ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  គិតត្រឹមដើមឆ្នាំ២០២២ នេះ នៅរាជធានីភ្នំពេញ មានសំ...

គិតត្រឹមដើមឆ្នាំ២០២២ នេះ នៅរាជធានីភ្នំពេញ មានសំណង់បុរី និងបណ្ដុំផ្ទះល្វែងជាង៣០០កន្លែង និងអគារខ្ពស់ៗ ជាង ១.៦០០អគារ

ថ្ងៃចេញផ្សាយ: Tuesday, June 07, 2022, 3:04 PM

img76226 img762211

 

 

 

 

 

            អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ឱ្យដឹងថា៖ គិតត្រឹមដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញ មានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០កន្លែង និងអគារខ្ពស់ៗ ចំនួន ១.៦០៣អគារ ក្នុងនោះ អគារកម្ពស់ចាប់ពី ២០ជាន់ឡើងទៅ មានចំនួន ២២៥អគារ ហើយក្នុងឆ្នាំ២០២១ កន្លងទៅ ទោះបីមានផលប៉ះពាល់ពីវិបត្តិជាសកលបង្កឡើងដោយជំងឺកូវីដ-១៩ ក៏រាជធានីភ្នំពេញនៅតែបន្តទទួលបានគម្រោងសាងសង់ថ្មីៗពីវិស័យឯកជន រហូតដល់ទៅចំនួន ១.០៥០ គម្រោង លើផ្ទៃក្រឡាសំណង់សរុបជាង ៤,៦៣ លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង ២,២៦ពាន់លានដុល្លាអាមេរិក បន្ថែមទៀត ធ្វើឱ្យរាជធានីភ្នំពេញកាន់តែមាន ភាពស្រស់បំព្រង មិនចាញ់បណ្តាទីក្រុងនៃប្រទេសក្បែរខាង និងក្នុងតំបន់អាស៊ានឡើយ។

            ការបញ្ជាក់ របស់ ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើង នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២នេះ ខណៈ ឯកឧត្តមបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសម្ភោធផ្សារទំនើប ព្រីនស៍ ថាមសឃែ្វរ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

            ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ទៀតថា៖ ផ្សារទំនើប ព្រីនស៍ ថាមសឃែ្វរបានប្រមូលផ្តុំនូវម្ចាស់អាជីវកម្មចិន និងខ្មែរជាច្រើន និងជាអគារពាណិជ្ជកម្មខ្នាតធំដែលមានមុខងារពេញលេញនៅក្នុងទីក្រុងភ្នំពេញ ហើយក៏ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដំបូងបង្អស់របស់ក្រុមហ៊ុន ព្រីនស៍ រៀល អុីស្ទេត គ្រុប ដែលបានបើកដំណើរការជាសាធារណៈ។ ក្រុមហ៊ុន ព្រីនស៍ រៀល អុីស្ទេត គ្រុប បានបណ្តាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងវិស័យអចលនទ្រព្យ, ធនាគារ, ផ្សារទំនើប និងគម្រោងអភិវឌ្ឍន៍មួយចំនួនទៀត ជាពិសេសក្នុងមូលដ្ឋានរាជធានីភ្នំពេញ ។

            ឯកឧត្ដម បន្តថា កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មានថានឹងបន្តងើបឡើងវិញ នាបណ្តាឆ្នាំខាងមុខយ៉ាងឆាប់រហ័ស ស្របតាមការកើនឡើងនូវតម្រូវការសកល និងទំនុកចិត្តរបស់វិនិយោគគិនទាំងក្នុងស្រុក និងបរទេស ដែលជាសក្តានុពលដ៏ធំសម្រាប់ការវិនិយោគក្នុងវិស័យអចលនទ្រព្យ ជាពិសេសអគារពាណិជ្ជកម្ម សណ្ឋាគារ សំណង់បុរី អគារស្នាក់នៅរួម ខុនដូ និងផ្សារទំនើប ប្រកបដោយប្រណីតភាព សម្រាប់បម្រើដល់ការរស់នៅប្រចាំថ្ងៃ ។

            ការបើកសម្ពោធផ្សារទំនើប ព្រីនស៍ ថាមសឃែ្វរគឺជាជម្រើសអាជីវកម្មមួយ ដែលនឹងទទួលបានការគាំទ្រពី សំណាក់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ក្នុងទីក្រុង ស្របពេលដែលប្រទេសជាតិយើងបានបើកដំណើរការសកម្មភាពសេដ្ឋកិច្ច-សង្គម ពេញលេញឡើងវិញលើគ្រប់វិស័យ។

            លោក ខ្លីហ្វ កុហ្ស (CLIFF KOH) អភិបាលប្រតិបត្តិ នៃក្រុមហ៊ុន ព្រីនស៍ រៀល អុីស្ទេត គ្រុប  បានលើកឡើងថា ៖ កម្ពុជាកំពុងបើកដំណើការសកម្មភាពសេដ្ឋកិច្ច-សង្គមពេញលេញឡើងវិញលើគ្រប់វិស័យ តាមគន្លងប្រក្រតីភាពថ្មី ។ ហើយផ្សារទំនើបព្រីនស៍ ថាមសឃែ្វរដែលបានបើកសម្ពោធនៅពេលនេះ នឹងក្លាយទៅជាគោលដៅដើរទិញទំនិញ ការកម្សាន្ត និងទេសចរណ៍មួយ ដែលទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ហើយក្នុងអំឡុងពេលសាងសង់គម្រោងនេះ រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួង មន្ទីរពាក់ព័ន្ធ បានផ្ដល់ការគាំទ្រយ៉ាងច្រើន ដែលធ្វើឱ្យគម្រោងនេះអាចអភិវឌ្ឍ និងបើកដំណើរការស្របតាមការរំពឹងទុក។

            លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះការគាំទ្រពីសំណាក់ស្ថាប័នរដ្ឋគ្រប់លំដាប់ថ្នាក់ក្នុងពេលកន្លងមក ក៏ដូចជាការគាំទ្រ និងការទទួលស្គាល់យ៉ាងពេញទំហឹងពីគ្រប់មជ្ឈដ្ឋាន និងពីសំណាក់ប្រជាជនកម្ពុជាផងដែរ៕

img76225 img76223 img762215 img76229 img762213 img762214 img762210 img76228 img762212 img76227 img76224 img76222 img762217 img762216 img762219 img762218 img762220 img762222 img762227 img762225 img762229 img762228 img762226 img762224 img762221 img762223