(Khmer) ការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមដំណើរការ
Published Date: Sunday, November 28, 2021, 4:02 PM
(Khmer)
គណៈកម្មការរៀបចំការប្រឡងរាជធានីភ្នំពេញ នៅថ្ងៃអាទិត្យទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បាន ដំណើរការប្រឡងជ្រើសរើសបេក្ខជនចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២០ នៅមណ្ឌលប្រឡងវិទ្យាល័យសន្ធរម៉ុក ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ជាមួយនឹងបេក្ខជន ជិត១.០០០នាក់ ដោយត្រូវជ្រើសរើសយកចំនួន៥៩នាក់។
ការប្រឡងនេះធ្វើឡើងក្រោមការអញ្ជើញកាត់វិញ្ញាសារប្រឡង ដោយ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក រដ្ឋបាលក្រសួងមហាផ្ទៃ, ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ រួមនឹងមន្ត្រីពាក់ពន្ធ័មួយចំនួនទៀត។
ការប្រឡងចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលនេះ គឺដើម្បីយកទៅបម្រើការងារនៅ អង្គភាពនានា ចំណុះរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថេរវលានៃការប្រឡងដូចខាងក្រោម៖
១. ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ (រយៈពេល ០២ ម៉ោង)៖ ជំនាញឯកទេស (កំណែទម្រង់រដ្ឋបាល សាធារណៈ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា) និងភាសាអង់គ្លេស ។
២. ក្របខ័ណ្ឌមន្ត្រីក្រមការ (រយៈពេល ០២ ម៉ោង)៖ ជំនាញឯកទេស (កំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ នៅកម្ពុជា) និងភាសាអង់គ្លេស
៣. ក្របខ័ណ្ឌលេខាធិការរដ្ឋបាល (រយៈពេល ០២ ម៉ោង)៖ ចំណេះដឹងទូទៅ ចំណេះដឹងកិច្ចការរដ្ឋបាល និងគណិតវិទ្យា។
បេក្ខជនដែលប្រឡងជ្រើសរើស ចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល រដ្ឋបាលរាជធានី ភ្នំពេញ សម្រាប់ឆ្នាំ ២០២០នេះ មានចំនួន៩៨១រូប ស្រី៣៨៥រូប មានចំនួន៦៦បន្ទប់ ដោយត្រូវជ្រើសរើសយក ចំនួន៥៩រូប ក្នុងនោះសម្រាប់រដ្ឋបាលរាជធានីភ្នំពេញចំនួន១៩រូប (រួមមាន ក្របខ័ណ្ឌ “ក” ៩រូប, “ខ” ៥រូប ,និង “លេខាធិការរដ្ឋបាល” ចំនួន៥រូប)។ ចំនួន៤០នាក់ទៀតជ្រើសរើសសម្រាប់ក្របខ័ណ្ឌក្រសួងមហាផ្ទៃ ដែលមាន ដូចជា(ក្របខ័ណ្ឌ “ក” ១៤រូប, “ខ”១៧រូប និង “គ”៩រូប)។
ចំពោះការប្រលងនេះបេក្ខជនត្រូវបានអនុវត្តវិធានការសុខាភិបាលផងដែរ ដែលមានដូចជា ពាក់ម៉ាស់ គ្រប់ពេល (លើកលែងពេលមន្ដ្រីអនុរក្សស្នើសុំឱ្យដោះម៉ាស់) ឆ្លងកាត់ការវាស់កំដៅ រក្សាគម្លាតសុវត្ថិភាព លាងដៃ ជាមួយអាល់កុល និងត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬលិខិតបញ្ជាក់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មុននៃការចូលក្នុងបរិវេណមណ្ឌលប្រឡង៕