ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  សមាជិកមូលនិធិស៊ីក្លូ នៅរាជធានី៣០០នាក់ ទទួលបានថវ...

សមាជិកមូលនិធិស៊ីក្លូ នៅរាជធានី៣០០នាក់ ទទួលបានថវិការ និងសម្ភារៈរបស់សម្តេចតេជោហ៊ុន សែន ក្នុងឱកាសបុណ្យភ្ជុំបិណ្យ

ថ្ងៃចេញផ្សាយ: Friday, September 23, 2022, 9:23 AM

img229221 img229223

 

 

 

 

 

             សមាជិកមូលនិធិស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន ៣០០នាក់ ទទួលបានថវិការ និងសម្ភារៈរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ) និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យភ្ជុំបិណ្យនេះ ។

            ថវិការ និងសម្ភារៈទាំងនេះត្រូវបាន លោក ម៉េត មាសភក្តី នាយកទីចាត់ការផេនការ និងវិនិយោគ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងជាប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា តំណាងឱ្យ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជាប្រគល់ជូនពួកគាត់នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ ។

            លោក ម៉េត មាសភក្តី បានមានប្រសាសន៍ឱ្យដឹងថា៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងក្រើនរំលឹកឱ្យឯកឧត្តម ឃួង ស្រេង យកចិត្តទុកដាក់ និងមើលថែ ពីសុខទុក្ខបងប្អូន សមាជិកអ្នកធាក់ស៊ីក្លូ ក្នុងរាជធានីភ្នំពេញ ជាក់ស្តែងនៅពេលនេះ ពួកគាត់ទាំង៣០០នាក់ បានទទួលថវិការ និងសម្ភារៈរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  ក្នុងឱកាសបុណ្យភ្ជុំបិណ្យ បន្ថែមពីលើការឧបត្ថមប្រចាំខែជូនពួកគាត់ អំណោយទាំងនេះរួមមាន ក្នុងម្នាក់ៗទទួលបានប្រាក់៥ម៉ឺនរៀល(តាមកុងវីង)មី២កេស ទឹកបរិសុទ្ធ២កេស និងទឹកត្រី១យួរ។

            សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះបងប្អូនជាសមាជិកមូលនិធិស៊ីក្លូ ពោលគឺឱ្យតែមានពិធីបុណ្យជាតិធំៗ ម្តងៗ សម្តេចតែងផ្តល់អំណោយជូនពួកគាត់ជានិច្ច។ ក្រៅពីនេះ បងប្អូនអ្នកធាក់ស៊ីក្លូទាំង៣០០នាក់ ក៏ទទួលបានប្រាក់ខែជារៀងរាល់ខែចំនួន២១ម៉ឺនរៀលផងដែរ ដោយក្នុង១ខែពួកគាត់អាចបើកបាន៣ដង ក្នុង១ដង៧ម៉ឺនរៀល ជាមួយនឹងផ្តល់ជូនបណ្ណ័ ប. ស. ស ដើម្បីឱ្យបងប្អូនទៅព្យាបាលជំងឺដោយមិនអស់ប្រាក់  ហើយក្នុងបរិបទជំងឺកូវីដ-១៩ សម្តេចមិនត្រឹមតែផ្តល់វ៉ាក់សាំងជូនពួកគាត់ទេ នូវបានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ ម៉ាស អាកុល ជែល ជូនពួកគាត់ថែមទៀត។

     គួរបញ្ជាក់ផងដែរថា មូលនិធិនេះត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ គឺមានរយៈពេល៤ឆ្នាំ ហើយ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សំដៅអភិរក្សស៊ីក្លូ ដែលមានដើមកំណើតតាំងពីសម័យអនានិគមនិយមបារាំង៕

img229223img229222 img229224img229225 img229226 img229227