(Khmer) ឯកអគ្គរដ្ឋទូតអូស្ត្រាលី កោតសរសើររាជធានីភ្នំពេញ លើការទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ-១៩ និងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ
Published Date: Tuesday, April 26, 2022, 7:19 PM
(Khmer)
ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម ប៉ាប្លូ កាង (H.E. Mr. PABLO KANG)បានសំដែងនូវការកោតសរសើរចំពោះរាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ដែលទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ពិសេសគឺការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជាបានយ៉ាងល្អ ដែលធ្វើឱ្យជំងឺនេះមិនរីករាលដាលធ្ងន់ធ្ងរ។
ការកោតសរសើរបែបនេះរបស់ ឯកឧត្ដម ប៉ាប្លូ កាង (H.E. Mr. PABLO KANG) បានធ្វើឡើងនារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ ខណៈឯកឧត្ដមបានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ប៉ាប្លូ កាង បានបញ្ជាក់ផងដែរថា សម្រាប់រាជធានីភ្នំពេញ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ពិតជាបានល្អប្រសើរ ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺនេះ ហើយខណៈដែលរាជធានីភ្នំពេញកំពុងប្រឈមនឹងការរីករាលដាលកូវីដ-១៩នោះ អាជ្ញាធររាជធានីភ្នំពេញ គឺពិតជាគ្រប់គ្រងបានយ៉ាងល្អប្រសើរដែលធ្វើឱ្យអត្រានៃការឆ្លងជំងឺនេះមានលក្ខណៈធូស្រាល មិនធ្ងន់ធ្ងរដូចបណ្ដាប្រទេសមួយចំនួនឡើយ។
ឯកឧត្ដម ប៉ាប្លូ កាង ក៏បានលើកឡើងផងដែរថា សម្រាប់អូស្ត្រាលី និងធ្វើការសិក្សាបន្ថែមទៅលើទីក្រុង វ័យឆ្លាតសម្រាប់រាជធានីភ្នំពេញ។ ឯកឧត្ដម ប៉ាប្លូ កាង ក៏បានសំដែងនូវការកោតសរសើរយ៉ាងខ្លាំងផងដែរ ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សរបស់ រាជធានីភ្នំពេញ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានមានប្រសាសន៍លើកឡើងថា៖ រដ្ឋបាលរាជធានីភ្នំពេញ ពិតជាអរគុណ ចំពោះការជួយរបស់អូស្ត្រាលីទៅលើការសិក្សា ការរៀបចំនៅទីក្រុងវៃឆ្លាត ឱ្យរាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា សម្រាប់អាជ្ញាធររាជធានីភ្នំពេញ នឹងជួយជ្រោមជ្រែងគ្រប់ការងាររបស់ស្ថានទូតអូស្ត្រាលី។ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការសហការការងារជាមួយស្ថានទូតអូស្ដាលីឱ្យកាន់តែប្រសើរបន្ថែមទៀត ខណៈដែលកម្ពុជានិងអូស្ត្រាលី យើងមានទំនាក់ទំនងការទូតជាមួយគ្នាជាង៧០ឆ្នាំមកហើយ។
គួរបញ្ជាក់ថា អតីតអគ្គមេបញ្ជាការ អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់) លោកឧត្តមសេនីយ៍ឯក John Murray Sanderson AC និងភរិយា លោកស្រី Lorraine Sanderson នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់តាំងពីថ្ងៃទី ២៣ ខែមេសា ដល់ថ្ងៃទី០២ ខែឧសភា ដើម្បីអបអរខួបទី៣០ឆ្នាំ នៃអ៊ុនតាក់ នឹងជាផ្នែកមួយនៃការអបអរខួបទី៧០ នៃទំនាក់ទំនងការទូតរវាងអូស្ត្រាលី និងកម្ពុជា។
ពាក់ព័ន្ធនឹងអ៊ុនតាក់នេះ ឯកឧត្ដម ឃួង ស្រេង បានសម្ដែងនូវការអរគុណចំពោះអ៊ុនតាក់ ដែលបានខិតខំប្រឹងប្រែងស្វែងរកសន្តិភាពសម្រាប់កម្ពុជា ដោយក្នុងនោះតួអង្គសំខាន់ ដែលរកសន្តិភាពបានពិតប្រាកដសម្រាប់ប្រទេសកម្ពុជានោះ គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕