ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ជំរុញឲ្យអាជ្ញាធរខណ្...

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ជំរុញឲ្យអាជ្ញាធរខណ្ឌមានវិធានការឱ្យបានម៉ឺងម៉ាត់ បំផុតចំពោះទីតាំងផ្ទុះជម្ងឺកូវីដ-១៩ថ្មី និងនៅតាមទីផ្សារ

ថ្ងៃចេញផ្សាយ: Wednesday, May 26, 2021, 3:16 PM

img260521b14 img260521b5

 

 

 

 

 

           ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌ ដែលមានមូលដ្ឋានរបស់ខ្លួនមានតំបន់បិទខ្ទប់(តំបន់លឿងទុំ) និងមានផ្សារ ត្រូវអនុវត្តការងារលើកិច្ចការពារឲ្យបានហ្មត់ចត់បំផុត ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ពីតំបន់មួយទៅតំបន់មួយទៀត ខណៈដែលពេលនេះមានខណ្ឌមួយចំនួន បានផ្ទុះឡើងនូវជំងឺកូវីដ-១៩នេះ ជាថ្មីឡើងវិញ។

            ការជំរុញបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ជាមួយអភិបាលខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ ខណៈដែលខណ្ឌមួយចំនួនកំពុងប្រឈមនឹងការបិទខ្ទប់ផ្នែកខ្លះនៃខណ្ឌរបស់ខ្លួន ពាក់ព័ន្ធនឹងការផ្ទុះឡើងជំងឺកូវីដ-១៩ ជាថ្មីឡើងវិញ។

            តំបន់ដែលផ្ទុះឡើងវិញនូវជម្ងឺកូវីដ-១៩ជាថ្មីនេះ មានមួយផ្នែកខ្លះ នៃខណ្ឌសែនសុខ ,នៅសហគមន៍ AB ភូមិផ្សារតូច ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ភូមិព្រៃទា សង្កាត់ចោមចៅទី៣  ខណ្ឌពោធិ៍សែនជ័យ  និងនៅភូមិឬស្សី ឬស្សីទី២ ឬស្សីទី៣ សង្កាត់ស្ទឹងមានជ័យទី២ និសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

            ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ចំពោះតំបន់លឿង រដ្ឋបាលរាជធានីភ្នំពេញ បើកឱ្យដំណើរការជាធម្មតា មិនធ្វើការហាមប្រាមនោះទេ។ អ្វីដែលយើងហាមប្រាម គឺតំបន់ដែលមានហានិភ័យខ្ពស់នៃការឆ្លងកូវីដ-១៩តែប៉ុណ្ណោះ ដូចដែលយើងបានកំណត់ជាទីតាំងបិទខ្ទប់ដូចប៉ុន្មានសង្កាត់ខាងលើ។

            ឯកឧត្តម ឃួង ស្រេង បានបន្តថា ៖ ទីតាំងតំបន់លឿងទុំ ដែលបាននឹងកំពុងបិទខ្ទប់ អាជ្ញាធរខណ្ឌ ដែលពាក់ព័ន្ធត្រូវតែគ្រប់គ្រងឲ្យបានហ្មត់ចត់បំផុត មិនឱ្យមានការចេញចូលដាច់ខាត ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ពីតំបន់មួយទៅតំបន់មួយទៀត ។

            ក្រៅពីបញ្ហាដែលបានលើកឡើងខាងលើ ឯកឧត្តម ឃួង ស្រេង ក៏បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំងអស់ត្រូវចុះពិនិត្យស្ថានភាពនៅតាមផ្សារនានា នៅក្នុងមូលដ្ឋានរបស់ខ្លួនជាប្រចាំ និងធ្វើរបាយការណ៍ពីវឌ្ឍនភាពផ្សារនីមួយៗ ជាប្រចាំផងដែរ។ ឯកឧត្តមបន្តទៀតថា ៖ ការបើកផ្សារឡើងវិញនេះ គឺពិតជាមាន​ហានិភ័យខ្ពស់ចំពោះការឆ្លងរីករាលដាលជំងឺកូវី-១៩។ ដូច្នេះទាំងខណ្ឌ ទាំងគណៈកម្មការផ្សារត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ជុំវិញវិធានការការពារ ដោយត្រូវផ្សព្វផ្សាយ និងជំរុញឱ្យបងប្អូនប្រជាពលរដ្ឋ អាជីវករ អនុវត្តវិធានរបស់ក្រសួង សុខាភិបាលជាប់ជានិច្ច។ 

            បន្ថែមពីនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានជំរុញឱ្យពង្រឹងការរៀបចំសណ្តាប់ធ្នាប់ របៀបរាបរយនៅតាមទីផ្សារនេះឱ្យបានល្អប្រសើរផងដែរ ដោយបច្ចុប្បន្ននេះ កូវីដ-១៩ ភាគច្រើន ផ្ទុះឡើងវិញ នៅតំបន់មិនរៀបរយតែប៉ុណ្ណោះ៕

img260521b3 img260521b4 img260521b11 img260521b7 img260521b13 img260521b1 img260521b14 img260521b2 img260521b12 img260521b10 img260521b9 img260521b8