ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  អ្នកជំងឺកូវីដ-១៩ ព្យាបាលនៅតាមផ្ទះ គិតមកដល់ពេលនេ...

អ្នកជំងឺកូវីដ-១៩ ព្យាបាលនៅតាមផ្ទះ គិតមកដល់ពេលនេះបានកើនឡើងដល់ជិត១ពាន់នាក់ហើយ និងមានអ្នកជាសះ ជាច្រើនរយនាក់ហើយដែរ

ថ្ងៃចេញផ្សាយ: Friday, July 09, 2021, 2:32 PM

img97215 img97218

 

 

 

 

 

          អ្នកជំងឺកូវីដ-១៩ ព្យាបាលនៅតាមផ្ទះ គិតមកដល់ម៉ោងនេះបានកើនឡើងដល់ចំនួនជិត១ពាន់នាក់ហើយ ហើយក្នុងចំនួននេះ ក៏មានអ្នកសះជាពីជំងឺនេះជាច្រើនរយនាក់ផងដែរ ក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនិងអាជ្ញាធរ ទៅតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្តអោយមានការព្យាបាលជំងឺកូវីដ-១៩នៅតាមផ្ទះ ខណៈដែលជំងឺនេះពីមួយថ្ងៃទៅមួយថ្ងៃមិនមានការថមថយសោះ។

            នេះបើតាមការបង្ហាញឱ្យដឹងក្នុងកិច្ចប្រជុំមួយតាមរយៈ Video Conference ជាមួយ ឯកឧត្តមអភិបាលរងរាជធានី ឯកឧត្តមស្នងការការនគរបាលរាជធានី ឯកឧត្តមមេបញ្ជាការកងរាជអាវុធហត្ថរាជធានី អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរសុខាភិបាល ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ។

            លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា គិតមកដល់ម៉ោងនេះ អ្នកជំងឺកូវីដ-១៩ ព្យាបាលនៅតាមផ្ទះបានកើនឡើងដល់ចំនួន៩១៥នាក់ហើយ ហើយក្នុងចំនួននេះ មានអ្នកសះជាពីជំងឺនេះ ចំនួន២៦៨នាក់ និងមានអ្នកកំពុងព្យាបាលចំនួន៦៤៧នាក់ ស្រីចំនួន៣១៧នាក់។

            លោកបញ្ជាក់ថា ការកើនឡើងនូវចំនួនអ្នកជំងឺកូវីដ-១៩ ព្យាបាលនៅតាមផ្ទះ ប៉ុន្មានថ្ងៃនេះ ដោយសារតែយើងបានលើកទឹកចិត្តអោយពួកគាត់បានព្យាបាលជំងឺកូវីដ-១៩នៅតាមផ្ទះ។

            លោកបន្តថា ចំពោះអ្នកជំងឺដែលកំពុងព្យាបាលនៅតាមមណ្ឌល ពួកគាត់អាចសុំការអនុញ្ញាតិ សូមប្តូរទៅព្យាបាលនៅតាមផ្ទះវិញបាន តែត្រូវមានកិច្ចសន្យាមួយ ជាមួយក្រុមការងារ ដោយភ្ជាប់នូវលក្ខខ័ណ្ឌច្បាប់មួយចំនួន ហើយយើងជាអ្នករាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីគ្រប់គ្រងមើលការខុសត្រូវពួកគាត់។

            ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា បងប្អូនប្រជាពលរដ្ឋ ក្រោយការពិនិត្យធ្វើតេស្តទៅឃើញវិជ្ជមានកូវីដ-១៩ ក្នុងនាមជាអាជ្ញាធរនិងក្រុមគ្រូពេទ្យ ត្រូវសួរនាំពួកគាត់ ថាតើមានលទ្ធភាពទៅព្យាបាលនៅតាមផ្ទះទេ បើមានយើងត្រូវជូនពួកគាត់មកផ្ទះខ្លាចពួកគាត់ទៅណាផ្តេសផ្តាសមុនចូលផ្ទះ។ នៅផ្ទះទៀតសោធន៍ ទោះបីផ្ទះនោះ ជាផ្ទះអ្នកណាក៏ដោយត្រូវតែដាក់ស្លាកសញ្ញា( ឡូហ្គោ )ដែលចេញដោយសាលារាជធានីភ្នំពេញ ដើម្បីឱ្យប្រជាពលរដ្ឋផ្សេងទៀតបានដឹងនឹងចេះប្រយ័ត្នខ្លួន។ ចំពោះសំរាមនៅផ្ទះអ្នកព្យាបាលជំងឺកូវីដ-១៩ មិនអនុញ្ញាតអោយយកចេញរាល់ថ្ងៃទេ គឺត្រូវទុករយៈពេល៧២ម៉ោងទើបអោយយកចេញមកក្រៅម្តង ព្រោះខ្លាចរីករាលដាលជំងឺកូវិដ-១៩។

            ឯកឧត្តម ឃួង ស្រេង បានបញ្ជាទៅអាជ្ញាធរខណ្ឌទាំង១៤ត្រូវតែយកចិត្តទុកដាក់ខ្ពស់ ចំណោះការងារព្យាបាលនៅតាមផ្ទះនេះ ដោយអាយុជីវិតនិងជោគវាសនាពួកគាត់ត្រូវពឹងពាក់មកលើយើងហើយ។

            ឯកឧត្តម ឃួង ស្រេង យល់ឃើញថា ការព្យាបាលតាមផ្ទះនេះ ពិតជាទទួលបានជោគជ័យ ដោយសារតែប្រជាពលរដ្ឋចូលរួមសហការ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការងារនៃការព្យាបាលតាមផ្ទះនេះ។

            គួរបញ្ជាក់ថា ការរៀបចំអោយមានការព្យាបាលអ្នកជំងឺកូវីដ-១៩តាមផ្ទះនេះ ធ្វើឡើងស្របតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយការងារនេះរាជធានីភ្នំពេញបានឈានមួយជំហានទៅមុខរួចហើយ ដោយមកដល់ពេលនេះមានអ្នកជំងឺកូវីដ-១៩ចំនួន៩១៥នាក់ហើយបានព្យាបាលនៅតាមផ្ទះ និងមានអ្នកសះជាចំនួន២៦៨នាក់ និងអ្នកកំពុងព្យាបាលចំនួន៦៤៧នាក់ ស្រីចំនួន៣១៧នាក់៕

img97214 img97219 img97212 img97211 img97217 img97216 img972111 img972110