ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យការផ្ទេរមុខងារបំណុល និងធនធានហិរញ្ញវត្ថុ ពីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ មកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ ឱ្យបានលឿន
ថ្ងៃចេញផ្សាយ: Friday, September 15, 2023, 8:13 AM
ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញអោយការផ្ទេរមុខងារបំណុល និងធនធានហិរញ្ញវត្ថុពីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ មកសហគ្រាសគ្រប់ គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ (ស.ស.ភ) ឱ្យបានលឿន ពោលគឺអាចបង្កើតជាសហគ្រាសថ្មីមួយនៅថ្នាក់ក្រោមជាតិបាននៅក្នុងខែតុលាឬខែវិច្ឆិកាឆ្នាំ២០២៣ដ៏ខ្លីខាងមុខនេះ ។
ការជំរុញបែបនេះបានធ្វើឡើង ខណៈឯកឧត្តមអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពាក់ព័ន្ធនឹងការងារនេះ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីឯកឧត្ដម ប៉ាក សុខារ៉ាវុត សមាជិកក្រុមប្រឹក្សាភិបាល (ស.ស.ក) និងជាអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងក្រសួងបរិស្ថាន,តំណាងក្រសួងមហាផ្ទៃ, សមាជិកក្រុមប្រឹក្សាភិបាល (ស.ស.ភ) តំណាងក្រសួងរ៉ែ និងថាមពល,ប្រធានរតនាគាររាជធានីភ្នំពេញ,ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ និងអគ្គនាយកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ (ស.ស.ភ) ។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ការផ្ទេរមុខងារ បំណុល និងធនធានហិរញ្ញវត្ថុពីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ មកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ (ស.ស.ភ) នេះ គឺមានគោលបំណងអោយដំណើរការនៃការប្រមូល និងការគ្រប់គ្រងសំរាមនៅក្នុងរាជធានីភ្នំពេញ បានកាន់តែល្អប្រសើរជាងមុន ដោយសារថានៅភ្នំពេញបច្ចុប្បន្ននេះ ប្រជាជនរស់នៅរបៀបស៊ីវីល័យ ដែលទាមទារអោយរាជធានីភ្នំពេញ ជាទីក្រុងស្អាតមានបរិស្ថានល្អ មិនមានសំរាមពាសវាលពាសកាល ។
ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា កិច្ចប្រជុំខាងលើនេះ គឺដើម្បីស្វែងរកនីតិវិធីនៃការផ្ទេរមុខងារ បំណុល និងធនធានហិរញ្ញវត្ថុពីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ មកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ (ស.ស.ភ) អោយបានលឿន យ៉ាងយូរផ្ទេរអោយបានរួចរាល់ នៅក្នុងខែតុលាឬខែវិច្ឆិកាឆ្នាំ២០២៣ខាងមុខនេះ ។
ដើម្បីអោយការងារនេះ ដំណើរការ ទៅបានលឿន ឯកឧត្ដម ឃួង ស្រេង បានជំរុញអោយក្រុមការងារបច្ចេកទេស , រតនាគារ និងក្រុមការងារពាក់ព័ន្ធចាប់ដៃគ្នា ទំនុកបំរុងគ្នា ធ្វើការនេះ ទើបសហគ្រាសថ្មីរបស់រដ្ឋនៅថ្នាក់ក្រោមជាតិមួយនេះបានលឿន។ សហគ្រាសនេះរកស៊ីបានតែត្រឹមរួចខ្លួនបានហើយ មិនបាច់ចំណេញក៏បានដែរ សំខាន់អោយតែរាជធានីភ្នំពេញរបស់យើងស្អាត និងមានបរិស្ថានល្អ៕