Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) តំបន់ក្រហម នៅក្នុងភូមិសាស្ត្ររាជធានីភ្ន...

(Khmer) តំបន់ក្រហម នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យធ្វើអាជីវកម្ម សូម្បីតែលក់ឥវ៉ាន់ចាបហួយ និងមិនអនុញ្ញាតឱ្យចេញ ចូលដាច់ខាត

Published Date: Wednesday, April 28, 2021, 6:56 PM

(Khmer)

img280421c12 img280421c4

 

 

 

 

 

             រាជធានីភ្នំពេញត្រូវបានចែកចេញជា៣តំបន់ គឺតំបន់លឿង លឿងទុំ និងតំបន់ក្រហម។ តែក្នុងតំបន់ទាំង៣នេះ តំបន់ក្រហមជាតំបន់ដែលមិនអនុញ្ញាតអោយធ្វើអាជីវកម្មដាច់ខាត សូម្បីតែការលក់ដូរឥវ៉ាន់ចាបហួយ ហើយការធ្វើដំណើរចេញ ចូល ក៏ត្រូវបានហាមដាច់ខាតផងដែរ ទោះជាដើរពីផ្ទះមួយទៅផ្ទះមួយក៏ដោយ  គឺត្រូវ  អនុវត្តអោយបានម៉ឺងម៉ាត់បំផុតចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះតទៅ ។

            នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ខណៈដែលឯកឧត្តមបានដឹកនាំក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ Video Conference  នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ដើម្បីមានវិធានការចំពោះតំបន់ពណ៌លឿង លឿងទុំ និងតំបន់ក្រហម ឱ្យបានល្អប្រសើរ ក្នុងការទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ទៅតាមសេចក្តីសម្រេចលេខ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល។

            ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ៖កិច្ចប្រជុំនេះធ្វើឡើង ដើម្បីអនុវត្តនូវវិធានការបិទខ្ទប់តំបន់ដែលត្រូវបិទខ្ទប់ ពិសេសតំបន់ពណ៌លឿងទុំ និងតំបន់ក្រហម។ ក្នុងតំបន់ទាំង២នេះ អាជ្ញាធរខណ្ឌត្រូវចុះល្បាតក្នុងមូលដ្ឋាននេះជាប្រចាំ ដើម្បីទទួលបានព័ត៌មាន ដោយមិនអោយមានការជួបជុំ ឬផឹកស៊ីជាដាច់ខាត បើមានត្រូវតែចាប់យកមកអនុវត្តទោស ។

            ឯកឧត្តមបានបន្តទៀតថា ៖ ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បើមិនមានការចូលរួមសហការពីប្រជាពលរដ្ឋទេ គឺយើងមិនអាចលុបបំបាត់បាននោះទេ។ ដូច្នេះត្រូវតែផ្សព្វផ្សាយ និងធ្វើចលនាអោយពួកគាត់បានចូលរួម អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការរបស់អាជ្ញាធរយើង។

            ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ឃួង ស្រេង ក៏បានជម្រុញអោយបន្តការចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ ពិសេសការផ្តល់អំណោយជូនបងប្អូន កម្មករ កម្មការីនី ទៅដល់តាមបន្ទប់ជួល ដោយមកដល់ពេលនេះ យើងបានចែកអំណោយទៅប្រជាពលរដ្ឋនិងកម្មករ កម្មការីនី បានប្រមាណ១០ម៉ឺនគ្រួសារហើយ តែក៏នៅមានការស្រែករកជំនួយទៀត ដូច្នេះការងារនេះ យើងត្រូវតែធ្វើបន្ត និងអោយចំគោលដៅ ចំអ្នកដែលខ្វះខាតជាងគេ៕

img280421c8 img280421c7 img280421c11 img280421c1 img280421c12 img280421c10 img280421c6 img280421c13 img280421c2 img280421c5 img280421c3 img280421c9