញៀន គ្មានចោរកម្ម
នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំបើកសិក្ខាសាលាឆ្លុះបញ្ចាំងស្ដីពី ” ការត្រួតពិនិត្យ តាមដាន និងការគាំទ្រដល់ការអនុវត្តសកម្មភាពពាក់ព័ន្ធ នឹងការលើកកម្ពស់ភាពធន់របស់សហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញ ” ក្រោមអធិបតីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
វគ្គបណ្ដុះបណ្ដាលនេះ គឺជាចំណេះដឹងមួយ ដើម្បីជាការរួមចំណែកអោយសិក្ខាកាមបានយល់ដឹងពីសារៈសំខាន់នៃការកសាងសហគមន៍អោយរឹងមាំ និងត្រៀមសម្រាប់ការដោះស្រាយពេលជួបបញ្ហា ដែលមានគោលបំណងសំខាន់ៗដូចខាងក្រោយ៖
– ត្រូវយល់ពីសារៈសំខាន់នៃការកសាងសហគមន៍មួយអោយរឹងមាំ ដើម្បីឆ្លើយតបទៅនឹងវិបត្តិ
– រៀបរាប់ពីសារៈសំខាន់ក្នុងការត្រៀមបម្រុងសម្រាប់គ្រោះហានិភ័យ
– រៀបរាប់ពីរបៀបដែលគណៈកម្មការកិច្ចការនារី និងកុមារ ធ្វើការជាមួយសហគមន៍ ដើម្បីត្រៀមបម្រុងសម្រាប់ការសង្គ្រោះបន្ទាប់ និងការដោះស្រាយ
– រៀបរាប់ពីផលប៉ះពាល់នៃគ្រោះហានិភ័យទៅលើការអភិវឌ្ឍន៍របស់កុមារ
– ពិពណ៌នាពីសារៈសំខាន់របស់គ្រួសារសហគមន៍ និងយន្ដការគាំទ្រសម្រាប់ការអភិវឌ្ឍន៍កុមារ។