ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ក្រុមហ៊ុន ត្រូភីខេម ហ្រ៊្វតអេន វេជីថេប៊ល ឯ.ក ប្...

ក្រុមហ៊ុន ត្រូភីខេម ហ្រ៊្វតអេន វេជីថេប៊ល ឯ.ក ប្រគល់ស្បៀងអាហារ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភពលរដ្ឋរងផលប៉ះពាល់ ដោយជំងឺកូវីដ-១៩

ថ្ងៃចេញផ្សាយ: Friday, May 21, 2021, 11:36 AM

img2105217 img2105212

 

 

 

 

 

             ស្បៀងអាហារជាច្រើនមុខត្រូវបានក្រុមហ៊ុន ត្រូភីខេម ហ្រ៊្វតអេន វេជីថេប៊ល ឯ.ក យកមកប្រគល់ជូនរដ្ឋបាល រាជធានីភ្នំពេញ ដើម្បីចូលរួមជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែលទទូលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយជំងឺកូវីដ-១៩ ខណៈដែលជម្ងឺនេះបាននឹងកំពុងរីករាលដាលក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈ។

            ពិធីប្រគល់នឹងទទួលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ  ក្រោមវត្តមាន ឯកឧត្តម កើត ឆែ អភីបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាល នៃ គណៈអភិបាលរាជធានីភ្នំពេញ និងលោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមហ៊ុន ត្រូភីខេម ហ្រ៊្វតអេន វេជីថេប៊ល ឯ.កនៅសាលារាជធានីភ្នំពេញ។

            ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានថ្លែងថា ៖ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧកញ៉ា ហ៊ុន ឡាក់ ដែលបានឧបត្ថម្ភ មី ចំនួន​២០០កេស, ត្រីខចំនួន២០០កេស,ដុំស៊ុបមាន់ពីរប្រភេទចំនួន ២៧៥កេស និងម្សៅស៊ុបមាន់ចំនួន២៥កេស ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែលទទូលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩។

            ឯកឧត្តម កើត ឆែ បានបន្តថា ៖ តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។ ទឹកចិត្តសប្បុរស​ធម៌ដ៏ថ្លៃថ្លាមួយនេះ ស្ដែងឱ្យឃើញពីការគិតគូ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នានៅក្នុងកាលៈទេសៈដែលប្រទេសជាតិ កំពុងជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩ (Covid-19)។ សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់៕

img2105218 img2105216