ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រាជធានីភ្នំពេញ និងទីក្រុងឡាណាកា នៃសាធារណរដ្ឋស៊ី...

រាជធានីភ្នំពេញ និងទីក្រុងឡាណាកា នៃសាធារណរដ្ឋស៊ីប សម្រេចបង្កើតចំណងមិត្តភាព

ថ្ងៃចេញផ្សាយ: Friday, October 14, 2022, 9:52 AM

img13102212 img13102213

 

 

 

 

 

           អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានជួបពិភាក្សាការងារជាមួយ ឯកឧត្ដម Andreas Vyras អភិបាលក្រុង Larnaka នៃសាធារណរដ្ឋស៊ីប ជាមួយនឹងការចុះហត្ថលេខាលើលិខិតបញ្ជាក់សុឆន្ទៈ ស្តីពីការបង្កើតចំណងមិត្តភាព រវាងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងឡាណាកា នៃសាធារណរដ្ឋស៊ីប ក្នុងគោលបំណងដើម្បីពង្រីកចំណងមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជននៃទីក្រុងទាំងពីរ ។

            ការជួបពិភាក្សាការងារ និងចុះហត្ថលេខាលើលិខិតបញ្ជាក់សុឆន្ទៈ រវាងទីក្រុងទាំងពីរបានធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ។

             ឯកឧត្ដម ឃួង ស្រេង ក្នុងឱកាសនោះបានលើកឡើងពីការកកើតរាជធានីភ្នំពេញ ដែលមានអាយុកាលជាង៥សតវត្សរ៍ ពិសេសលើកពីសម័យរបបប៉ុលពត ដែលបានធ្វើឱ្យកម្ពុជាធ្លាក់ដល់ចំណុចសូន្យ។ ប៉ុន្តែនៅឆ្នាំ១៩៧៩ សម្តេចតេជោ ហ៊ុន សែន បានរំដោះប្រទេសជាតិចេញពីរបបនេះ និងធ្វើឱ្យកម្ពុជា ពិសេសរាជធានីភ្នំពេញមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យរហូតមកដល់សព្វថ្ងៃនេះ។ ស្របជាមួយនឹងការអភិវឌ្ឍន៍នេះ ឯកឧត្ដម ឃួង ស្រេង ក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជាការកកស្ទះចរាចរណ៍ ការដោះស្រាយបញ្ហាលំនៅដ្ឋានមិនរៀបរយ និងបញ្ហាការទប់ស្កាត់ជំងឺកូវីដ-១៩ជាដើម បញ្ហាទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងដោះស្រាយយ៉ាងសកម្មផងដែរ។ យើងបានកសាងមន្ទីរពេទ្យសម្រាប់ព្យាបាលជំងឺកូវីដ-១៩ និងព្យាបាលជំងឺ     ផ្សេងៗទៀតដ៏ធំមួយនៅក្នុងរាជធានីភ្នំពេញ។

            ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា សម្រាប់រាជធានីភ្នំពេញ បានចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងជាច្រើននៅលើពិភពលោក ហើយថ្ងៃនេះរាជធានីភ្នំពេញ ក៏មានកិត្តិសយដែលបានចុះហត្ថលេខាលើលិខិតបញ្ជាក់   សុឆន្ទៈ ស្តីពីការបង្កើតចំណងមិត្តភាព រវាងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងឡាណាកា នៃសាធារណរដ្ឋស៊ីប។

            ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា ឯកឧត្តមមានបំណងចង់ឱ្យរាជធានីភ្នំពេញ ក្លាយជាទីក្រុងវៃឆ្លាតនៅពេលដ៏ខ្លីខាងមុខនេះ។

            ឯកឧត្ដម Andreas Vyras អភិបាលក្រុង Larnaka ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងពីភាពរីកចំរើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ ដែលឯកឧត្ដមនឹកស្មានមិនដល់ ហើយអ្វីដែលពិសេសថែមទៀតនោះ  កម្ពុជាក៏ដូចជារាជធានីភ្នំពេញ គ្រប់គ្រងបានយ៉ាងល្អជុំវិញការរាតត្បាតនៃជំងឺកូវីដ-១៩ ឯកឧត្ដមសុំរៀនសូត្រពីបទពិសោធន៍ទាំងនេះពីកម្ពុជា។ បន្ថែមពីនេះក្នុងគោលបំណងពង្រីកចំណងមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជននៃទីក្រុងទាំងពីរ អ្វីជាបទពិសោធន៍របស់ទីក្រុង Larnaka មាន នឹងយកមកចែករំលែកជូនរាជធានីភ្នំពេញ ដែលមានដូចជា ចំណតឆ្លាត ភ្លើងបំភ្លឺឆ្លាត ការគ្រប់គ្រងសំណល់រឹងឆ្លាតជាដើម ។

            ក្នុងឱកាសនោះតំណាងអោយរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា, តំណាងអោយទីក្រុងឡាណាកា ឯកឧត្ដម Andreas VYRAS អភិបាលក្រុងឡាណាកា សាធារណរដ្ឋស៊ីប បានចុះហត្ថលេខាលើលិខិតបញ្ជាក់សុឆន្ទៈ ស្តីពីការបង្កើតចំណងមិត្តភាព រវាងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងឡាណាកា នៃសាធារណរដ្ឋស៊ីប ក្នុងគោលបំណងដើម្បីពង្រីកចំណងមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជននៃទីក្រុងទាំងពីរ ហើយជាពិសេសដើម្បីលើកស្ទួយចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងឡាណាកា នៃសាធារណរដ្ឋស៊ីប ៕

img13102214 img13102212 img13102211 img13102210 img1310225 img1310223 img13102216 img13102215 img13102217 img13102218 img13102219 img13102220 img1310222 img1310221 img1310229 img1310228 img13102223 img13102224 img13102221 img13102222 img1310226 img1310227img13102225 img13102229 img13102228 img13102230 img13102226