ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ចុះពិនិត្យ និងណែនាំ...

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ចុះពិនិត្យ និងណែនាំឱ្យជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ សម្អាតមហាវិថីឈ្នះឈ្នះ និងកំណាត់ផ្លូវ១៧៨

ថ្ងៃចេញផ្សាយ: Wednesday, December 15, 2021, 9:34 AM

img1412213 img14122120

 

 

 

 

 

             ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធមួយចំនួនធ្វើការសម្អាតមហាវិថីឈ្នះឈ្នះ និងរៀបចំសណ្តាប់​ធ្នាប់​សាធារណៈ បរិស្ថាន ឱ្យបានល្អ ដើម្បីទទួល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយសម្ដេចទាំងទ្វេនឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។

            ឯកឧត្ដម ឃួង ស្រេង ក្នុងឱកាសនោះក៏បានធ្វើការណែនាំទៅក្រុមហ៊ុនប្រមូល និងដឹកជញ្ជូនសំរាម ធ្វើការបោស កើប ប្រមូល និងដឹកជញ្ជូនសំរាមឱ្យបានស្អាត ហើយធុងសំរាមដែលមានសភាពចាស់ៗ  ត្រូវប្តូរថ្មីឱ្យបានស្អាត ដើម្បីលើកសោភ័ណភាពនៅលើកំណាត់ផ្លូវនេះឱ្យបានល្អប្រសើរ។ បន្ថែមពីលើនេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏ត្រូវសម្អាតបាញ់ទឹកលាងផ្លូវ កើបអាចម៌ដី និងជួសជុលផ្លូវផងដែរ ដើម្បីឱ្យស្ថានភាពមហាវិថីឈ្នះឈ្នះនេះ មានសោភណ្ឌភាព សណ្តាប់ធ្នាប់ និងបរិស្ថានល្អប្រសើរ។

            ក្រោយពីបញ្ចប់ការពិនិត្យមហាវិថីឈ្នះឈ្នះហើយ ឯកឧត្ដម ឃួង ស្រេង ក៏បានបន្តដំណើរចុះទៅពិនិត្យស្ថានភាពផ្លូវក៏ដូចជាសណ្ដាប់ធ្នាប់សាធារណៈនៅលើកំណាត់ផ្លូវ១៧៨ ក្នុងសង្កាត់ជ័យជំនះខណ្ឌដូនពេញ បន្តទៀត ដោយសម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសម្ពោធសណ្ឋាគារហៃយ៉ាត់រីជិនស៊ីភ្នំពេញ (Hyatt Regency Phnom Penh Hotel)នៅព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ខាងមុខ។

            គួរបញ្ជាក់ផងដែរថា ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់ផ្លូវលេខ១៧៨ (ចន្លោះផ្លូវ១៧៨ កែងផ្លូវ១៩ និងផ្លូវ១៧២ កែងផ្លូវ១៣) នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ចាប់ពីម៉ោង ០៥:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។ បន្ត មកទៀតនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយដើម្បីឱ្យកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន និងរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ជាពិសេសដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ បានជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់ការដ្ឋានសំណង់នានា ម្ចាស់អាជីវកម្មក្រឡុកស៊ីម៉ង់ត៍ ម្ចាស់រថយន្តដឹកទំនិញ គ្រប់ប្រភេទ រថយន្តឈ្នួលដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឺម៉កគ្រប់ប្រភេទ ហាមធ្វើចរាចរឆ្លងកាត់កំណាត់មហាវិថីឈ្នះឈ្នះ ពីគល់ស្ពានព្រែកព្នៅរហូតដល់ផ្លូវជាតិលេខ៦ ចាប់ពីវេលាម៉ោង ០៥:០០នាទី រហូតដល់ បញ្ចប់កម្មវិធី៕

img1412211 img1412219 img1412218 img14122111 img1412217 img1412216 img14122110 img1412214 img1412212 img14122114 img1412215 img14122115 img14122112 img14122120 img14122119 img14122118 img14122117 img14122116