ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យអាជ្ញាធរខណ...

ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យអាជ្ញាធរខណ្ឌដែលមានផ្ទុះជម្ងឺ កូវីដ-១៩ថ្មី ពង្រឹងការងារឱ្យបានម៉ឺងម៉ាត់បន្ថែមទៀត លើការទប់ស្កាត់ការរាលដាលពីកន្លែងមួយទៅកន្លែងមួយទៀត

ថ្ងៃចេញផ្សាយ: Wednesday, May 26, 2021, 2:09 PM

img26052110 img26052112

 

 

 

 

 

          អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌ ដែលមាន មូលដ្ឋានរបស់ខ្លួនមានតំបន់បិទខ្ទប់(តំបន់លឿងទុំ) ត្រូវអនុវត្តការងារលើកិច្ចការពារឲ្យបានហ្មត់ចត់បំផុត ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ពីតំបន់មួយទៅតំបន់មួយទៀត ហើយបើមានបញ្ហាអ្វីដែលហូសពីដែនសមត្ថកិច្ចរបស់ខ្លួន អាជ្ញាធរខណ្ឌត្រូវធ្វើទំនាក់ទំនង ឬស្នើសុំភ្លាមៗមករដ្ឋបាលរាជធានីភ្នំពេញ ឬមកក្រសួង សុខាភិបាល ដើម្បីយើងមានវិធានការបន្ថែមទៀត សំខាន់ធ្វើយ៉ាងណាកុំឲ្យជំងឺនេះពង្រីកខ្លួនឬចម្លងពីទីតាំងមួយទៅទីតាំងមួយផ្សេងទៀត ។

            ការជំរុញបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជអានីភ្នំពេញ បានធ្វើឡើងនារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ស្ដីពីការត្រួតពិនិត្យការងារមូលដ្ឋានខណ្ឌសែនសុខ ខណ្ឌឫស្សីកែវ និងខណ្ឌពោធិ៍សែនជ័យ ក្នុងកិច្ចការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅសាលារាជធានីភ្នំពេញ ខណៈដែលខណ្ឌទាំងបីនេះបាននឹងកំពុងផ្ទុះឡើងជាថ្មី ជំងឺកូវីដ-១៩។

            ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖ ការផ្ទុះឡើងនូវជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកដល់ពេលនេះមានរយៈពេលជាង៣ខែហើយ យើងក៏មានបទពិសោធន៍ច្រើនហើយដែរ ក្នុងការបង្ការនិងទប់ស្កាត់ជំងឺនេះកុំឱ្យរីករាលដាល យ៉ាងមានប្រសិទ្ធភាព។ ដូច្នេះទេ អាជ្ញាធរខណ្ឌទាំង៣ត្រូវពិនិត្យ តាមដាន និងមានចំណាត់ការឲ្យបានច្បាស់លាស់ បើមានចំណុចណាមួយដែលជាចំណុចខ្វះខាត ខណ្ឌមិនអាចបំពេញបន្ថែមបាន អាជ្ញាធរខណ្ឌត្រូវរាយការណ៍ និងសុំជំនួយពីរដ្ឋបាលរាជធានីភ្នំពេញ ឬក្រសួងសុខាភិបាល ភ្លាម។  អ្វីដែលយើងចង់បានពេលនេះ គឺការផ្ដាច់ឱ្យបាននូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ពីទីតាំងមួយទៅ ទីតាំងមួយទៀត ។   

ឯកឧត្តម ឃួង ស្រេង ក៏បានស្នើឱ្យអាជ្ញាធរខណ្ឌបន្តវិធានការ នៃការបាញ់ថ្នាំសម្លាប់មេរោគនៅតំបន់មួយចំនួនដែលអាជ្ញាធរខណ្ឌគិតថា ជាតំបន់ដែលមានហានិភ័យខ្ពស់ ក្នុងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលការបាញ់សម្លាប់មេរោគ គឺជាវិធានការដែលមានប្រសិទ្ធភាព និងគួរឱ្យជឿទុកចិត្តបាន។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ៖ ទីតាំងតំបន់រឿងទុំ ដែលបាននឹងកំពុងបិទខ្ទប់ អាជ្ញាធរខណ្ឌត្រូវតែគ្រប់គ្រងឲ្យបានហ្មត់ចត់បំផុត មិនឱ្យមានការចេញ ចូលនោះទេ ហើយចំពោះស្បៀងអាហារហូបចុក ក៏ត្រូវតែមានគ្រប់គ្រាន់ សម្រាប់ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋនៅតំបន់ទាំងនោះ៕

img2605219 img26052113 img2605211 img2605212 img2605214 img26052111 img26052115 img26052114 img2605218 img2605217 img2605216 img2605215