Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) រដ្ឋបាលរាជធានីភ្នំពេញហាមមិនឱ្យដុតផាវជាដ...

(Khmer) រដ្ឋបាលរាជធានីភ្នំពេញហាមមិនឱ្យដុតផាវជាដាច់ខាតក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាមឆ្នាំនេះ

Published Date: Monday, January 27, 2025, 4:56 PM

(Khmer)

img2701253 img2701251

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ចុះណែនាំតាមខ្នងផ្ទះ ដោយដាក់មីក្រូតាមម៉ូតូកង់បី ស្រែកណែនាំ ដោយហាមមិនឱ្យដុតផាវជាដាច់ខាត ជាមួយនិងការប្រើពាក្យថា ពេលស្រវឹងកុំបើកបរ ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាមឆ្នាំនេះ។

          ឯកឧត្ដម​ ឃួង ស្រេង ណែនាំបែបនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៧ ខែមករា​ ឆ្នាំ​២០២៥នេះ ក្នុងខណៈឯកឧត្ដមបានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានី  ភ្នំពេញ។

          ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានី​ភ្នំពេញ​ បានមានប្រសាសន៍ថា៖ បុណ្យចូលឆ្នាំចិន វៀតណាមឆ្នាំ២០២៥នេះ សូមឱ្យអាជ្ញាធរខណ្ឌ សង្កាត់ ផ្សព្វផ្សាយដល់អាជីករតាមផ្សារមិនឱ្យលក់ផាវ គ្រឿងផ្ទុះ បើណែនាំ២ដងមិនស្តាប់ ត្រូវចាប់បង្ខំឱ្យគាត់អនុវត្តតាមច្បាប់។

          ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា៖ បញ្ហាសណ្តាប់ធ្នាប់ចរាចរណ៍ក៏ដូច្នេះដែរ នៅភ្នំពេញ ការកកស្ទះចរាចរណ៍ជារឿងពិត ពោលគឺឱ្យតែបុណ្យទានម្តងៗ ពិសេសបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំខ្មែនិងបុណ្យចូលឆ្នាំចិន-វៀតណាម តែងតែមានការកកស្ទះចរាចរណ៍។ ចំពោះទីតាំងដែលកកស្ទះ ក្នុងនាមជាម្ចាស់មូលដ្ឋានពិតជាដឹងហើយ ដូច្នេះត្រូវដាក់កម្លាំងទៅសម្រួលចរាចរណ៍នៅកន្លែងកកស្ទះទាំងនោះភ្លាម ដើម្បីឱ្យប្រជាពលរដ្ឋបានមើលឃើញថា យើងបានយកចិត្តទុកដាក់ចំពោះការងារនេះ។

          ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បន្តថា៖ អភិបាលខណ្ឌទាំង១៤ អាជ្ញាធរសង្កាត់ ត្រូវចុះណែនាំតាមខ្នងផ្ទះ ដោយដាក់មីក្រូតាមម៉ូតូកង់បី ស្រែកណែនាំមិនឱ្យដុតផាវជាដាច់ខាត ជាមួយនិងពាក្យថា ពេលស្រវឹងកុំបើកបរជាដើម។ ត្រូវល្បាតជាប្រចាំ ដើម្បីទប់ស្កាត់ការដុតផាវ លួចឆក់ប្លន់ គាស់ផ្ទះជាដើម។ការដុតផាវ វាមិនចំណេញទេ នៅចិនគេលែងដុតហើយ យើងល្មមបញ្ចប់ហើយ។ ណែនាំឱ្យពួកគាត់ចេះបង្ការទប់ស្កាត់គ្រោះអគ្គីភ័យ បង្ការការលួចគាស់ផ្ទះជាដើម។

          ជាមួយគ្នានេះ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឱ្យខណ្ឌទាំង១៤ចុះមើលតាមសាលារៀនជាប្រចាំ ដើម្បីទប់ស្កាត់ក្មេងទំនើងតាមសាលារៀន មើលទាំងអនាម័យ បរិស្ថាន នៅតាមសាលា ពិសេសបង្គន់អនាម័យសូមឱ្យស្អាត បត់ជើងបានផង។ បន្ថែមពីនេះ ល្បែងស៊ីសងគ្រប់ប្រភេទ ត្រូវតែលុបបំបាត់ឱ្យអស់ ពិសេសល្បែងស៊ីសងនៅតាមផ្សារ ឆ្នោតឡូតូជាដើម។ ដោយឡែកនៅតំបន់ស្មុក ស្មាញ តំបន់មិនរៀបរយ អាជ្ញាធរខណ្ឌត្រូវចុះឱ្យដល់ទីតាំង ពិសេសប្រជាការពារសង្កាត់ចុះទៅពិនិត្យតាមដានពួកគាត់ជាមួយនិងការណែនាំឱ្យពួកគាត់ចេះបង្ការទប់ស្កាត់គ្រោះអគ្គីភ័យ។ ចំពោះការគ្រប់គ្រងជនឥន្តោប្រវេស្សក៏ត្រូវធ្វើឱ្យបានល្អ ដាក់ខាតត្រូវឱ្យពួកគាត់គោរពច្បាប់ប្រទេស មិនចេះតែធ្វើអ្វីតាមចិត្តទេ ប្រទេសយើងមានច្បាប់៕

img2701254 img2701255 img2701256 img2701257 img2701258 img2701259 img27012516 img27012510 img27012511 img27012512 img27012513 img27012514 img27012515 img27012517 img27012518 img27012519 img27012520 img27012521 img27012523 img27012524