(Khmer) រដ្ឋបាលរាជធានីភ្នំពេញ បើកអង្គប្រជុំ រិះរកវិធានការធ្វើយ៉ាងណា កាត់បន្ថយឱ្យបាននូវការរីករាលដាលនៃជំងឺគ្រុនឈាម
Published Date: Friday, February 23, 2024, 10:13 AM
(Khmer)
ដោយសារកំណើន អ្នកជំងឺគ្រុនឈាមមានការកើនឡើងគួរអោយព្រួយបារម្ភនោះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកអង្គប្រជុំមួយ ជាមួយនឹងមន្ទីរសុខាភិបាល មន្ទីរពាក់ព័ន្ធ និង អភិបាលខណ្ឌទាំង ១៤ដើម្បីរិះរកវិធានការធ្វើយ៉ាងណាកាត់បន្ថយឲ្យបាននូវការរីករាលដាលនៃជំងឺគ្រុនឈាម។
នៅក្នុងកិច្ចប្រជុំរៀបចំផែនការបាញ់ថ្នាំសម្លាប់មូសនៅតាមមូលដ្ឋាន សង្កាត់ ក្នុងរាជធានីភ្នំពេញ នា រសៀល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ គណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងនូវការកោតសរសើរ និងការអរគុណយ៉ាងជ្រាលជ្រៅចំពោះកងពលតូចលេខ៧០ ដែលតែងតែបានជួយប្រជាពលរដ្ឋលើវិស័យសុខាភិបាលកន្លងមក។
ឯកឧត្ដម ឃួង ស្រេង បន្តថា អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មន្ត្រីរាជការទាំងអស់ត្រូវឈឺឆ្អាលពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយតាមរយៈការងាររបស់យើងកន្លងមកគឺពិតជាបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ។
ឯកឧត្ដម ឃួង ស្រេង បន្តថា តាមរយៈរបាយការណ៍ដែលបានបង្ហាញជម្ងឺគ្រុនឈាមបានកើតគួរឱ្យព្រួយបារម្មណ៍ដែលទាមទារឱ្យយើងគ្រប់គ្នាមានវិធានការដោះស្រាយពិសេសគឺអនុវត្តវិធានការបាញ់ថ្នាំមូសនៅតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងការប្រើប្រាស់ថ្នាំអាបែតសម្លាប់ដង្កូវទឹកជាដើម។
ឯកឧត្ដម ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ត្រូវចុះពិនិត្យមើលមូលដ្ឋានរបស់ខ្លួនពិសេសចំពោះទីតាំងដែលបង្ករលក្ខណៈឱ្យមូសអាចរស់នៅបាន ដើម្បីយើងមានវិធានការកម្ចាត់មូសទាំងនោះចោល។ មន្ទីរសុខាភិបាល ត្រូវតែដើរតួយ៉ាងសំខាន់ក្នុងការធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅលើវិស័យសុខាភិបាល ពោលគឺធ្វើយ៉ាងណាកុំឱ្យជម្ងឺគ្រុនឈាមនេះកើនឡើងថែមទៀត។
លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា នៅ៦ សប្តាហ៍កន្លងមកនេះ ជំងឺគ្រុនឈាមបានឆ្លងរាលដាលចំនួន១០០០នាក់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។
ជុំវិញបញ្ហានេះ ក្រោយពីមានការណែនាំពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសុខាភិបាល និងបែងចែកក្រុមការងារជា៤ក្រុមដើម្បីបាញ់ថ្នាំសម្លាប់សត្វមូស ដោយដំបូងនេះ យើងនឹងបាញ់ថ្នាំសម្លាប់មូលនៅខណ្ឌចំនួន៤ នោះមានខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោនិងខណ្ឌកំបូល ដោយចាប់អនុវត្តកិច្ចការងារនេះ ចាប់ពីថ្ងៃស្អែកនេះទៅ៕