ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  អ្នកជំងឺកូវីដ -១៩ ចំនួន ១.០៣៣នាក់ ត្រូវបានដាក់ឱ...

អ្នកជំងឺកូវីដ -១៩ ចំនួន ១.០៣៣នាក់ ត្រូវបានដាក់ឱ្យព្យាបាលនៅតាមផ្ទះ ក្នុងរាជធានីភ្នំពេញ ក្នុងនោះមាន ២៦៨នាក់ ជាសះស្បើយ

ថ្ងៃចេញផ្សាយ: Monday, July 12, 2021, 3:02 PM

img127215 img127213

 

 

 

 

 

        លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ រហូតមកដល់ពេលនេះ មានអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលចំនួន ១.០៣៣នាក់ហើយ ត្រូវបានដាក់ឱ្យព្យាបាលនៅតាមផ្ទះ នៅក្នុងរាជធានីភ្នំពេញ ហើយក្នុងនោះមានអ្នកជំងឺប្រមាណ ២៦៨នាក់ផងដែរ ដែលបានជាសះស្បើយ។ នេះបើតាម លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បញ្ជាក់នៅក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ។

សន្និសីទនេះត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយពីនីតិវិធី និងយន្តការដាក់ព្យាបាលតាមផ្ទះ ចំពោះអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញា សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ។

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័ត៏មាន ដោយមានការចូលរួមសហការពី ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នៅរដ្ឋបាលរាជធានីថា ៖ ខ្ញុំបាទសូមជម្រាបជូនអំពីករណីចំនួនអ្នកថែទាំជំងឺកូវីដ-១៩ នៅតាមផ្ទះបច្ចុប្បន្នបើគិតតួលេខនៅព្រឹកនេះ មានចំនួន ១.០៣៣នាក់ កំពុងតែទទួលការព្យាបាលថែទាំនៅតាមផ្ទះ។ តាំងតែពីយើងអនុវត្តការព្យាបាលថែទាំតាមផ្ទះមកគឺមានអ្នកជំងឺដែលព្យាបាលជាសះស្បើយចំនួន ២៦៨នាក់ បូកពីលើចំនួនដែលកំពុងតែព្យាបាលនេះ។
លោកបានបញ្ជាក់ថា សម្រាប់ការព្យាបាល ថែទាំអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនៅតាមផ្ទះ បើគិតត្រឹមព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ នៅខណ្ឌសែនសុខ មានចំនួន ២២៦នាក់ ,ខណ្ឌមានជ័យ មានចំនួន១៣២នាក់, ខណ្ឌពោធិ៍សែនជ័យ មានចំនួន១១៨នាក់, ខណ្ឌបឹងកេងកង មានចំនួន ៩៨នាក់, ខណ្ឌដង្កោ មានចំនួន៨៩នាក់, ខណ្ឌឫស្សីកែវ មានចំនួន៦៥នាក់, ខណ្ឌច្បារអំពៅ មានចំនួន៥៨នាក់, ខណ្ឌដូនពេញ មានចំនួន៥៤នាក់, ខណ្ឌ ចំការមន មានចំនួន៥៣នាក់, ខណ្ឌទួលគោក មានចំនួន ៣៩នាក់ ខណ្ឌកំបូល មានចំនួន ៣៤នាក់, ខណ្ឌជ្រោយចង្វារ មានចំនួន៣០នាក់ និងខណៈខណ្ឌព្រែព្នៅ មានអ្នកជំងឺព្យាបាលតិចជាងគេ។

ឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ ការរៀបចំព្យាបាល និងថែទាំអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនៅតាមផ្ទះ គឺដើម្បីទុកន្លែងព្យាបាលនេះឱ្យអ្នកជំងឺធ្ងន់ធ្ងរបានចូលសម្រាកព្យាបាលនៅមណ្ឌលសម្រាក់ព្យាបាល ពីក្រុមគ្រូពេទ្យដែលដាក់អ្នកជំងឺធ្ងន់ៗ ដូចជានៅមន្ទីរពេទ្យខ្មែរសូវៀត មន្ទីរពេទ្យលួងម៉ែ មន្ទីរពេទ្យចាក់អង្រែ មណ្ឌលសម្រាក់ព្យាបាលអូឡាំពិកជាដើម ដើម្បីជួយសង្គ្រោះជីវិតរបស់ពួកគាត់ឲ្យរួចផុតពីជំងឺដ៏កាចសាហាវមួយនេះ៕

img127214 img127211