Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ប្រជាពលរដ្ឋកម្ពុជានឹងកាត់បន្ថយបាន ការទៅ...

(Khmer) ប្រជាពលរដ្ឋកម្ពុជានឹងកាត់បន្ថយបាន ការទៅព្យាបាលជំងឺមហារីកនៅក្រៅប្រទេស ខណៈនៅភ្នំពេញ មានមន្ទីរពេទ្យព្យាបាលមហារីក បំពាក់ដោយឧបករណ៍ទំនើប ជាមួយក្រុមគ្រូពេទ្យជំនាញ

Published Date: Wednesday, December 01, 2021, 12:20 PM

(Khmer)

imga3011217 imga30112110

 

 

 

 

 

            ប្រជាពលរដ្ឋកម្ពុជា នឹងកាត់បន្ថយបាននូវការទៅព្យាបាលនៅជំងឺមហារីក នៅក្រៅប្រទេស ដោយសារថា បច្ចុប្បន្ននេះនៅព្រះរាជាណាចក្រកម្ពុជារបស់យើង មានមន្ទីរពេទ្យ​សម្រាប់ព្យាបាលជំងឺមហារីកនេះជាច្រើនកន្លែង មានទាំងរដ្ឋនិងឯកជន បំពាក់ទៅដោយម៉ាស៊ីន និងឧបករណ៍ទំនើបៗ ជាមួយក្រុមគ្រូពេទ្យជំនាញៗផងដែរ។ម្យ៉ាងវិញទៀតក៏បានកាត់បន្ថយនូវការចំណាយថវិកាច្រើនក្នុងការបញ្ជូនអ្នកជំងឺទៅព្យាបាលនៅក្រៅប្រទេសថែមទៀតផង។

            នេះជាការលើកឡើងរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលឯកឧត្តម និងលោកជំទាវ អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធមន្ទីរពេទ្យសំរាកព្យាបាលឯកជនផ្នែកមហារីក អូរ៉េន ឃែនស័រ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ។

            ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានជំងឺមហារីកគឺមានសង្ឃឹមច្រើនដោយសារថា នៅព្រះរាជាណាចក្រកម្ពុជារបស់យើង មានមន្ទីរពេទ្យជាច្រើនដែលអាចព្យាបាល ជំងឺមហារីកនេះបាន កាត់បន្ថយនូវការបញ្ជូនអ្នកជំងឺទៅព្យាបាលនៅក្រៅស្រុក និងកាត់បន្ថយថវិកាច្រើនផងដែរ។

            ជាក់ស្តែងនៅពេលនេះ មន្ទីរពេទ្យសំរាកព្យាបាលឯកជនផ្នែកមហារីក អូរ៉េន ឃែនស័រ ដែលបើកសម្ពោធដាក់ឱ្យប្រើប្រាស់នៅពេលនេះ គឺបានបំពាក់ឧបករណ៍ទំនើបៗ តាមស្ដង់ដារអឺរ៉ុប និងប្រមូលផ្ដុំដោយគ្រូពេទ្យ ជំនាញៗ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើតេស្ត ស្វែងរកមេរោគ និងព្យាបាលជំងឺមហារីក ជូនដល់ប្រជាពលរដ្ឋកម្ពុជាមកពីគ្រប់មជ្ឈដ្ឋាន។

            ឯកឧត្តម ឃួង ស្រេង បានបន្តថា សម្រាប់ក្របខ័ណ្ឌរាជធានីភ្នំពេញ ដើម្បីបង្ខិតសេវាសុខាភិបាលឱ្យកៀកជិតប្រជាពលរដ្ឋក្នុងមូលដ្ឋាន គណៈអភិបាលរាជធានីភ្នំពេញ បានខិតខំពង្រឹង និងពង្រីកយន្តការនៃការផ្ដល់សេវាផ្នែករដ្ឋ ព្រមទាំងបង្កលក្ខណៈដល់ការចូលរួមរបស់សេវាសុខាភិបាលឯកជន ក្នុងនោះ គិតត្រឹមឆ្នាំ២០២១នេះ នៅរាជធានីភ្នំពេញមានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ចំនួន០៧, មន្ទីរពេទ្យបង្អែករាជធានី ចំនួន ០១ (កម្រិត CPA3), មន្ទីរពេទ្យបង្អែកថ្នាក់ស្រុកប្រតិបត្តិ ចំនួន ០៧ (កម្រិត CPA1), មណ្ឌលសុខភាព ចំនួន៤៣(កម្រិតMPA) និងប៉ុស្តិ៍សុខភាព ចំនួន ៧ កន្លែង ដែលជាសេវាសុខាភិបាលគ្រប់គ្រងដោយរដ្ឋ ព្រមទាំងមានមូលដ្ឋាន សុខាភិបាលឯកជនចំនួន ២.៧៥៧ទីតាំង បន្ថែមទៀត កំពុងផ្តល់សេវាពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺទូទៅដូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

            លោកសាស្ត្រាចារ្យ វជ្ជបណ្ឌិត អ៊ាវ សុខា ប្រធានមន្ទីរពេទ្យសំរាកព្យាបាលឯកជនផ្នែកមហារីក អូរ៉េន ឃែនស័រ គោលបំណងសំខាន់នៃការបង្កើតមន្ទីរពេទ្យនេះ គឺដើម្បីចូលរួមបំពេញនូវកង្វះខាតក្នុងវិស័យសុខាភិបាល សម្រួលដល់ជីវភាព និងការលំបាករបស់ប្រជាពលរដ្ឋដែលមានជំងឺ បង្កើតការងារជូនគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលផ្សេងទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

            លោកបន្តថា អ្នកជំងឺមហារីកភាគច្រើនកើតលើមនុស្សវ័យកណ្តាល និងវ័យចំណាស់។ ជំងឺមហារីកមាន ប្រាំប្រភេទដែលយើងជួបប្រទះច្រើនជាងគេ គឺ មហារីកថ្លើម មហារីកសួត មហារីកសុដន់ មហារីកក្រពះ-ពោះវៀន និង មហារីកមាត់ស្បូន។ អ្នកជំងឺមហារីកនៅកម្ពុជាប្រមាណ១៣.៥០០នាក់ ត្រូវការព្យាបាលដោយកាំរស្មី ហើយមានអ្នកជំងឺប្រមាណ ៣.០០០នាក់ប៉ុណ្ណោះ ដែលទទួលបានការព្យាបាលនៅក្នុងស្រុក និងប្រមាណ ១.៥០០នាក់ទៀតបានទទួលការព្យាបាលនៅប្រទេសជិតខាង នៅសល់ប្រមាណជាង១០.០០០នាក់ទៀតក្នុង១ឆ្នាំ កំពុងត្រូវការ ការព្យាបាលមួយដែលមានប្រសិទ្ធភាព និងគុណភាពតាមស្តង់ដាវេជ្ជសាស្តសកល។

            លោក អ៊ាវ សុខា បន្តថានៅកម្ពុជា ការទទួលបានការពិនិត្យ និងការធ្វើតេស្តស្វែងរកជំងឺមហារីក ដោយម៉ាស៊ីនទំនើប នៅមានកំរិតទាបនៅឡើយ។ ដូច្នេះដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការព្យាបាលក្នុងស្រុក និងបំពេញបន្ថែមលើសេវាសុខាភិបាលសាធារណៈ ដែលកំពុងជួបការលំបាក និងស្របតាមគោលនយោបាយលើកទឹកចិត្តដល់វិស័យឯកជនរបស់រាជរដ្ឋាភិបាល ក្នុងនាមលោកជាអ្នកជំនាញជំងឺមហារីកមួយរូប បានសម្រេចចិត្តបណ្តាក់ទុនបង្កើតមន្ទីរពេទ្យនេះឡើងដោយមានបំពាក់ឧបករណ៍ទំនើបៗ តាមស្ដង់ដារអឺរ៉ុប និងប្រមូលផ្ដុំដោយគ្រូពេទ្យជំនាញៗ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើតេស្ត ស្វែងរកមេរោគ និងព្យាបាលជំងឺមហារីក ជូនដល់ប្រជាពលរដ្ឋកម្ពុជាមកពីគ្រប់មជ្ឈដ្ឋាន៕

imga3011211 imga30112124 imga30112114 imga30112116 imga30112125 imga30112115 imga30112113 imga30112110 imga3011218 imga3011219 imga30112117 imga30112118 imga30112119 imga30112120 imga30112121 imga30112122 imga3011214 imga3011213 imga3011216 imga30112131 imga30112126 imga30112132