ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រដ្ឋបាលរាជធានីភ្នំពេញ បើកយុទ្ធនាការធ្វើតេស្ដរកស...

រដ្ឋបាលរាជធានីភ្នំពេញ បើកយុទ្ធនាការធ្វើតេស្ដរកសារធាតុញៀនលើមន្ដ្រីចំនួន៥៤៧នាក់

ថ្ងៃចេញផ្សាយ: Thursday, March 07, 2024, 9:03 PM

img0703242 img0703241

 

 

 

 

 

           អនុវត្តតាមវិធានការដ៏ម៉ឺងម៉ាត់ និងមុតស្រួចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ពោលគឺបើរកឃើញមានមន្ត្រីណា មានសារធាតុញៀនក្នុងខ្លួន នឹងត្រូវបណ្តេញចេញពីក្របខ័ណ្ឌ ដោយគ្មានការលើកលែងនោះទេ។ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នេះ ក្រោមការណែនាំពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ចំណុះរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបាន ពិនិត្យទឹកនោម ដើម្បីស្វែងរកសារធាតុញៀន។

ការពិនិត្យទឹកនោមស្វែងរកសារធាតុញៀននេះ បានធ្វើឡើងនៅក្នុងបរិវេណសាលារាជធានីភ្នំពេញ ដោយពិនិត្យទាំងក្នុងជួរគណៈអភិបាល និងមន្ត្រីរាជការទាំងអស់ចំណុះរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីកិច្ចសន្យាផងដែរ។

មន្ត្រីបម្រើការងារនៅសាលារាជធានីភ្នំពេញ មានសរុបចំនួន៥៤៧រូប ហើយក្នុងចំនួននេះ ក្រោយការពិនិត្យ គឺមិនមានមន្ត្រីណាម្នាក់ មានសារជាតិញៀននៅក្នុងខ្លួនឡើយពោលគឺល្អ១០០%។

សូមរំលឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងមកនេះ បានចេញបទបញ្ជាមួយ ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ដោយតម្រូវឲ្យ៖

១៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំ ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា ដែលស្ថិតក្រោមឱវាទរបស់ខ្លួន លើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។

២៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណា ដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។

៣៖ ការអនុវត្តទណ្ឌកម្មខាងវិន័យនេះ ពុំរារាំងដល់ការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌ ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានឡើយ៕

img0703244 img0703245 img0703247 img0703246 img0703248 img0703249 img07032413 img0703243 img0703242 img07032411 img07032412 img07032419 img07032414 img07032415 img07032416 img07032417 img07032418 img07032420 img07032421 img07032422 img07032423 img07032424 img07032425 img07032426 img07032427 img07032428 img07032429 img07032430 img07032438 img07032437 img07032436 img07032435img07032433 img07032432 img07032431