ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ក្រុមហ៊ុន Bajaj និងក្រុមហ៊ុន Grab ប្រគល់រម៉កកង់...

ក្រុមហ៊ុន Bajaj និងក្រុមហ៊ុន Grab ប្រគល់រម៉កកង់បីពិសេស និងអាវការពារ សម្រាប់បុគ្គលិកសុខាភិបាល ជូនរដ្ឋបាលរាជធានី ដើម្បីចូលរួមទប់ស្កាត់ជម្ងឺកូវីដ-១៩

ថ្ងៃចេញផ្សាយ: Friday, June 25, 2021, 11:18 AM

img2406211 img24062115

 

 

 

 

 

             ក្រុមហ៊ុន Bajaj និងក្រុមហ៊ុន Grab បានប្រគល់រម៉កកង់បីពិសេស ចំនួន ៣គ្រឿង និងអាវការពារ សម្រាប់បុគ្គលិកសុខាភិបាល ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជាមធ្យោបាយបម្រើការងារទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩  ខណៈដែលជម្ងឺនេះបាននឹងកំពុងរីករាលដាលក្នុងព្រឹត្តការណ៍​សហគមន៍ ២០កុម្ភៈនៅឡើយ។

            ពិធីប្រគល់នឹងទទួលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ  ក្រោមវត្តមាន ឯកឧត្តម ហួត ហៃ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ដេវយ៉ានី ឃុប្រាហ្គាដេ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុុជា នៅសាលារាជធានីភ្នំពេញ។

            ឯកឧត្តម ហួត ហៃ ក្នុងឱកាសនោះបានថ្លែងថា ៖ ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Bajaj និងក្រុមហ៊ុន Grab ដែលបានផ្តល់ជូននូវរម៉កកង់បីពិសេស សម្រាប់ដឹកជញ្ជូនអ្នកជំងឺ ឬវ៉ាក់សាំង ចំនួន ៣គ្រឿង និងអាវការពារ សម្រាប់បុគ្គលិកសុខាភិបាលជាច្រើនមុខទៀត ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជាមធ្យោបាយដឹកជញ្ជូន និងបម្រើការងារទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩។

            តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវលា។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិ បាននឹងកំពុងជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩ (Covid-19)។ សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់។

            គួរបញ្ជាក់ថា ៖ ក្រុមហ៊ុន Bajaj (ហនុមានអូតូត្រេឌីង ឯ.ក ) បានប្រគល់រម៉កកង់បីពិសេស សម្រាប់ដឹកជញ្ជូនអ្នកជំងឺ ឬវ៉ាក់សាំង ចំនួន ៣គ្រឿង ហើយក្រុមហ៊ុន Grab  ហ្គ្រេប (ខេមបូឌា) ឯ.ក បានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ នូវអាវការពារ សម្រាប់បុគ្គលិកសុខាភិបាល ដែលមានដូចជា អាវការពារសម្រាប់បុគ្គលិកសុខាភិបាល ចំនួន៨០០០សម្រាប់,ម៉ាស់ប្រភេទ NK95 ចំនួន ៨.០០០ម៉ាស់ ,មួកការពារ សម្រាប់បុគ្គលិកសុខាភិបាលចំនួន៨.០០០មួក ,ស្រោមស្បែកជើង សម្រាប់បុគ្គលិកសុខាភិបាល ចំនួន ៨.០០០គូ៕

img2406219 img2406218 img2406214 img2406213 img24062112 img24062111 img24062113 img24062115 img24062116 img24062117 img2406217 img2406216 img2406215 img24062110