ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រ...

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រគល់ថវិកា៣០ម៉ឺនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដើម្បីបន្តចែកជូនពលរដ្ឋរងគ្រោះ ដោយជំងឺកូវីដ-១៩

ថ្ងៃចេញផ្សាយ: Thursday, June 03, 2021, 2:20 PM

img03062117 img03062119

 

 

 

 

 

           ថវិកាចំនួន៣០ម៉ឺនដុល្លារ(សាមសិបម៉ឺនដុល្លារ) ដែលជាថវិការបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានប្រគល់ជូន ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដើម្បីនាំយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ ដោយជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

            ពិធីប្រគល់ និងទទួលថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានធ្វើឡើងនាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោករាជធានីភ្នំពេញុ។

            ក្នុងពីធីប្រគល់ និងទទួលនោះ ឯកឧត្តម ឃួង  ស្រេង បានមានប្រសាសន៍លើកឡើងថា ៖ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរានី ហ៊ុនសែន ចំនួន៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិកនេះ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ និងក្នុងនាមសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ នឹងយកទៅចែកជូនដល់ដៃបងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរងគ្រោះនៅរាជធានីភ្នំពេញឱ្យបានទាន់ពេលវេលា។ ឯកឧត្តម ឃួង ស្រេង បានប្ដេជ្ញាចិត្តថា នឹងយកថវិកាទាំងនេះទៅបែងចែកឲ្យចំគោលដៅ មិនឲ្យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ខុសបំណងនោះទេ។

            ឯកឧត្តមបានបញ្ជាក់ផងដែរថា ៖ ពាក់ព័ន្ធនឹងសកម្មភាពមនុស្សធម៌នេះ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាក្នុងនាមសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ នឹងដើរកៀងគរសប្បុរសជនបន្ថែមទៀត ដើម្បីរកចំណូលឲ្យបានច្រើនយកទៅប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ពិសេសក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍២០កុម្ភៈនេះ។ 

            ឯកឧត្តមបញ្ជាក់ទៀតថា ៖ ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ សម្រាប់ រដ្ឋបាលរាជធានីភ្នំពេញ បាននាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន អំណោយកាកបាទក្រហមកម្ពុជា និងសប្បុរសជននានាទៅចែកជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបានចំនួនជាង៤៥ម៉ឺនគ្រួសារហើយ គិតមកដល់ពេលនេះ។ សកម្មភាពនៃការផ្ដល់អំណោយជូនប្រជាពលរដ្ឋក្នុងស្ថានភាពកូវីដ-១៩នេះ ប្រជាពលរដ្ឋមួយចំនួនធំត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ យកទៅប្រគល់ជូនដល់ខ្នងផ្ទះតែម្ដង ព្រោះយើងការពារខ្លាចឆ្លងរីករាលដាលជំងឺកូវីដ-១៩នេះបន្ថែមទៀត ដែលសកម្មភាពបែបនេះ មិនទាន់មានប្រទេសណាមួយអាចធ្វើបានដូចប្រទេសកម្ពុជាយើង​ទេ។

            ជាការឆ្លើយតបលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា  បានមានប្រសាសន៍លើកឡើងផងដែលថា ៖ ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ឃើញថារដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានខិតខំប្រឹងប្រែងខ្លាំងណាស់ ដោយមិនបានគិតថា ជាពេលយប់ឬថ្ងៃឡើយ ដើម្បីកាត់ផ្ដាច់ឱ្យបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ពិសេសនៅក្នុងអំឡុងនៃការបិទខ្ទប់រាជធានីភ្នំពេញ។  ក្រៅពីមានវិធានការបិទខ្ទប់  ឯកឧត្តម ឃួង ស្រេង បាននាំយកអំណោយមនុស្សធម៌របស់សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និងអំណោយរបស់សប្បុរសជននានាផ្សេងទៀត ទៅប្រគល់ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់នៅក្នុងរាជធានីភ្នំពេញបន្ថែមទៀត ដោយលោកជំទាវបញ្ជាក់ថា ៖ បើឯកឧត្តមអភិបាលរាជធានីភ្នំពេញ មិនមានសុខភាពរឹងមាំខ្លាំងក្លាទេ គឺមិនអាចអនុវត្តការងារទាំងយប់ទាំងថ្ងៃបានល្អប្រសើរដូច្នេះទេ៕

img03062114 img03062113 img03062110 img03062111 img0306212 img0306219 img0306218 img0306217 img0306216 img0306215 img0306214 img0306213 img03062115 img03062116 img03062118 img0306211