ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រដ្ឋបាលរាជធានីភ្នំពេញ ជំរុញឱ្យពង្រឹងការអនុវត្តវ...

រដ្ឋបាលរាជធានីភ្នំពេញ ជំរុញឱ្យពង្រឹងការអនុវត្តវិធានក្រសួងសុខាភិបាល និងមិនអនុញ្ញាតឱ្យជួបជុំពពាក់ពពូន ផឹកស៊ីនៅតាមទីសាធារណៈ

ថ្ងៃចេញផ្សាយ: Friday, June 25, 2021, 5:00 PM

img2562112 img256218

 

 

 

 

 

          ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ ពង្រឹងការអនុវត្តវិធានរបស់ក្រសួងសុខាភិបាលឱ្យម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្រៅពីមិនអនុញ្ញាតឱ្យបើកការ៉ាអូខេ ក្លឹបកំសាន្ត ក្លឹបហាត់ប្រាណជាដើមហើយនោះ ក៏មិនអនុញ្ញាតឱ្យមានការជួបជុំគ្នាពពាក់ពពូន ផឹកស៊ីនៅតាមទីសាធារណៈដែរ។ អ្នកដែលប្រព្រឹត្តករណីនេះ ត្រូវតែឃាត់ខ្លួនដោយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច យកមកអប់រំ និងផ្សព្វផ្សាយព័ត៌មានជាសាធារណៈថែមទៀត។

          ការជំរុញរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ខាងលើនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំ​តាមរយៈ Video Conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ ស្នងការនគរបាល និងមេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។

            ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖ អាជ្ញាធរខណ្ឌទាំង១៤ ត្រូវតែពង្រឹងការអនុវត្តវិធានរបស់ក្រសួងសុខាភិបាលឱ្យម៉ឺងម៉ាត់បំផុត ដោយសារថា ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការសហគមន៍២០កុម្ភៈនេះ នៅតែបន្តការរីករាលដាលមិនឈប់ឈរនូវឡើយ។ អាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងមានសមត្ថកិច្ចទាំង នគរបាល និងកងរាជអាវុធហត្ថ ត្រូវតែដាក់កម្លាំងល្បាតនៅក្នុងមូលដ្ឋានទាំងយប់ ទាំងថ្ងៃ ក្រៅពីមិនអនុញ្ញាតឱ្យបើកការ៉ាអូខេ ក្លឹបកំសាន្ត ក្លឹបហាត់ប្រាណជាដើមហើយនោះ យើងក៏មិនអនុញ្ញាតឱ្យក្មេងស្ទាវជួបជុំគ្នាពពាក់ពពូន ផឹកស៊ីនៅតាមទីសាធារណៈដែរ ដូចជានៅផ្លូវ៦០ម៉ែត្រ ឬនៅតំបន់លីយ៉ុងផាត់ជាដើម។ អ្នកដែលប្រព្រឹត្តករណីនេះត្រូវតែឃាត់ខ្លួនដោយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច យកមកអប់រំ និងផ្សព្វផ្សាយព័ត៌មានជាសាធារណៈ។ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងមិនបានហាមឃាត់ចំពោះការហូបចុកជាលក្ខណៈគ្រួសារនោះទេ។

            ឯកឧត្តមបន្តទៀតថា ៖ ការបណ្តែតបណ្តោយឱ្យមានការលួចបើកការ៉ាអូខេ ក្លឹបកំសាន្ត ហាងម៉ាស្យា ក្លឹបហាត់ប្រាណជាដើម នៅក្នុងមូលដ្ឋានខណ្ឌរបស់ខ្លួន ហើយស្រាប់តែទីតាំងទាំងនោះបានផ្ទុះឡើងនូវជំងឺកូវីដ-១៩  អភិបាលខណ្ឌត្រូវទទួលខុសត្រូវដោយខ្លួនឯង។

            ក្នុងនោះដែរអាជ្ញាធរខណ្ឌបានលើកឡើងថា ជងឺកូវីដ-១៩ នៅតែបន្តកើតមាននៅក្នុងមូលដ្ឋានរាល់ថ្ងៃ ហើយភាគច្រើនកើតនៅតាមការដ្ឋានសំណង់ សិប្បកម្ម ដែលមានកម្មករ និងបុគ្គលិកក្រុមហ៊ុនឯកជន នៅទីនោះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធរខណ្ឌនឹងពង្រឹងការអនុវត្តវិធានការម៉ឺងម៉ាត់បំផុត ទៅតាមការណែនាំរបស់ រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះ បន្ថែមទៀត។

            ចំពោះការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩វិញ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ៖ នៅភ្នំពេញ  ប្រជាពលរដ្ឋមួយចំនួនតូច មិនទាន់មកទទួលការចាក់វ៉ាក់សាំងនូវឡើងទេ ដូច្នេះអាជ្ញាធរខណ្ឌទាំងអស់ត្រូវចុះស្រង់ស្ថិតិ និងស្វែងរកមូលហេតុឱ្យបានច្បាស់លាស់ ថាតើហេតុអ្វីមកដល់ម៉ោងនេះហើយ ពួកគាត់នៅមិនទាន់បានចាក់វ៉ាក់សាំង។ ឯកឧត្តមបន្តថា ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកការចាក់វ៉ាក់សាំងនេះនៅតាមមណ្ឌលសុខភាពខណ្ឌទាំងអស់ ដោយផ្តើមអនុវត្តចាប់ពីថ្ងៃអាទិត្យទី២៧ ខែមិថុនានេះ រហូតដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១។

            ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដែលមិនទាន់បានចាក់វ៉ាក់សាំង រួសរាន់មកទទួលចាក់ វ៉ាក់សាំងឱ្យបានគ្រប់គ្នា ដើម្បីឱ្យក្រុមគ្រូពេទ្យយើង បានបន្តទៅចាក់ឱ្យប្រជាពលរដ្ឋនៅបណ្តាខេត្តផ្សេងៗទៀត៕

img2562111 img256216 img2562116 img2562115 img2562114 img2562110 img256215 img256214 img256212 img256219 img256217 img256211