ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកអគ្គរដ្ឋទូតវៀតណាមសម្ដែងនូវការកោតសរសើរពីការអភិ...

ឯកអគ្គរដ្ឋទូតវៀតណាមសម្ដែងនូវការកោតសរសើរពីការអភិវឌ្ឍរាជធានីភ្នំពេញ និងការគ្រប់គ្រងជំងឺកូវីដ-១៩ បានយ៉ាងល្អ

ថ្ងៃចេញផ្សាយ: Wednesday, March 16, 2022, 9:16 AM

img1532220 img1532219

 

 

 

 

 

             ឯកឧត្ដម  ង្វៀន ហ៊ុយថាំង (H.E. Mr. NGUYEN HUY TANG) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋសង្គមនិយមវៀតណាមថ្មី ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍរីកចម្រើនរបស់រាជធានីភ្នំពេញ ក្នុងរយៈពេល៤ទសវត្សរ៍នេះ ពិសេស​២ឆ្នាំចុងក្រោយនេះកម្ពុជាអាចគ្រប់គ្រងជំងឺកូវីដ-១៩ បានយ៉ាងល្អ រក្សាបាននូវសេដ្ឋកិច្ចជាតិល្អ ប្រជាជនមានជីវភាពល្អប្រសើរ។

            ការសំដែងនូវការកោតសរសើរបែបនេះ របស់ ឯកឧត្ដម  ង្វៀន ហ៊ុយថាំង ក្នុងពេលដែលឯកឧត្ដម បានជួបជាមួយ ឯកឧត្ដម ឃួង  ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ។

            ឯកឧត្ដម ង្វៀន ហ៊ុយថាំង បានមានប្រសាសន៍ថា រាជធានីភ្នំពេញ ក្នុងរយៈពេល៤ទសវត្សរ៍នេះពិតជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង បើប្រៀបធៀបពី ៤០ឆ្នាំមុន គឺដូចមេឃហើយនឹងដី។ បន្ថែមពីលើនេះឯកឧត្ដម ក៏បានបញ្ជាក់ផងដែរថា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាបានជួបនូវជំងឺរាតត្បាតកូវីដ-១៩ ដូចប្រទេសផ្សេងទៀតនៅលើពិភពលោក ប៉ុន្តែក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា កម្ពុជាអាចគ្រប់គ្រងបាននូវជំងឺកូវីដ-១៩នេះយ៉ាងល្អ ជាមួយនឹងការរក្សាបាននូវសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋយ៉ាងល្អប្រសើរ។

            ឯកឧត្ដមបន្តថា សម្រាប់រាជធានីភ្នំពេញ គឺការរៀបចំក្រុងបានល្អប្រសើរ ហើយទំនាក់ទំនងរវាងទីក្រុងភ្នំពេញនិងទីក្រុង រវាងប្រទេសនិងប្រទេស​កម្ពុជា-វៀតណាម ឃើញថា មានសាមគ្គីភាព មានទំនាក់ទំនងកាន់តែល្អប្រសើរ រឹតមាំនិងខ្លាំងក្លា។

            ឯកឧត្ដមបញ្ជាក់ថា ឯកឧត្ដមនឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីរួមចំណែក ធ្វើយ៉ាងណាឱ្យប្រទេសទាំងពីរកម្ពុជា និងវៀតណាមមានទំនាក់ទំនង មានសាមគ្គីភាពគ្នារិតតែរឹងមាំនៅពេលដែលឯកឧត្ដមមកធ្វើជា ឯកអគ្គរដ្ឋ ទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាមថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជានេះ ។ ឯកឧត្ដមក៏បានសូមឱ្យរាជធានីភ្នំពេញ និងទីក្រុងហូជីមិញ ផ្លាស់ប្ដូរទស្សនកិច្ចគ្នាឱ្យបានច្រើនដើម្បីផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ពិសេសគឺការផ្សារភ្ជាប់ បណ្ដុះបណ្ដាលយុវជននៃប្រទេសទាំងពីរឱ្យមានទំនាក់ទំនង មានកិច្ចសហប្រតិបត្តិការការងារជាមួយគ្នាល្អនិងរឹងមាំ ។

            ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងដែរថា ប្រទេសកម្ពុជាក៏ដូចជារាជធានីភ្នំពេញ បានធូរស្រាលដោយជំងឺកូវីដ-១៩ហើយ ហើយយើងក៏បានបើកប្រទេសឱ្យដំណើរការឡើងវិញហើយដែរ ធ្វើឱ្យយើងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើទំនាក់ទំនងរវាងកម្ពុជានិងវៀតណាម ក្នុងការរឹតចំណងសាមគ្គីភាព ឱ្យកាន់តែមានភាពរឹងមាំថែមទៀត។

            ឯកឧត្ដមបញ្ជាក់ផងដែរថា នៅពេលដែលប្រទេសយើងទាំងពីរ មានទំនាក់ទំនងសហប្រតិបត្តិការណ៍ល្អ ការរស់នៅជាមួយគ្នាដោយភាពស្មោះត្រង់ យោកយល់គ្នា នោះប្រទេសទាំងពីរ នឹងមានសាមគ្គីភាពគ្នាកាន់តែល្អនិងរឹងមាំយូរអង្វែង៕

img153223 img153224 img153225 img153226 img1532210 img1532215 img153229 img1532211 img1532212 img1532221