ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រដ្ឋបាលរាជធានីភ្នំពេញ ស្នើឱ្យក្រសួងការងារ និងបណ...

រដ្ឋបាលរាជធានីភ្នំពេញ ស្នើឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីជូនដំណឹងទៅម្ចាស់រោងចក្រ ធ្វើបញ្ជីស្នាក់នៅកម្មករឲ្យបានច្បាស់លាស់ដើម្បីកាត់ផ្តាច់ឲ្យបានជំងឺកូវីដ-១៩

ថ្ងៃចេញផ្សាយ: Wednesday, June 09, 2021, 11:01 AM

img0806211 img0806214

 

 

 

 

 

            ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានស្នើឲ្យក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ ចេញសេចក្តីជូនដំណឹងទៅម្ចាស់រោងចក្រ សហគ្រាសនានា នៅរាជធានីភ្នំពេញ ឲ្យម្ចាស់រោងចក្រទាំងនោះ ធ្វើបញ្ជីស្នាក់នៅរបស់កម្មករ កម្មការិនី ឲ្យបានច្បាស់លាស់ ងាយគ្រប់គ្រងទៅលើកម្មករ នឹងដើម្បីឈានទៅកាត់ផ្ដាច់ឱ្យបាននូវការរីករាលដាលជំងឺកូវី-១៩ ខណៈដែលជំងឺនេះបាននឹងកំពុងរីករាលដាលនៅឡើយនោះ។

            ការស្នើឡើងបែបនេះ របស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនៅក្នុងកិច្ចប្រជុំតាមរយៈ Video conference មួយ នារល្ងាចថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ជាមួយនឹងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល និងអាជ្ញាធរខណ្ឌទាំង១៤ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ។

            ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ក្នុងរយៈពេលមួយខែចុងក្រោយនេះ ស្ថានភាពជំងឺកូវីដ-១៩ ឃើញថាមិនមានការថមថយនៅឡើយទេ ហើយអ្នកដែលមានវិជ្ជមានកូវីដ-១៩ ក្នុងរយៈពេលចុងក្រោយនេះដែរ ភាគច្រើនជាបងប្អូនកម្មករ កម្មការិនី ដែលបម្រើនៅតាមបណ្តាលរោងចក្រនានា នៅក្នុងរាជធានីភ្នំពេញ។ ដូច្នេះឯកឧត្តមស្នើសុំទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមឱ្យក្រួសួងចេញជាសេចក្តីជូនដំណឹង ទៅម្ចាស់រោងចក្រសហគ្រាស នៅក្នុងរាជធានីភ្នំពេញ ធ្វើជាបញ្ជីស្នាក់នៅរបស់កម្មករឲ្យបានច្បាស់លាស់ ដើម្បីយើងអាចគ្រប់គ្រងកម្មករទាំងនោះបាន នឹងឈានទៅដល់ការកាត់ផ្ដាច់បាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ។

            បន្ថែមពីនេះទៀត ឯកឧត្តម ឃួង ស្រេង ក៏បានជំរុញ និងធ្វើការណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ត្រូវត្រៀមលក្ខណៈដើម្បីចូលរួមសហការ និងធ្វើការងារនេះព្រមៗគ្នាជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានន័យថា ពេលដែលសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈចេញ អាជ្ញាធរខណ្ឌទាំងអស់ត្រូវសហការចុះផ្ទាល់ជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីយើងអាចធ្វើការងារនេះបានលឿន និងមានប្រសិទ្ធភាព ជាមួយម្ចាស់រោងចក្រ។

            ឯកឧត្តម ឃួង ស្រេង បញ្ជាក់ផងដែរថា ៖ ចំពោះការងារនេះត្រូវតែធ្វើឡើងដោយលម្អិត មានទាំងលិខិត ប័ត្ររបស់កម្មករ ឈ្មោះ ទីកន្លែងស្នាក់នៅច្បាស់លាស់ ដោយភ្ជាប់មកជាមួយនឹងរូបថត៤គុណនិង៦ផងដែរ មានន័យថា មានបញ្ហា យើងអាចឈានទៅកាត់ផ្តាច់ឬសគល់នៃជម្ងឺកូវីដ-១៩នេះបាន។

            ជាមួយគ្នានោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ មានវិធានការបន្ថែមទៀតទៅលើការទប់ស្កាត់នៃការរីករាលដាលជំងឺកូវី-១៩ ឲ្យមានប្រសិទ្ធភាព ដើម្បីយើងឈានទៅកាត់ផ្ដាច់អោយបាននៅពេលឆាប់ៗនេះ៕

img0806215 img0806216 img0806212 img0806213