Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ...

(Khmer) ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងប្រដាប់អាវុធ អនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត ជុំវិញការហាមមិនឱ្យបើកការ៉ាអូខេ និងក្លឹបកំសាន្ត

Published Date: Tuesday, November 02, 2021, 8:19 AM

(Khmer)

img211218 img211216

 

 

 

 

 

           ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ដោយជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងប្រដាប់អាវុធទាំង​អស់ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត ជុំវិញវិធានការ នៃការហាមមិនឱ្យបើកអាជីវកម្ម ការ៉ាអូខេ និងក្លឹបកំសាន្ត នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បើទោះបីអាហារដ្ឋាន ប៊ៀហ្គាឌិនត្រូវបាន​បើក​ឱ្យ​ដំណើរការជាប្រក្រតីឡើងវិញក៏ដោយ។

            ការដាក់នូវបទបញ្ជានេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំស្ដីពីការជំរុញ ការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីផ្ដល់ជូនបងប្អូន ប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញ ដែលត្រូវការវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ តាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) នាល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។

            ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលបានបើកប្រទេសឱ្យដំណើរការឡើងវិញលើគ្រប់វិស័យហើយ ប៉ុន្តែចំពោះក្លឹបកំសាន្ត និងខារ៉ាអូខេ គឺមិនអនុញ្ញាតឱ្យបើកដំណើរការនោះទេ ពោលគឺឱ្យបើកដំណើរការតែភោជនីយដ្ឋាន និងបៀរហ្គាឌិន ប៉ុណ្ណោះ។ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងពាក់ព័ន្ធត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះការលួចបើកក្លឹបកម្សាន្ត និងខារ៉ាអូខេ ដោយសារទីតាំងពីរនេះ មានហានិភ័យខ្ពស់បំផុតនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

            ពាក់ព័ន្ធទៅនឹងការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ទោះបីជាប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ទទួលបាននូវការចាក់វ៉ាក់សាំងបានច្រើនលើសផែនការយ៉ាងណាក្តី ក៏នៅមានបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនទាន់ទទួលបានការចាក់វ៉ាក់សាំងផងដែរ ហើយអ្នកមិនទាន់ទទួលបានការចាក់វ៉ាក់សាំងនេះភាគច្រើន គឺជាប្រជាពលរដ្ឋដែលមានអាយុច្រើន ចាស់ជរា និងស្ត្រីពរពោះឆ្លងទន្លេជាដើម។ ជុំវិញបញ្ហានេះ ឯកឧត្តម ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌ ពិសេសមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រូវរៀបចំអនុវត្តការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានល្អ ខណៈដែលពួកគាត់ទៅទទួលការចាក់វ៉ាក់សាំង ។

            ឯកឧត្តម  ឃួង ស្រេង បានបន្ថែមទៀតថា ប្រមុខរាជរដ្ឋាភិបាល បានសម្តែងនូវការកោតសរសើរ និង អរគុណយ៉ាងខ្លាំង ចំពោះអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ កងទ័ពអាវស លោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នារយៈពេលកន្លងមកនេះ។ ដូច្នេះ អាជ្ញាធរ កម្លាំងពាក់ព័ន្ធទាំងអស់ ត្រូវបន្តអនុវត្តកិច្ចការងារនេះឱ្យកាន់តែល្អប្រសើរថែមទៀត ដោយសារថា យើងជិតទទួលបានជោគជ័យទាំងស្រុងហើយ ជុំវិញការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះ។

ជាមួយនឹងការដាក់ឱ្យដំណើរការប្រទេសឡើងវិញនេះ ឯកឧត្តម  ឃួង ស្រេង ក៏បានជំរុញឱ្យអាជ្ញាធរខណ្ឌកងកម្លាំងពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំសណ្ដាប់ធ្នាប់ឱ្យបានល្អប្រសើរផងដែរ ពិសេសការរៀបចំចិញ្ចើមផ្លូវ ការគ្រប់គ្រង ការទុកដាក់សំរាមឱ្យបានល្អ ព្រោះការបើកឱ្យដំណើរការប្រទេសឡើងវិញ វានឹងធ្វើចរាចរណ៍កកស្ទះ ដែលនេះ ជាបញ្ហាប្រឈមដែលយើងត្រូវដោះស្រាយឱ្យបានល្អប្រសើរ៕

img211217 img2112111 img211212 img211215 img2112110 img211219 img211211 img211214 img211216 img211213