Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖សម្តេចទាំងពី...

(Khmer) ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖សម្តេចទាំងពីរ ជានិច្ចជាកាលតែងបានយកចិត្តទុកដាក់គិតគូរអំពីការអភិវឌ្ឍវិស័យអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស

Published Date: Friday, April 01, 2022, 4:52 PM

(Khmer)

img3132218 img3132216

 

 

 

 

 

               នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលអគារសិក្សា និងបណ្ណាល័យ នៃគ្រឹះស្ថានសិក្សាចំនួន ៣ រួមមាន វិទ្យាល័យជាស៊ីមឈូកវ៉ា ខណ្ឌព្រែកព្នៅ វិទ្យាល័យជាស៊ីមសាមគ្គី ខណ្ឌទួលគោក និងសាលាបឋមសិក្សាក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើការផ្តាំផ្ញើការអបអរសាទរពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលជាច្រើនក្នុងថ្ងៃនេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងពីរ សម្រាប់ក្មួយៗសិស្សានុសិស្សនៅក្នុងរាជធានីភ្នំពេញ និងសូមគោរពថ្លែងអំណរគុណចំពោះសម្តេចទាំងពីរ ដែលជានិច្ចជាកាលតែងបានយកចិត្តទុកដាក់គិតគូរអំពីការអភិវឌ្ឍវិស័យអប់រំ និងការបណ្តុះធនធានមនុស្ស។

ក្នុងក្របខ័ណ្ឌទូទាំងប្រទេស អគារសិក្សាដែលជាអំណោយរបស់សម្តេចទាំងពីរមានប្រមាណជិត ៥.០០០ ខ្នងហើយក្នុងនាមនាយករដ្ឋមន្ត្រី សម្តេចតេជោ តែងបានផ្តល់អាទិភាពលើកត្តាមនុស្ស ដោយបានណែនាំឱ្យមានការយកចិត្តទុកដាក់លើការពង្រឹងប្រព័ន្ធអប់រំនៅគ្រប់ទីកន្លែងទាំងអស់ទាំងទីក្រុង និងជនបទ ជាពិសេសតំបន់ដាច់ស្រយាល និងតំបន់ជាប់ព្រំដែន។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថា៖ការសម្ពោធ គឺជានិមិត្តរូបនៃការអបអរសាទរ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺជាផលជាក់ស្តែងនៃការប្រើប្រាស់សមិទ្ធផលទាំងនេះ ដើម្បីបម្រើដល់វិស័យអប់រំ ដែលជាវិស័យអាទិភាពសំខាន់ រួមចំណែកក្នុងការធានានិរន្តភាពនៃការអភិវឌ្ឍ និងឯករាជ្យម្ចាស់ការរបស់ប្រទេសយើង ដែលកំពុងបន្តវិវឌ្ឍរីកចម្រើនទៅមុខទាំងផ្នែកសង្គម-សេដ្ឋកិច្ច ជាពិសេសភាពជឿនលឿននៃបច្ចេកវិទ្យា។ ឯករាជ្យម្ចាស់ការក្នុងន័យនេះ សំដៅដល់សមត្ថភាពរបស់កូនខ្មែរក្នុងការដឹកនាំគ្រប់គ្រង លើគ្រប់វិស័យទាំងអស់ទាំងផ្នែករដ្ឋ និងឯកជន ព្រោះចំណេះវិជ្ជា ជាសិទ្ធិអំណាច ជាឥទ្ធិពល និងជាលទ្ធភាពនៃជម្រើសក្នុងការគ្រប់គ្រងដំណើរជីវិតរបស់យើង។ ទន្ទឺមគ្នានេះ ការទទួលបានឱកាសនៃការអប់រំស្មើគ្នាសម្រាប់បុរស-ស្ត្រី ក៏បាននាំមកនូវសង្គមមួយដែលមានសមភាព ការប្រកួតប្រជែង និងភាពច្នៃប្រឌិតខ្ពស់ ដែលជាចលករនៃការអភិវឌ្ឍរីកចម្រើនជឿនលឿន ដូចដែលកើតមានឡើងក្នុងពេលបច្ចុប្បន្ន។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ទៀតថា៖ការអប់រំ គឺជាតម្រូវការជាមូលដ្ឋានចម្បងបំផុតរបស់ប្រជាពលរដ្ឋទាំងនៅទីក្រុង និងជនបទ ដែលតែងទន្ទឹងចង់ឱ្យកូនៗបានទៅរៀនសូត្រនៅសាលា ហើយទោះបីជាមានកម្រិតជីវភាពបែបណា ក៏ត្រូវខិតខំតស៊ូដើម្បីឱកាសសិក្សារបស់កូនៗ។ រាជរដ្ឋាភិបាលនៅក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី គ្រប់អាណត្តិកន្លងមក តែងបានផ្តល់សារៈសំខាន់ និងអាទិភាពលើវិស័យអប់រំ ដោយអនុវត្តសម្រេចបានសមិទ្ធផលជាច្រើន ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនេះ គឺមិនមែនមានតែនៅក្នុង   អត្ថបទគោលនយោបាយនោះទេ។ មកដល់ពេលនេះ វិស័យអប់រំមានការរីកចម្រើនទាំងផ្អែកបរិមាណ និងគុណភាព ដោយមានសាលាគ្រប់ភូមិសិក្សានៅទូទាំងប្រទេស លោកគ្រូ-អ្នកគ្រូក៏ច្រើន និងសិស្សក៏ច្រើន ព្រមទាំងមានកម្មវិធីសិក្សា, ហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍សម្ភារល្អទំនើប។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ទៀតថា៖ពិតណាស់ ការពង្រឹងសាលារៀនទាំងផ្នែកទន់ និងផ្នែករឹង គឺជាកិច្ចការសំខាន់មួយនៅក្នុងការងារកែទម្រង់វិស័យអប់រំ ប៉ុន្តែអ្វីដែលសំខាន់ផងដែរនោះ គឺការយកចិត្តទុកដាក់លើការពង្រឹងឆន្ទៈ គុណធម៌ សីលធម៌ ស្មារតីគោរពច្បាប់ ព្រមទាំងការយល់ដឹងអំពីវប្បធម៌ និងប្រវត្តិ     សាស្ត្ររបស់ជាតិ ឱ្យដល់ក្មួយៗសិស្សានុសិស្ស ដើម្បីឱ្យពួកគេក្លាយជាមិត្តល្អ កូនល្អ និងពលរដ្ឋល្អសម្រាប់សង្គមជាតិ ជាពិសេសក្នុងបរិការណ៍នៃការរីកចម្រើនជឿនលឿនផ្នែកបច្ចេកវិទ្យា ដូចពេលបច្ចុប្បន្ន ដែលទន្ទឹមនឹងការផ្តល់នូវចំណុចវិជ្ជមានជាច្រើន ប៉ុន្តែក៏បាននាំមកនូវចំណុចអវិជ្ជមានមួយចំនួនផងដែរ ដូចជា បញ្ហាព័ត៌មានមិនពិត និងអំពើល្មើសផ្សេងៗក្នុងបណ្តាញអ៊ីនធើណេតជាដើម។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានអះអាងទៀតថា៖ជាទិសដៅទៅមុខ រាជរដ្ឋាភិបាលនឹងបន្តការយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យអប់រំតាមគ្រប់លទ្ធភាព និងបានបើកចំហរឱ្យមានការចូលរួមរបស់វិស័យឯកជនផងដែរសំដៅបង្កើនការប្រកួតប្រជែងនៅក្នុងវិស័យនេះ ក្នុងគោលបំណងដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារី មានចំណេះដឹង និងផលិតភាពខ្ពស់ សម្រាប់ទីផ្សារការងារដ៏សម្បូរបែប ស្របពេលដែល កម្ពុជាកំពុងខិតខំពង្រឹង និងពង្រីកសក្តានុពលសេដ្ឋកិច្ចរបស់ខ្លួន ឈានឆ្ពោះទៅរកសេដ្ឋកិច្ចបែបឧស្សាហកម្ម និងបច្ចេកវិទ្យា ដែលមានតម្រូវការខ្ពស់នូវធនធានមនុស្សជំនាញបច្ចេកទេស។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានឡើងធ្វើ  របាយការណ៌ស្វាគមន៌ និងលើកឡើងពីការរីកចម្រើនក្នុងរាជធានីភ្នំពេញ ជាពិសេសលើវិស័យអប់រំក្រោមការផ្ដល់សមិទ្ធផលជាច្រើនដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងពីរ សម្រាប់ក្មួយៗសិស្សានុសិស្សនៅក្នុងរាជធានីភ្នំពេញ ៕

img3132228 img3132227 img3132229 img3132220 img3132224 img3132217 img3132223 img3132222 img3132221 img3132219 img313224 img313225 img313227 img313226 img3132212 img3132213 img3132211 img3132210 img313229 img313228 img313223 img313222 img313221 img3132214