(Khmer)
ប្រភពដើមរបស់ឈ្មោះរាជធានីភ្នំពេញ
ក្នុងកាលកន្លងទៅហើយ (គ.ស ១៣៧២) មានដូនចាស់ម្នាក់ឈ្មោះ “ពេញ” ជាអ្នកមានភោគសម្បត្តិបរិបូរណ៏ មានលំនៅក្បែរច្រាំងទន្លេបួនមុខ។ ផ្ទះរបស់ គាត់សង់នៅលើទួលខាងកើតភ្នំតូចមួយ។ ថ្ងៃមួយទីនោះ មានភ្លៀងធ្លាក់ខ្លាំងទឹកទន្លេជន់លិចរហាចរហឹម ដូនពេញបានចុះទៅកំពង់ទឹក ស្រាប់តែឃើញ ដើមគគីរមួយធំអណ្តែតមកក្បែរច្រាំង ហើយដោយអំណាចទឹកហូរសងចុះឡើង ដើមគគីរនោះចេះតែអណ្តែតវិលវល់នៅក្បែរច្រាំងនោះ។
លុះដូនពេញឃើញដូច្នេះ ក៏ប្រញាប់ទៅអំពាវនាវហៅអ្នកជិតខាង ឲ្យមកជួយទាញយកដើមគគីរនោះ។អ្នកជិតខាងក៏ នាំគ្នាយកពួរទៅចង ហើយអូសរំកិលបន្តិចម្តងៗទាល់តែមកដល់មាត់ច្រាំង។ ពេលនោះដូនពេញយកកំណាត់ឈើទៅ កោសកៀរសំអាតភក់ចេញ គាត់់ក៏បានឃើញក្នុងប្រហោងឈើគគីរមានព្រះពុទ្ធរូប ៤អង្គតូចៗធ្វើអំពីសំរឹទ្ធិ និងទេវ រូប មួយអង្គទៀតធ្វើអំពីថ្ម។ ទេវរូបនោះ ទ្រង់ឈរ ព្រះហស្ថម្ខាងទ្រង់ដំបង ព្រះហស្ថម្ខាងទៀតទ្រង់ស័ង្ខ ព្រះកេសាបួង។
ដូនពេញ និង អ្នកជិតខាងដែលទៅជួយមានសេចក្តីត្រេកអរណាស់ ដោយរើសបានរបស់ជាទីគោរព ក៏នាំគ្នាដង្ហែព្រះ បដិមាករទាំងនោះមកដល់ផ្ទះដូនពេញ ហើយដូនពេញចាត់ការសង់ខ្ទមមួយតូចតម្កល់ ជាបណ្ដោះអាសន្ន។
ថ្ងៃក្រោយមក ដូនពេញអំពាវនាវឲ្យអ្នកជិតខាងជួយលើកដីពូនភ្នំ ដែលនៅខាងលិចផ្ទះរបស់គាត់នោះ ឲ្យទៅជាភ្នំមែន ទែន។ បន្ទាប់ពីនោះគាត់អោយគេអារឈើគគីរនោះធ្វើជាសសរវិហារដែលគាត់បំរុងសង់លើភ្នំនោះ។
ក្នុង គ.ស ១៣៧២ ដូនពេញ និង អ្នកស្រុកជាច្រើននាក់ ស្រុះស្រួលបបួលគ្នាសាងសង់ព្រះវិហារ មួយខ្នងប្រក់ ស្បូវភ្លាំងនៅលើកំពូលភ្នំនោះ ហើយគាត់នាំគ្នាដង្ហែព្រះពុទ្ធរូបសំរឹទ្ធិទាំង៤អង្គ ទៅតំកល់ទុកក្នុងវិហារនោះ។ចំណែកទេវរូបថ្ម មួយអង្គគាត់ដង្ហែទៅតំកល់ទុកលើអសនៈមួយនៅជើងភ្នំខាងកើត ហើយដោយគាត់យល់ថាទេវរូបនោះ អណ្តែតទឹក មកពីស្រុកលាវ និងមានភាពដូចជាលាវ គាត់ក៏បានសន្មតនាមថា”អ្នកតាព្រះចៅ” នាមនោះជាប់ តរហូតមកដល់សព្វថ្ងៃនេះ។
កាលសាងសង់វិហាររួចហើយ គាត់និមន្តព្រះសង្ឃមកគង់នៅលើជើងភ្នំនោះ នៅទិសខាងលិចទើបមានឈ្មោះថា”វត្តភ្នំដូនពេញ” ដែលសព្វថ្ងៃហៅកាត់ថា “វត្តភ្នំ” តាំងពីពេលនោះមករហូតមកដល់សព្វថ្ងៃ៕
ការបង្កើតរាជធានី
រាជធានី ភ្នំពេញត្រូវបានសាងសង់ជាលើកដំបូង នៅក្នុងសតវត្សរ៍ទី១៥ ក្នុង អំឡុងរជ្ជកាលព្រះបាទស្រីសុរិយោព័រ(ពញាយ៉ាត) នៅពេលដែលព្រះ អង្គបានបោះបង់ចោលរាជធានីអង្គរ ហើយបានមកសាងសង់រាជធានីថ្មី មួយ ទៀតនៅទួលបាសាន ក្នុងខេត្តស្រីសឈរ ដែលសព្វថ្ងៃត្រូវបានគេស្គាល់ ថា ជាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
ព្រះអង្គ បានគង់នៅទីនោះបានតែមួយឆ្នាំគត់ដោយសារតែមាន ទឹកជំនន់រាល់រដួវវស្សា ព្រះអង្គបានផ្លាស់ប្តូររាជធានី ហើយ បានមកសាងសង់រាជធានីថ្មីមួយទៀតតាមបណ្តោយមាត់ទន្លេចតុមុខ (ទន្លេមុខបួន) នៅក្នុងឆ្នាំ ១៤៣៤ ដែលសព្វ ថ្ងៃជារាជ ធានីភ្នំពេញ ។
ការសាងសង់ព្រះបរមរាជវាំងនៅរាជធានីភ្នំពេញមាន២លើក ៖
- លើកទី១ ៖ ក្នុងរជ្ជកាលព្រះបាទពញ្ញាយ៉ាតក្នុងសតវត្សរ៍ទី ១៥ ។
- លើកទី២ ៖ ក្នុងរជ្ជកាលព្រះបាទនរោត្តមក្នុងសតវត្សរ៍ទី ១៩ ទើបឋិតឋេរ។
ការសាងសង់ ព្រះបរមរាជវាំងនៅរាជធានីភ្នំពេញមាន២លើក ដោយសារតែបន្ទាប់ពីការសាងសង់លើកទី១ (ឆ្នាំ១៤៣៤-១៤៩៧) រាជវាំងត្រូវបានផ្លាស់ទៅអង្គរវិញ ក្រោយពីអង្គរទៅពោធិសាត់ រួចទៅបរិបូរណ៍ បន្ទាប់មកទៅលង្វែក ហើយទៅឧត្តុង្គ ។ បន្ទាប់ពីឧដុង្គ រាជវាំងត្រូវបានត្រឡប់មកសាងសង់ជាលើកទី២នៅរាជធានីភ្នំពេញក្នុងឆ្នាំ ១៨៦៥ ហើយទើបបានឋិតឋេរមកដល់សព្វថ្ងៃ។
ភ្នំពេញសម័យប៉ុលពត
ក្នុង កាលដែលពួកខ្មែរក្រហមចូលមកកាន់អំណាច នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ១៩៧៥ ប្រជាជន ត្រូវបានបង្ខំឲ្យ ចាកចេញពី ទីក្រុង។គ្រប់ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានបំផ្លិចបំផ្លាញធ្ងន់ធ្ងរបំផុត និយាយជារួម ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ទីក្រុងភ្នំពេញបានក្លាយជាទីក្រុងខ្មោច។
ក្រោយ ថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រជាជនបានវិលត្រឡប់មករស់នៅក្នុងស្រុកកំណើតវិញ។ ក្នុងស្ថានភាពទប់ស្កាត់ ការវិលត្រលប់នៃរបបប្រល័យពូជសាសន៏ផង ស្តារ និង កសាងប្រទេសផង រដ្ឋអំណាច និងប្រជាជនបានរួមគ្នា ពុះពារ ជំនះលើការលំបាកគ្រប់បែបយ៉ាងជាបន្តបន្ទាប់ និងបានកែប្រែសោភ័ណភាពរាជធានីភ្នំពេញ ឲ្យកាន់តែស្រស់ បំព្រងគួរជាទីមោទៈ និងស្របតាមនិន្នាការរីកចំរើនរបស់សង្គជាតិ។
រាជធានីភ្នំពេញសព្វថ្ងៃ
វាជាផ្លូវដ៏វែងឆ្ងាយឆ្ពោះទៅកាន់រាជធានីភ្នំពេញដែលមានសុខសន្តិភាព និងរីកចម្រើនដូចសព្វថ្ងៃ ។ ដោយបច្ចុប្បន្ននេះ ប្រទេស កំពុងមានស្ថិរភាព ភ្នំពេញកំពុងត្រូវបានស្តារនិងអភិវឌ្ឍន៍ជាបណ្តើរទៅរកភាពរីកចម្រើនរុងរឿងដូចពី សម័យមុន ។
សព្វថ្ងៃនេះ រាជធានីភ្នំពេញជាទីក្រុងដែលគួរអោយទាក់ទាញ បង្កអោយមានភាពធូរស្រាល និងពោរពេញដោយភាពសុខ ដុមរមនា …