ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតឱ្យលេងល្បែងបាញ់...

រដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតឱ្យលេងល្បែងបាញ់ទឹកនាឱកាសបុណ្យចូលឆ្នាំឡើយ

ថ្ងៃចេញផ្សាយ: Wednesday, April 06, 2022, 9:15 AM

img542215 img542214

 

 

 

 

 

            ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំដល់អភិបាលខណ្ឌទាំង១៤យកចិត្តទុកដាក់ណែនាំបន្ត ហាមដាច់ខាតមិនអនុញ្ញាតិឱ្យប្រជាពលរដ្ឋលេងល្បែងជះទឹកឬបាញ់ទឹកដាក់គ្នានៅតាមផ្លូវសាធារណៈ តំបន់រមណីយដ្ឋាន កន្លែងកំសាន្តសប្បាយៗ ទីវត្តអារាម និងកន្លែងរៀបចំសង្ក្រាន្តវត្តភ្នំឡើយ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ  ដើម្បីបង្ការការពារ ការរីករាលដាលនៃជំងឺកូវីដ-១៩   ខណៈដែលជំងឺនេះមិនទាន់មានស្ថានភាពថមថយនៅឡើយទេ។

            ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងដូច្នេះក្នុងពេលឯកឧត្ដមដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដមបានណែនាំឱ្យកងកម្លំាងចម្រុះ ទប់ស្កាត់ឱ្យខាងតែបានករណីលេងល្បែងបាញ់ទឹកនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ ព្រោះវាជាបញ្ហាប្រឈមមួយនាំឱ្យឆ្លងរីករាលដាលនៃជំងឺ​​កូវីដ-១៩។

            ឯកឧត្តមអភិបាលបានបញ្ជាក់ទៀតថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះនៅសល់តែ៩ថ្ងៃទៀតប៉ុណ្ណោះនឹងត្រូវបានចាប់ផ្តើម បន្ទាប់ពីខកខានប្រារព្ធពិធីនេះឱ្យបានធំដំអស់រយៈ២ឆ្នាំកន្លងមកហើយ ដោយសារជំងឺជាសាកលកូវីដ-១៩។ ប៉ុន្តែសម្រាប់ឆ្នាំនេះក្រោមការប្តេជ្ញាចិត្តយ៉ាងមោះមុត ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាប្រកាសបើកឱ្យមានការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី និងការរៀបចំកម្មវិធីសប្បាយៗនៅតាមទីវត្តអាររាម និងកន្លែងសាធារណៈឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ។

តាមរយៈនេះ ឯកឧត្តមបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចរាល់ក្នុងការទទួល រៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនៅទីតំាងតំបន់ប្រវត្តិសាស្រ្តវត្តភ្នំ  ហើយនៅតាមវត្តទាំង១៥០ទូទំាងរាជធានីភ្នំពេញក៏ត្រូវរៀបចំកម្មវិធីទទួលទេវតាឆ្នាំថ្មី និងការរៀបចំកម្មវិធីកម្សាន្តសប្បាយមានរាំច្រៀង លេងល្បែងប្រជាប្រិយខ្មែរ ដើម្បីទទួលអំណរទេវតាឆ្នាំថ្មី។

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យរដ្ឋបាលខណ្ឌ និងកងកម្លាំងចម្រុះត្រូវតែពង្រឹងវិធានការការពារសន្តិសុខសណ្តាប់ធ្នាប់នៅគ្រប់ទីកន្លែង កម្សាន្តសប្បាយ ដើម្បីធ្វើយ៉ាងណាបង្កើនភាពកក់ក្តៅ សុវត្ថិភាព និងសន្តិសុខសណ្តាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋដែលមកលេងកម្សាន្តប្រកប ដោយភាពសប្បាយរីករាយ និងគ្មានឧបសគ្គណាមួយមករំខានឡើយ។ ហើយបន្ថែមពីនេះទៀតត្រូវទប់ស្កាត់ឱ្យខានតែបានការលេងល្បែងបាញ់ទឹក ដោយវាពុំមែនជាល្បែងប្រជាប្រិយខ្មែរឡើយ ហើយម្យ៉ាងទៀតអាចឆ្លងជំងឺ​ កូវីដ-១៩ ទៅតាមទឹកដែលបានបាញ់នោះ។

            ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ រៀបចំសោភ័ណភាព តុបតែងលម្អភ្លើងចម្រុះពណ៌នៅតាមដងផ្លូវ ទីវត្តអារាដម និងនៅតំបន់រមណីយដ្ឋានវត្តភ្នំ ដើម្បីធ្វើយ៉ាងណាឱ្យទីតំាងទាំងនោះកាន់តែមានសម្រស់ស្រស់ស្អាតនាពេលរាត្រី ជាទីក្រុងស៊ីវិល័យ ដែលទទួលស្វាគមន៍ភ្ញៀងទេសចរណ៍  និងប្រជាពលរដ្ឋដែលមកលេងកម្សាន្តនាឱកាសបុណ្យចូលឆ្នាំថ្មី។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅថ្ងៃខាងមុខនេះព្រះរាជាណាចក្រកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ តាមរយៈនេះទាមទារឱ្យគណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់លើកការងារសន្តិសុខ ដើម្បីធានាសុវត្ថិភាពនិងសន្តិសុខសណ្តាប់ធ្នាប់ក្នុងពេលបោះឆ្នោត។ ឯកឧត្តមបានបញ្ជាក់ថា ចាប់ពីពេលនេះ គ្រប់ខណ្ឌទំាងអស់ត្រូវរឹតបណ្តឹងការងារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ក៏ដូចជានៅតាមទីតាំងស្នាក់ការគណបក្សនានាដែលត្រូវមានកាតព្វកិច្ចការពារសន្តិសុខជូនពួកគាត់ ដែលឆ្លើយតបទៅនឹងការអំពាវនាវរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត  ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការបោះឆ្នោតបានប្រព្រឹត្តិទៅដោយរលូន និងមានសុវត្ថិភាព៕

img542215 img54224 img54222 img54223 img542213 img542218 img542217 img542216 img542221 img542220 img542212 img542219 img542211 img542210 img54229 img54228 img54227 img54226