ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  អ្នកចែកប័ណ្ណចាក់សាំងជូនកុមារ ជាថ្នូរនៃការយកលុយ ...

អ្នកចែកប័ណ្ណចាក់សាំងជូនកុមារ ជាថ្នូរនៃការយកលុយ នឹងមានបញ្ហាប្រឈមធ្ងន់ធ្ងរជាមួយរដ្ឋបាលរាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Wednesday, July 28, 2021, 3:00 PM

img287212 img2872113

 

 

 

 

 

            ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការប្រមានទៅអាជ្ញាធរខណ្ឌ សង្កាត់ ភូមិ ទាំងអស់ ដែលមានសិទ្ធក្នុងការចែកប័ណ្ណចាក់សាំងការពារកូវីដ-១៩ ជូនកុមារ ចាប់ពីអាយុ១២ឆ្នាំដល់១៧ឆ្នាំ គឺមិនអនុញ្ញាត្តឱ្យមានជាដាច់ខាត ចំពោះការយកលុយជាថ្នូរនៃការផ្តល់ប័ណ្ណចាក់សាំង​ជូនកុមារ។ បើមានករណីបែបនេះ នឹងមានបញ្ហាប្រឈមជាមួយនឹងរដ្ឋបាលរាជធានីភ្នំពេញ ពោលគឺរដ្ឋបាលរាជធានីភ្នំពេញ មិនមានការយោគយល់ជាដាច់ខាត។

ការព្រមានបែបនេះ របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំតាមរយៈ Video conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សាលើការងារត្រៀមបើកយុទ្ធនាការចាក់វា៉ក់សាំងកូវីដ-១៩ (ស៊ីណូប៉ាក់) ដល់កុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់អាយុ ក្រោម១៨ ឆ្នាំ នៅរាជធានីភ្នំពេញ។

            ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថាការចាក់វ៉ាក់សាំងជូនកុមារដែលមានអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំនេះ អាជ្ញាធររបស់យើងត្រូវតែរៀបចំ និងធ្វើឡើងឲ្យបានម៉ត់ចត់បំផុត ដើម្បីឱ្យដំណើរការនៃការចាក់វ៉ាក់សាំងនេះទទួលបានជោគជ័យ និងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់បងប្អូនប្រជាពលរដ្ឋ ហើយអ្វីដែលសំខាន់ គឺដាច់ខាតមិនឲ្យមាននរណាម្នាក់យកលុយជាថ្នូរនៃការចេញប័ណ្ណចាក់សាំងជូនកុមារ ជាថ្នូរនៃការយកលុយនោះទេ។ បើនៅតែមានសកម្មភាពបែបនេះ រដ្ឋបាលរាជធានីភ្នំពេញមិនយោគយល់ជាដាច់ខាត។ ដូច្នេះស្នើសុំឲ្យអាជ្ញាធរខណ្ឌ សង្កាត់ត្រូវតែយកចិត្តទុកដាក់ឲ្យបានហ្មត់ចត់បំផុតចំពោះ​ការងារនេះ គឺមិនអនុញ្ញាតជាដាច់ខាតចំពោះការចេញប័ណ្ណជាថ្នូរនៃការយកប្រាក់ជាដាច់ខាត អាជ្ញាធរខណ្ឌ សង្កាត់ត្រូវតែទទួលខុសត្រូវដោយខ្លួនឯង។  បន្ថែម​ពីលើនេះទៀត ឯកឧត្តម ឃួង ស្រេង ក៏បានស្នើដល់អាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹងឲ្យបានម៉ត់ចត់ចំពោះវិធានការការពារជំងឺកូវីដ-១៩ ពិសេស វុីរឺសបំលែងថ្មី (ដែលតា) ដែលបាននឹងកំពុងវាយលុកនៅពេញពិភពលោក ហើយកម្ពុជាក៏ជាប្រទេសមួយបាននឹងកំពុងប្រឈមនឹងវុីរឺសថ្មីនេះផងដែរ។ ជាងនេះទៀត ត្រូវបន្តពង្រឹងអោយបានល្អប្រសើរបំផុត ចំពោះការផ្ដល់សេវា ការសម្រួលទៅដល់បងប្អូនប្រជាពលរដ្ឋដែលមានជំងឺកូវីដ-១៩ ហើយពួកគាត់បានស្ម័គ្រចិត្តព្យាបាលនៅតាមផ្ទះ ៕

img2872112 img287217 img2872110 img2872111 img287215

img287219img287216 img287214 img287211 img287218