Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) រដ្ឋបាលរាជធានីភ្នំពេញ សម្រេចឱ្យបើកដំណើរ...

(Khmer) រដ្ឋបាលរាជធានីភ្នំពេញ សម្រេចឱ្យបើកដំណើរការផ្សារទំនើបឡាក់គី នៅតំបន់លឿងឡើងវិញ

Published Date: Wednesday, April 28, 2021, 4:39 PM

(Khmer)

img2804212 img2804214

 

 

 

 

 

              រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចឱ្យផ្សារទំនើបឡាក់គី នៅតំបន់លឿងនៅក្នុងរាជធានីភ្នំពេញ បើកដំណើរការឡើងវិញហើយ ដើម្បីសម្រួលដល់ការលំបាករបស់បងប្អូន ប្រជាពលរដ្ឋ ក្រោយពីបិទមួយរយៈ ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលឯកឧត្តមជាតំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញទទួលអំណោយពីលោក Charlie Bettencourt អគ្គនាយកក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ។

ឯកឧត្តម កើត ឆែ បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ និងក្នុងនាមខ្លួនឯកឧត្តមផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកអគ្គនាយក ដែលបានឧបត្ថម្ភ អង្ករ ៥តោន ស្មើរនឹង១.០០០កញ្ចប់ និងត្រីខ ចំនួន ៦.០០០កំប៉ុង ស្មើរនឹង១.០០០កញ្ចប់ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩។

តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។

ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន នឹងកំពុងជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោតកូវីដ-១៩។

ជាមួយគ្នានេះដែរ ឯកឧត្តម កើត ឆែ បានបញ្ជាក់ថា ការទទួលអំណោយមនុស្សធម៌នៅពេលនេះ គឺស្របពេលដែលរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចឱ្យផ្សារទំនើបឡាក់គី នៅតំបន់លឿងនៅក្នុងរាជធានីភ្នំពេញ បើកដំណើរការឡើងវិញផងដែរ៕

img2804213 img2804211 img2804212 img2804215