ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  លោកស្រីបណ្ឌិត អ៊ីរ៉ាវាទី ជិនដ្រាដេវី កោតសសើរអភ...

លោកស្រីបណ្ឌិត អ៊ីរ៉ាវាទី ជិនដ្រាដេវី កោតសសើរអភិបាលរាជធានីភ្នំពេញចំពោះការរៀបចំវេទិកា AMF និងកិច្ចប្រជុំ MGMAC ឆ្នាំ២០២២ ប្រកបដោយភាពជោគជ័យ

ថ្ងៃចេញផ្សាយ: Saturday, December 03, 2022, 5:15 PM

imgc3122211 imgc312229

 

 

 

 

 

              លោកស្រីបណ្ឌិត  អ៊ីរ៉ាវាទី ជិនដ្រាដេវី អគ្គលេខាធិការសមាគមទីក្រុង និងរដ្ឋបាលមូលដ្ឋានប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក (UCLG ASPAC) និងវេទិកាអភិបាលក្រុងអាស៊ាន (AMF) បានកោតសរសើរអភិបាលរាជធានីភ្នំពេញ ចំពោះការរៀបចំវេទិកាអភិបាលក្រុងអាស៊ាន  AMF និងកិច្ចប្រជុំ អភិបាលរាជធានី និងរដ្ឋធានីអាស៊ាន MGMAC ឆ្នាំ២០២២នេះប្រកបដោយភាពជោគជ័យ និងប្រព្រឹតិ្តទៅដោយរលូន ដែលបានបង្ហាញនូវស្មារតីពិតប្រាកដនៃការសាមគ្គីភាព ការរួបរួមគ្នា មិត្តភាព និងភាពជាដៃគូនៅក្នុងសហគមន៍អាស៊ាន ។

ការកោតសសើរបែបនេះរបស់ លោកស្រីបណ្ឌិត  អ៊ីរ៉ាវាទី ជិនដ្រាដេវី បានធ្វើឡើងក្នុងពិធីបិទកិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានីអាស៊ាន (MGMAC 2022) និងវេទិកាអភិបាលក្រុងអាស៊ានឆ្នាំ២០២២នេះ (AMF 2022) នារសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២នេះ ។

ក្នុងឱកាសនោះ លោកស្រីបណ្ឌិត  អ៊ីរ៉ាវាទី ជិនដ្រាដេវី បានសម្តែងនូវការអបអរសាទរ និងថ្លែងអំណរគុណ ដល់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឯកឧត្តម លោកជំទាវ ពីបណ្តាទីក្រុងអាស៊ាន ក៏ដូចជាក្រុមការងារទាំងអស់ ដែលបានចូលរួមចំណែកធ្វើឱ្យសម្រេចបាននៅកិច្ចប្រជុំ និងវេទិកានេះ ប្រព្រឹត្តទៅដោយរលូននិងជោគជ័យ សម្រាប់ការជុំគ្នានៅក្នុងរាជធានីភ្នំពេញនៅក្នុងឆ្នាំនេះ ហើយឃើញថា នេះជាស្មារតីមិត្តភាព និងទំនាក់ទំនងដ៏ស្អិតល្មួត ដោយមានកិច្ចប្រជុំផ្សេងៗជាច្រើន ដែលនេះគឺជាឱកាសក្នុងការចូលរួមចែករំលែកបទពិសោធន៍ ចែករំលែកចំណេះដឹង ជាមួយនឹងបញ្ហាប្រឈម និងដំណោះស្រាយដែលអាចធ្វើទៅបាន។ ជាងនេះទៅទៀតលោកស្រីបន្ថែមថា កិច្ចប្រជុំទំាង២ ក៏មានការពិភាក្សារកដំណោះស្រាយ និងបទពិសោធន៍ពីរាជធានី រដ្ឋធានីដទៃទៀត ដើម្បីជាធាតុចូលក្នុងការពង្រឹង និងគ្រប់គ្រងរាជធានី រដ្ឋធានីអាស៊ាន ជាពិសេសក៏មានបទបង្ហាញចែករំលែកពីដៃគូនិងសមាជិក គឺត្រូវរៀបចំដោយមានការគិតគូរដល់ប្រជាពលរដ្ឋជាធំ និងផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ។

លោកស្រីបណ្ឌិត បានបន្តថា កិច្ចប្រជុំ និងវេទិកានៅថ្ងៃនេះ គឺជាមូលដ្ឋានគ្រឹះមួយ សម្រាប់បន្តពង្រឹងកិច្ចសហប្រតិបត្តិការដ៏រឹងមាំនៅក្នុងតំបន់អាស៊ាន។ មួយវិញទៀត បានអនុម័តនៅសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ គឺ បណ្តារាជធានី រដ្ឋធានី មានឱកាសក្នុងការជួបជុំគណៈប្រតិភូ ឯកឧត្តមអភិបាល អភិបាលរង ដើម្បីចូលរួមអាន រួមគ្នានៅសេចក្ដីថ្លែងការណ៍ ព្រោះនេះគឺជាសេចក្ដីថ្លែងការណ៍របស់បណ្តារាជធានី រដ្ឋធានីអាស៊ានទាំងអស់គ្នា ដែលបានបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការធ្វើការរួមគ្នា និងឆ្លុះបញ្ចាំងពីទំនុកចិត្ត ។

ក្នុងនោះ លោកស្រីក៏សូមអបអរសាទរចំពោះការខិតខំប្រឹងប្រែងរបស់របស់បណ្តារាជធានី រដ្ឋធានីអាស៊ានទាំងអស់ ក្នុងការបង្កើតរាជធានី រដ្ឋធានីឱ្យមានភាពធន់ មាននិរន្តរភាព និងភាពឆ្លាតវៃ ខណៈដែលកិច្ចការនេះ មិនមែនជាអ្វីដែលកើតឡើងនៅក្នុងថ្ងៃនេះ ឬម្សិលមិញនោះទេ គឺជាអ្វីដែលបានបន្តមករាប់ឆ្នាំមកហើយ ដើម្បីអាចទៅមុខរួមគ្នា ជោគជ័យទាំងអស់គ្នា ដោយត្រូវបន្តសាមគ្គីភាពជាបន្តទៅទៀត ដើម្បីអាចសម្រេចបានគោលដៅ ក្នុងការបង្កើតទីក្រុងដែលមានភាពឆ្លាតវៃ មានភាពធន់ និងមាននិរន្តរភាព ។

លោកស្រីបានសន្យានឹងបន្តកិច្ចការនេះជាមួយអភិបាលក្រុងឥណ្ឌូនេស៊ីបន្តទៀតដែលជាប្រធានប្តូរវេន នៅឆ្នាំ២០២៣ បន្ទាប់ពីកម្ពុជា ដើម្បីរួមគ្នាធ្វើឱ្យទីក្រុងក្នុងតំបន់អាស៊ានមានភាពឆ្លាតវៃ មានភាពធន់ និង និរន្តរភាព៕

imgc312226 imgc3122212 imgc312225 imgc312224 imgc312223 imgc312222 imgc312227 imgc312228 imgc3122214 imgc3122213 imgc312221 imgc3122215