ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដាក់វិធានការដើម្...

គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដាក់វិធានការដើម្បីកំណត់ការចេញ ចូល និងគ្រប់គ្រងនៅតំបន់ពណ៌ទាំង៣នៅក្នុងរាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Wednesday, April 28, 2021, 4:50 PM

img280421a3 img280421a6

 

 

 

 

 

             គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានដាក់ចេញជាវិធានការយ៉ាងម៉ឺងម៉ាត់មួយ លើការកំណត់ការចេញ ចូល និងការគ្រប់គ្រង ការអនុវត្តនៅតំបន់ពណ៌លឿង លឿងទុំ និងតំបន់ក្រហម នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ អោយបានល្អប្រសើរ ក្នុងការទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ទៅតាមសេចក្តីសម្រេចលេខ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល។

            ការដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ខាងលើនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ Video Conference ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ឯកឧត្តមកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មការប្រតិបត្តិ នៃ គ ប ខ ព្រមទាំងមានការចូលរួមពី កងរាជអាវុធហត្ថលើផ្ទៃប្រទេស អាជ្ញាធរខណ្ឌទាំង១៤ ស្នងការប៉ូលីសរាជធានីភ្នំពេញ និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិកាលសហគមន៍២០កុម្ភៈនេះ។

            ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការបង្កើតអោយមានកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញតាមរយៈ Video Conferenceនេះឡើង គឺក្នុងគោលបំណងកំណត់អោយបានច្បាស់លាស់ ពីតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង ងាយស្រួលគ្រប់គ្រង និងអនុវត្តការងារទៅតាមសេចក្តីសម្រេចលេខ៥៤ ស ស រ របស់រាជរដ្ឋាភិបាលអោយបានម៉ឺងម៉ាត់ ពិសេសផ្សព្វផ្សាយអោយប្រជាពលរដ្ឋ ចូលរួមជាមួយអាជ្ញាធររបស់យើង ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ អោយបានល្អបន្ថែមទៀត។ ប៉ុន្តែទោះបីជាយ៉ាងណាក្ដី ឯកឧត្តម ឃួង ស្រេង បានណែនាំអោយកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរទាំងអស់ អនុវត្តការងារខាងលើនេះ កុំអោយលើស និងកុំអោយខ្វះ ដើម្បីអនុវត្តសេចក្តីសម្រេចលេខ៥៤សសរ របស់រាជរដ្ឋាភិបាលនេះ ទទួលបានជោគជ័យ។

            ឯកឧត្តម កើត រិទ្ធ បានប្រសាសន៍លើកឡើងថា ពាក់ព័ន្ធនិងការងារនេះ នៅក្រុងតាខ្មៅខេត្តកណ្ដាល យើងបានប្រជុំ និងសម្រេចរួចហើយ ដើម្បីពង្រឹងការងារលើការបន្តការបិទខ្ទប់ក្រុងតាខ្មៅបន្តទៀត។ ដោយឡែកនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ យើងបានប្រជុំជាមួយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ video conference បន្តទៀត ដើម្បីកំណត់ការចេញ ចូល និងការគ្រប់គ្រង ការអនុវត្តនៅតំបន់ពណ៌លឿង លឿងទុំ និងតំបន់ក្រហម នៅក្នុងរាជធានីភ្នំពេញ ។

            ឯកឧត្តម កើត រិទ្ធ បន្ថែមថា យើងមានគោលដៅ២ ដែលត្រូវអនុវត្ត ទី១ គឺ ស្វែងយល់អោយបានច្បាស់ លាស់បន្ថែមពីតំបន់បិទខ្ទប់ ដើម្បីយកទៅអនុវត្តអោយចំគោលដៅ មិនលើស មិនខ្វះ និងទទួលបានជោគជ័យ ទី២ គឺការផ្សព្វផ្សាយប្រជាពលរដ្ឋអោយបានយល់ ពីអ្វីដែលពួកគាត់ត្រូវអនុវត្ត អ្វីដែលពួកគាត់គួរធ្វើ និងមិនគួរធ្វើ លើតំបន់៣ពណ៌ដែលបានកំណត់ ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ។

            ឯកឧត្តម កើត រិទ្ធ ក្នុងឱកាសនោះក៏បានសម្តែងការកោតសរសើរចំពោះកងកម្លាំង និងអាជ្ញាធររាជធានីភ្នំពេញ ក្នុងរយៈពេល១៤ថ្ងៃនៃការបិទខ្ទប់រាជធានីភ្នំពេញនេះ ឃើញថា កម្លាំង និងអាជ្ញាធរបានប្រឹងប្រែងខ្លាំងណាស់ទាំងកម្លាំងកាយ កម្លាំងចិត្ត ដែលបានធ្វើអោយការងារនេះដំណើរការទៅដោយរលូននិងជោគជ័យ និងមានការចូលរួមពីប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរផងដែរ៕

img280421a6img280421a9 img280421a10 img280421a1 img280421a2 img280421a4 img280421a5img280421a8