ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  អភិបាលរាជធានីណែនាំអោយអាជ្ញាធរនិងកម្លាំងមានសមត្ថ...

អភិបាលរាជធានីណែនាំអោយអាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ចបែងចែកកម្លាំងចុះល្បាតជាប្រចាំនៅក្នុងមូលដ្ឋាននាឱកាសបុណ្យភ្ជុំបិណ្ឌ

ថ្ងៃចេញផ្សាយ: Thursday, October 12, 2023, 10:23 AM

imge1110231 imge1110235

 

 

 

 

 

        ឯកឧត្ដម  ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំអោយអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវបែងចែកកម្លាំងចុះល្បាតជាប្រចាំនៅក្នុងមូលដ្ឋានរបស់ខ្លួន នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ពោលគឺត្រូវជួយមើលថែទ្រព្យសម្បត្តិប្រជាពលរដ្ឋខណៈដែលពួកគាត់ទៅស្រុកកំណើតឬទៅតាមបណ្តាលខេត្តអស់ពីផ្ទះ។ បន្ថែមពីនេះ អាជ្ញាធរខណ្ឌទាំង១៤ កម្លាំងសមត្ថកិច្ច និងមន្ទីរពាក់ព័ន្ធត្រូវត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូកអោយបានធំ និងបានល្អប្រសើរ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ។

          ការណែនាំបែបនេះរបស់ ឯកឧត្ដម   ឃួង ស្រេង បានធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព និងសំពះព្រះខែ អកអំបុក ដោយការចូលរួមពីស្នងការដ្ឋានរាជធានី,ទីបញ្ជាការដ្ឋានកងររាជអាវុធហត្ថរាជធានី,អភិបាលខណ្ឌទាំង១៤ និងមន្ទីរចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។

          ឯកឧត្ដម  ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ច នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ត្រូវបែងចែកកម្លាំងចុះល្បាតជាប្រចាំនៅក្នុងមូលដ្ឋាន ដើម្បីមើលថែទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដោយសារថាក្នុងពិធីបុណ្យនេះ ពួកគាត់ភាគច្រើនទៅស្រុកកំណើតឬទៅតាមបណ្តាលខេត្តអស់ពីផ្ទះ ដែលយើងត្រូវមើលថែទ្រព្យសម្បត្តិជំនួសពួកគាត់។ កិច្ចការពារសន្តិសុខនេះក៏ត្រូវបន្តរហូតដល់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព និងសំពះព្រះខែ អកអំបុក ក្រោយពីព្រះរាជពិធីនេះបានអាក់ខានអស់ជាច្រើនឆ្នាំដោយសារការរាត្បាតដោយជម្ងឺកូវីដ-១៩។ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំជាគណៈកម្មការរួចរាល់ហើយ ដើម្បីអោយព្រះរាជពិធីបុណ្យអុំទូកនេះ ដំណើរការទៅដោយរលូននិងទទួលបានជោគជ័យ។

          ក្នុងកិច្ចប្រជុំនេះ ក៏បានបង្ហាញពីគម្រោងនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព និងសំពះព្រះខែ អកអំបុកឆ្នាំនេះផងដែរ បើតាមគម្រោងព្រះរាជពិធីឆ្នាំនេះនឹងមាន ទូកង ចូលរួមប្រណាំងប្រមាណជាង៣០០ទូក (រាជធានីភ្នំពេញមានប្រមាណជាង៤០ទូក), មានកីឡាករ កីឡាការិនីចំណុះទូកប្រមាណជិត២ម៉ឺននាក់ និងមានប្រទីពចូលរួមប្រមាណជាង២០ប្រទីព។ ចំពោះទីតាំងសម្រាប់ការស្នាក់នៅរបស់កីឡាករចំណុះទូក ត្រូវបានបែងចែកជា២ទីតាំង ក្នុងនោះនៅអតីតៈឃ្លាំងសាំងក្នុងខណ្ឌឬស្សីកែវមួយ ទីតាំង និងនៅខាងកើតទន្លេសាបក្នុងដីអភិវឌ្ឍន៍ OCIC ខាងជើងរង្វង់មូលនាងមច្ឆា ខណ្ឌជ្រោយចង្វាមួយទីតាំងទៀត ហើយទីតាំងទាំង២នេះនឹងការរៀបចំបណ្តាញទឹក ភ្លើង និងបង្គន់អនាម័យយ៉ាងល្អប្រសើរផងដែរ៕

imge1110232 imge1110233 imge1110236 imge1110234 imge1110238 imge1110237 imge11102320 imge11102319 imge11102312 imge11102311 imge11102310 imge1110239 imge11102318 imge11102317 imge11102316 imge11102315 imge11102314 imge11102313