ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ផ្លូវថ្មើជើង (Walk street) តាមបណ្តោយមាត់ទន្លេចា...

ផ្លូវថ្មើជើង (Walk street) តាមបណ្តោយមាត់ទន្លេចាប់ពីមុខប្រៃសណីយ៍កម្ពុជារហូតដល់មុខព្រះបរមរាជវាំង រដ្ឋបាលរាជធានីភ្នំពេញនឹងដាក់ឱ្យដំណើរការជាជំហានដំបូង នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥

ថ្ងៃចេញផ្សាយ: Wednesday, January 29, 2025, 5:44 PM

img2901251 img2901252

ផ្លូវថ្មើជើង (Walk street) តាមបណ្តោយមាត់ទន្លេចាប់ពីមុខប្រៃសណីយ៍កម្ពុជារហូតដល់មុខព្រះបរមរាជវាំង(ផ្លូវលេខ២៤០)រដ្ឋបាលរាជធានីភ្នំពេញនឹងដាក់ឱ្យដំណើរការជាជំហានដំបូង នៅថ្ងៃទី០១​ ខែកុម្ភៈ​ ឆ្នាំ​២០២៥ខាងមុខនេះ ដោយចាប់ផ្តើមពី​ម៉ោង៦ល្ងាចដល់ម៉ោង១១យប់​ រាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

          នេះបើតាមការបង្ហាញអោយដឹង ក្នុងកិច្ចប្រជុំជាថ្មីទៀត ដើម្បីពិនិត្យវឌ្ឍនភាពនៃការរៀបចំផ្លូវថ្មើរជើង(Walkstreet)ខាងលើនេះ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រសួងទេសចរណ៏ និងអាជ្ញាធរពាក់ព័ន្ធនៅសាលារាជធានីភ្នំពេញ។

          ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា៖ ផ្លូវថ្មើជើងនេះ យើងមានគម្រោងយូរមកហើយ ពោលគឺតាំងពីឆ្នាំ២០១៩មកម្លេះ ដោយសារស្ថានភាពនៃវិបត្តិ ជំងឺកូវីដ-១៩ បានធ្វើឱ្យគម្រោងនេះផ្អាកដំណើរការសិន។ ប៉ុន្តែបន្ទាប់ពីមានការណែនាំរបស់រាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញបានជំរុញ ការងារឱ្យផ្លូវថ្មើរជើងនេះដំណើរការឡើងវិញ ដើម្បីធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តឱ្យបានច្រើន។

          ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា៖ គម្រោងនេះត្រូវតែចេញដំណើរការ នៅថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០២៥ខាងមុខនេះ ដោយជាជំហានដំបូងយើងបើកផ្លូវថ្មើរជើងនេះ នៅរាល់ល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់។ ជាការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនារាជធានីភ្នំពេញឱ្យកាន់តែច្រើនថែមទៀត។

គម្រោងផ្លូវថ្មើជើង (Walk street) ត្រូវបិទចរាចរណ៍យានជំនិះគ្រប់ប្រភេទ រៀបចំបង្គន់អនាម័យ និងការងាររៀបចំសណ្តាប់ធ្នាប់ការលក់ដូរនៅលើតម្រាយផ្លូវនេះឱ្យបានល្អ ដើម្បីទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ។ នៅមុនឈានទៅដល់ថ្ងៃបើកនាថ្ងៃទី០១ ខែកុម្ភៈ យើងត្រូវធ្វើសេចក្តីជូនដំណឹង ដើម្បីណែនាំប្រជាពលរដ្ឋរស់នៅតំបន់នេះឱ្យបានយល់ពីគម្រោងនេះ។ អាជ្ញាធរត្រូវរៀបចំសណ្តាប់ធ្នាប់អោយបានល្អ ជាមួយនឹងការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដោយដាក់មីក្រូស្រែកបំពងសំលេង កុំឱ្យយានយន្តចូល ពេលបើកដំណើរការ នៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។ គិតគូរពីអនាម័យបរិស្ថាន អ្នកលក់ដូរ។ ដោយសារប្រជាពលរដ្ឋកំពុងទន្ទឹងរងចាំគម្រោងនេះ។ ក្រោយបើកឱ្យដំណើរការ យើងនឹងអង្កេតជាមួយនិងការដកបទពិសោធន៍ ដើម្បីកែលំអរផ្លូវថ្មើជើង(Walk street) នេះឱ្យកាន់តែល្អប្រសើរថែមទៀត៕

img2901253 img2901254 img2901255 img2901256 img2901257 img2901258 img2901259 img29012510 img29012511 img29012512 img29012513 img29012514 img29012515 img29012516 img29012517 img29012518 img29012519 img29012520 img29012521 img29012522 img29012523 img29012524 img29012525 img29012526