ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  អភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានជំរុញ...

អភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ បន្តការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត

ថ្ងៃចេញផ្សាយ: Thursday, August 10, 2023, 2:57 PM

img108235 img10823122

 

 

 

 

 

             ការជំរុញបែបនេះរបស់ ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម និងឯកឧត្ដម ម៉ប់  សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។

            ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថាការផ្ដល់សេវាតាមរយៈច្រកចេញចូលតែមួយ នៅ ទូទាំងខណ្ឌទាំង១៤ ក៏ដូចជាសង្កាត់ទាំង១០៥ ឃើញថាមានលក្ខណៈល្អប្រសើរ ទទួលបានការគាំទ្រពីប្រជាពល  រដ្ឋ។ ដូច្នេះ សូមឱ្យអាជ្ញាធរបន្តការខិតខំប្រឹងប្រែង លើការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរថែមទៀត   ខណៈដែលប្រជាពលរដ្ឋបច្ចុប្បន្ននេះ រស់នៅក្នុងភាពស៊ីវិល័យ ដែលតម្រូវអោយការងាររបស់យើង ក៏ត្រូវតែស៊ី​វិល័យ ឱ្យលឿនទាន់ចិត្តទៅតាមនោះដែរ។

            ឯកឧត្ដម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ឆ្លងតាមលទ្ធផលនៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងមកនេះ បានបង្ហាញអោយឃើញថា ប្រជាពលរដ្ឋពិតជាស្រឡាញ់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធររាជធានីភ្នំពេញរបស់យើង។ ដូច្នេះជាការឆ្លើយតប យើងត្រូវតែបម្រើពួកគាត់ឱ្យបានកាន់តែល្អ សមទៅនឹងការជឿទុកចិត្តនិងការស្រឡាញ់របស់ប្រជាពលរដ្ឋ​មក​លើ​អាជ្ញាធររបស់យើង។

            បន្ថែមពីលើនេះ ឯកឧត្ដម ឃួង ស្រេង បានញ្ជាក់ថា៖ សំរាមនៅតែជាបញ្ហាដែលយើងជាអាជ្ញាធរត្រូវតែបន្តយកចិត្តទុកដាក់ ដោយមិនត្រូវទុកសំរាមអោយនៅតាមដងផ្លូវនោះទេ។ ដូច្នេះ អាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ បន្តផ្សព្វផ្សាយអោយប្រជាពលរដ្ឋគោរពម៉ោងពេល យកសំរាមចេញក្រៅផ្ទះ។ ឯកឧត្ដមបន្តថា ការផាកពិន័យលើការចោលសំរាមយើងនឹងអនុវត្តនៅពេលឆាប់ៗនេះ តែអ្វីដែលត្រូវអនុវត្តនៅពេលនេះ គឺការផ្សព្វផ្សាយ អោយពួកគាត់យល់ដឹងពីការទុកដាក់សំរាមជាមុនសិន។

            ឯកឧត្ដម ម៉ប់ សារិន ក្នុងឱកាសនោះ ក៏បានមានប្រសាសន៍ កោតសរសើរចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ សមត្ថកិច្ចគ្រប់ថ្នាក់ ខណ្ឌ សង្កាត់ កងកម្លាំង និងអ្នកពាក់ព័ន្ធដែលបានយកចិត្តទុកដាក់ខិតខំ ការពារ ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល២១ថ្ងៃ និងថ្ងៃបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ តាំងពីចាប់ផ្តើមរហូតដល់ចប់ ដោយធានាបានសុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយបានល្អប្រសើរ និងទទួលបានជោគជ័យទាំងស្រុង។

            ឯកឧត្ដមបន្តថា លទ្ធផលផ្លែផ្កាលើគ្រប់វិស័យដែលយើងសម្រេចបានក្នុងខែកក្កដា ឆ្នាំ២០២៣ កន្លងមកនេះ គឺពិតជាបានកើតចេញពីការចូលរួមយ៉ាងសកម្មប្រកបដោយស្មារតីភ្ញាក់រលឹក សាមគ្គីឯកភាព របស់មន្ត្រីរាជការគ្រប់លំដាក់ថ្នាក់ និងប្រជាជនរាជធានីភ្នំពេញ ក្រោមការដឹកនាំយកចិត្តទុកដាក់របស់គណៈអភិបាលរាជធានីភ្នំពេញ ។ តាមរយៈសមិទ្ធផលនេះ ពិសេសការរីកចម្រើនវិស័យសេដ្ឋកិច្ច បានចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនរាជធានីភ្នំពេញឱ្យកាន់តែមានភាពប្រសើរឡើង។

img10823127 img1082315 img10823121 img10823120 img10823126 img1082330 img1082331 img1082319 img1082316 img1082312 img1082311 img1082310 img108239 img108238 img10823129 img10823128 img10823125 img10823124 img108235 img108232 img108234 img108231 img108237 img108236 img1082314 img1082313 img1082318 img1082317 img1082332 img10823123