ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រដ្ឋបាលរាជធានីភ្នំពេញ ទទួលការឧបត្ថម្ភទឹកក្រូច៨០...

រដ្ឋបាលរាជធានីភ្នំពេញ ទទួលការឧបត្ថម្ភទឹកក្រូច៨០០កេស ពីក្រុមហ៊ុនឯកជន ដើម្បី ជួយពលរដ្ឋរងគ្រោះ ដោយជំងឺកូវីដ-១៩

ថ្ងៃចេញផ្សាយ: Thursday, April 29, 2021, 1:35 PM

img2904211 img2904212

 

 

 

 

 

           រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានការឧបត្ថម្ភនូវទឹកក្រូចចំនួន ៨០០កេស ពីក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកាកូឡា ដើម្បីជួបន្តយឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយជំងឺរាតត្បាតកូវីដ-១៩។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងកាលពីព្រលប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន ឯកឧត្តម នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកាកូឡា ដែលបានយកទឹកក្រូចចំនួន ៨០០កេសនេះ មកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលទទូលរងគ្រោះដោយជំងឺរាតត្បាតកូវីដ-១៩។

តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា ឱ្យបានទាន់ពេលវេលា។

ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន នឹងកំពុងជួបប្រទះ នឹងគ្រោះភ័យនៃការរាតត្បាតពីជំងឺកូវីដ-១៩៕